ដោយៈសុផល/ភ្នំពេញ៖សហគ្រិនខ្មែរនាពេលថ្មីៗនេះបានរួមគ្នាបង្កើតកម្មវិធីសិក្ខាសាលាមួយស្ដីអំពីខ្មែរគាំទ្រផលិតផលខ្មែរដើម្បីបង្ហាញអំពីដំណើរការអាជីវកម្មនាំយកផលិត ផលពីសហគមន៍មកលក់នៅលើទីផ្សារនិងចែករម្លែកបទពិសោធន៍ជោគជ័យ បញ្ហាប្រឈម និងវិធីសាស្ត្រផ្សេងៗដែលជួយដល់អាជីវកម្មដំណើរការបានល្អ។
លោកស្រី ស្រី លក្ខិណា ម្ចាស់សាខាទី៦នៃផ្សារបៃតងស្រស់ បានលើកឡើងថា៖ដោយមើលឃើញអំពីយុទ្ធសាស្ត្រនៅក្នុងទីផ្សារទាក់ទងទៅនឹងការគាំទ្រផលិត ផល ខ្មែរនិងដោយអ្នកស្រីក៏ស្រឡាញ់និងគាំទ្រផលិតផលខ្មែរដែរនោះ ក៏បានចាប់ដៃគូគ្នាជាមួយនឹងផ្សារបៃតងស្រស់ដើម្បីធ្វើការផ្សព្វផ្សាយនិងលក់ ផលិតផលកសិកម្មខ្មែរនៅលើទីផ្សារតែម្តង។
លោកស្រីបានបន្តថា៖ផ្សារបៃតងស្រស់មានផលិតផលជាច្រើនមុខដូចជាត្រី សាច់ បន្លែ ជាដើម សម្រាប់លោកស្រីផ្ទាល់ក៏បានសង្កេតឃើញថាមួយរយៈនេះ គឺមានភ្ញៀវគាំទ្រផលិតផលខ្មែរច្រើនដោយពួកគាត់ចាប់អារម្មណ៍ប្តូរពីការប្រើប្រាស់នូវផលិតផលនាំចូលងាកមកប្រើប្រាស់ផលិតផលក្នុងស្រុកយើងវិញ។អ្វីដែលពិសេសទៅទៀតនោះផ្សារបៃតងស្រស់ក៏បានធ្វើការផ្ទាល់ជាមួយនឹងសហគមន៍ហើយនេះគឺជាផ្នែកមួយដែលអាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើងតាមរយៈការរួមចំណែកនៃការប្រើប្រាស់នូវផលិតផលក្នុងស្រុកហើយលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គាំទ្រដល់ផលិតផលខ្មែរបានច្រើនដើម្បីជាកម្លាំងចិត្តដល់កសិករនិងអ្នកផលិតទាំងអស់បន្តបង្កបង្កើនផលិតផលឲ្យកាន់តែសម្បូរបែបបទថែមទៀតផងដែរ។
លោកស្រីបានបញ្ជាក់ទៀតថារហូតដល់ថ្ងៃទី១៤ខែមីនាមានការបញ្ចុះតម្លៃ១០ភាគរយនៅគ្រប់មុខទំនិញហើយជាមួយគ្នានេះដើម្បីទាក់ទងទៅលើការបើកសាខាទីប្រាំមួយនេះលោកស្រីក៏បានបរិច្ចាគប្រាក់ពីការលក់បាននោះគឺចំនួនប្រាំរយដុល្លារសហរដ្ឋអាមេរិកជូនទៅដល់មន្ទីរពេទ្យគន្ធៈបុប្ផាផងដែរ។
លោក សំ កុសល ស្ថាបនិកប៊ីស៊ីសាច់ខេមបូឌា បានលើកឡើងផងដែរថានេះជាសិក្ខាសាលាមួយដែលយើងរៀបចំយ៉ាងពិសេសដើម្បីប្រមូលអ្នកផលិតនូវ ផលិតផលខ្មែរមកជួបជុំគ្នាហើយយើងនឹងចែករំលែកនូវអ្វីដែលពួកគាត់ត្រូវធ្វើ និងអ្វីដែលពួកគាត់កំពុងតែជួបការលំបាក ហើយសិក្ខាសាលាបែបនេះនឹង រៀបចំនៅពេលជាបន្តបន្ទាប់ទៀត។
នៅក្នុងសិក្ខាសាលានេះដែរ លោកស្រី ធឿន ស្រីនី ម្ចាស់សិប្បកម្មត្រីងៀតស្រីនីបានចែករម្លែកពីពីវិធីសាស្ត្រធ្វើបែបណាទើបផលិតផលត្រីងៀតរបស់លោកស្រី ទទួលបានស្តង់ដារពីក្រសួងកសិកម្មនិងទទួលបានពានរង្វាន់ល្អ។ចំណែកលោកស្រីងីសុវណ្ណធីតាម្ចាស់សហគ្រាសផលិតនំខ្មែរស្វាយអង្គរបានបកស្រាយក្រោមប្រធានបទ តើលោកស្រីមានផលិតផលអ្វីខ្លះ? ហើយអ្វីជាចំនុចពិសេស នៃផលិតផលទាំងនោះ?។ចំពោះលោក មិថុនា ប្រធានផ្នែកលក់នៅ F.Cafe បានចែករម្លែកទៅលើ ហេតុអ្វីបានជា F.Cafe អាចឆក់យកបេះដូងអតិថិជនបានច្រើនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ?៕