ដោយៈបូព៌ព្រឹក្ស,សុផល/ភ្នំពេញៈយោងតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វ កម្ពុជា នៅថ្ងៃទី ១១ ខែមីនាឆ្នាំ២០២២បានបញ្ជាក់ថាយ៉ាងហោច ណាស់ ពីរភាគបីនៃគ្រួសារដែលមានកុមារជាសមាជិក បានបាត់បង់ប្រាក់ចំណូលតាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ដោយយោងតាមរបាយការណ៍សកលថ្មីមួយ បានបោះពុម្ពផ្សាយនៅថ្ងៃនេះដោយយូនីសេហ្វ និងធនាគារពិភពលោក។
ប្រភពដដែលបន្តថា របាយការណ៍ស្ដីពី ផលប៉ះពាល់នៃជំងឺកូវីដ ១៩ ទៅលើសុខុមាលភាពរបស់គ្រួសារដែលមានកុមារជាសមាជិក បង្ហាញនូវរបកគំហើញពីទិន្នន័យដែលបានប្រមូលនៅក្នុងប្រទេសចំនួន ៣៥ រួមទាំងកម្ពុជាផងដែរ។ គួរកត់សម្គាល់ថា គ្រួសារដែលមានកុមារបីនាក់ ឬលើសពីនេះទំនងជាបាត់បង់ប្រាក់ចំណូលច្រើនជាងគេបំផុត ជាងបីភាគបួននៃក្រុមនេះកំពុងតែជួបប្រទះនឹងការធ្លាក់ចុះនូវប្រាក់ចំណូល។ តួលេខនេះគឺធៀបនឹង៦៨% នៃគ្រួសារដែលមានកូនម្នាក់ ឬពីរនាក់។
របាយការណ៍នេះក៏បានកត់សម្គាល់ថា ការបាត់បង់ប្រាក់ចំណូលបានធ្វើឱ្យមនុស្សពេញវ័យនៅក្នុងគ្រួសារមួយក្នុងចំណោមបួនគ្រួសារដែលមានកូនត្រូវអត់អាហារមួយថ្ងៃ ឬច្រើនថ្ងៃ។មនុស្សពេញវ័យស្ទើរតែជិតពាក់កណ្ដាលនៃគ្រួសារដែលមានកុមារជាសមាជិកទាំងនោះ ត្រូវបានរកឃើញថា ខកខានទទួលទានអាហារនៅពេលខ្លះ ដោយសារមូលហេតុខ្វះខាតលុយកាក់ទិញម្ហូបអាហារ។ មនុស្សពេញវ័យប្រហែលមួយភាគបួននៅក្នុងគ្រួសារដែលមាន ឬគ្មានកូន បានរកឃើញថា ឈប់ធ្វើការងារ(ឬគ្មានការងារធ្វើ) ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩។
នៅប្រទេសកម្ពុជា យូនីសេហ្វ កម្មវិធីស្បៀងអាហារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីក៏បានធ្វើការអង្កេតអំពីសេដ្ឋកិច្ចសង្គមពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជាប្រចាំនៃអំឡុងការរាតត្បាតនេះ ដើម្បីពិនិត្យតាមដានផលប៉ះពាល់ទៅលើគ្រួសារងាយរងគ្រោះ។ លទ្ធផលបញ្ជាក់ថា គ្រួសារកម្ពុជាដែលមានកុមារជាសមាជិកទំនងជាបាត់បង់ប្រាក់ចំណូលជាងគ្រួសារដែលគ្មានកុមារ។ គ្រួសារដែលមានកុមារជាសមាជិក ចំនួន ៧៧% បានជួបប្រទះនឹងការបាត់បង់ប្រាក់ចំណូល ធៀបនឹងគ្រួសារដែលគ្មានកុមារជាសមាជិក ចំនួន ៦៨%។ ស្រដៀងគ្នានេះដែរ ៦៩% នៃគ្រួសារដែលមានកុមារបានជ្រើសរើសយុទ្ធសាស្ត្រដោះស្រាយបែបអវិជ្ជមានពាក់ព័ន្ធនឹងរបបអាហារ នៅក្នុងអំឡុងនៃការរាតត្បាតនេះ ដូចជា កាត់បន្ថយបរិមាណអាហារ ឬ ជ្រើសរើសគ្រឿងផ្សំដែលមិនសូវមានជីវជាតិ។
លោកស្រី Foroogh Foyouzat នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានឱ្យដឹងថា “របាយការណ៍ស្រាវជ្រាវសកល និងការសិក្សារបស់យើងផ្ទាល់បង្ហាញថា កុមារបានប្រឈមមុខនឹងការលំបាកខ្លាំងបំផុត ដោយសារការរាតត្បាតនៃជំងឺនេះ”។ “កិច្ចខិតខំគួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ និងក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន តាមរយៈការណែនាំនៃកិច្ចគាំពារសង្គមគ្រប់ជ្រុងជ្រោយ ពិតជាបានសម្រាលនូវផលប៉ះពាល់ ចំពោះកុមារ ប៉ុន្តែមិនបានលុបបំបាត់ផលប៉ះពាល់ទាំងស្រុងនោះឡើយ។ យើងត្រូវពង្រីកសេវាកិច្ចគាំពារសង្គម សម្រាប់កុមារងាយរងគ្រោះបំផុត ដើម្បីផ្ដល់ឱកាសដល់កុមារក្នុងការស្ដារឡើងវិញពីការរាតត្បាតជំងឺនេះ និងទទួលបានការអប់រំ ការថែទាំសុខភាព អាហារូបត្ថម្ភ និងសេវាសង្គមដទៃទៀត ដែលពួកគេសមនឹងទទួលបាន និងដែលពួកគេត្រូវការ សម្រាប់ការធំលូតលាស់។ យើងប្តេជ្ញាចិត្តធ្វើការងារជាប្រព័ន្ធជាមួយរដ្ឋាភិបាល និងដៃគូដទៃទៀត ដើម្បីអនុវត្តការពង្រីកសេវានេះឲ្យចេញជារូបរាងឡើង។”
របាយការណ៍សកលនេះរកឃើញថា កុមារនៅជុំវិញពិភពលោកត្រូវដកហូតនូវសេចក្តីត្រូវការជាមូលដ្ឋាននានានៅក្នុងអំឡុងនៃការរាតត្បាតជំងឺនេះ ដោយកុមារនៃគ្រួសារចំនួន៤០ភាគរយ មិនបានចូលរួមនៅក្នុងទម្រង់ណាមួយនៃសកម្មភាពអប់រំ នៅពេលសាលារៀនបិទទ្វារ។ នៅកម្ពុជា កុមារចំនួន ៥០% គ្មានលទ្ធភាពទទួលបានការរៀនសូត្រតាមប្រព័ន្ធអនឡាញនៅក្នុងអំឡុងការបិទសាលារៀន។ ជាលទ្ធផល ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំវិធានការបំប៉ន ដើម្បីជួយកុមារឱ្យរៀនទាន់គ្នា និងកំពុងធ្វើការងារជាមួយយូនីសេហ្វ ដើម្បីវាយតម្លៃទំហំនៃការបាត់បង់ការរៀនសូត្រ។
Carolina Sánchez-Páramo នាយកសកលផ្នែកភាពក្រីក្រ និងសមធម៌ នៃធនាគារពិភពលោក បានឱ្យដឹងថា “ការរំខានចំពោះការអប់រំ និងការថែទាំសុខភាពសម្រាប់កុមារ រួមជាមួយនឹងការចំណាយថវិកាខ្លួនឯងលើ សុខភាព ដែលជះឥទ្ធិពលលើមនុស្សជាងមួយពាន់លាននាក់ អាចពន្យឺតការអភិវឌ្ឍធនធានមនុស្ស ពោលគឺ កម្រិតនៃការអប់រំ សុខភាព និងសុខុមាលភាព ដែលមនុស្សត្រូវការ ដើម្បីក្លាយទៅជាសមាជិកសហគមន៍ប្រកបដោយផលិតភាព។ “បញ្ហានេះអាចបង្កឱ្យមានកំណើនវិសមភាព សម្រាប់ជំនាន់ខាងមុខ ដែលទំនងជាមិនសូវធ្វើឱ្យកុមារមានភាពល្អប្រសើរជាងឪពុកម្ដាយ ឬជីដូនជីតារបស់ពួកគេឡើយ។”
របាយការណ៍នេះបង្ហាញថា គ្រួសារដែលមានកូនបីនាក់ ឬលើសពីនេះ ទំនងជាក្រុមដែលជួបប្រទះនឹងការបាត់បង់ប្រាក់ចំណូលជាងគេទាំងអស់ ប៉ុន្តែពួកគេក៏ទំនងជាទទួលបានជំនួយពីរដ្ឋាភិបាលជាងគេផងដែរ ដោយ ២៥ភាគរយនៃក្រុមនេះ ទទួលបានកិច្ចគាំទ្រនេះ ធៀបនឹង ១០ភាគរយនៃគ្រួសារដែលគ្មានកុមារជាសមាជិក ។ របាយការណ៍នេះកត់សម្គាល់ថា កិច្ចគាំទ្រនេះបានជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃវិបត្តិនេះទៅលើគ្រួសារដែលទទួលបានកិច្ចគាំទ្រផងដែរ។
របាយការណ៍នេះកត់សម្គាល់ថា មុនពេលមានជំងឺកូវីដ ១៩ កុមារមួយនាក់ក្នុងចំណោមប្រាំមួយនាក់នៅទូទាំងពិភពលោក ពោលគឺកុមារចំនួន ៣៥៦លាននាក់ បានជួបប្រទះនឹងភាពទីទ័លក្រខ្លាំង ដែលសមាជិកគ្រួសាររបស់ពួកគេរស់នៅទាំងលំបាកដោយប្រាក់ចំណាយចំនួនតិចជាង ១,៩០ដុល្លារក្នុងមួយថ្ងៃ។ ជាង ៤០ភាគរយនៃកុមារបានរស់នៅក្នុងភាពក្រីក្រកម្រិតមធ្យម។ ហើយកុមារចំនួនជិតមួយពាន់លាននាក់បានរស់នៅក្នុងភាពក្រីក្រក្នុងទិដ្ឋភាពខុសៗគ្នានៅក្នុងប្រទេសកំពុងអភិវឌ្ឍ នេះជាតួលេខមួយ ដែលបានកើនឡើងចំនួន ១០ភាគរយ ដោយសារការរាតត្បាតនេះ។
ចាប់តាំងពីពេលចាប់ផ្ដើមមានការរាតត្បាតនេះ ប្រទេស ឬដែនដីចំនួនជាង ២០០ បានដាក់ឱ្យអនុវត្តវិធានការកិច្ចគាំពារសង្គមចំនួនរាប់ពាន់ប្រភេទ ហើយធនាគារពិភពលោកបានគាំទ្រថវិកាចំនួនប្រមាណ ១២,៥ពាន់លានដុល្លារដល់ប្រទេសទាំងនោះ ដើម្បីអនុវត្តវិធានការទាំងនោះ ដែលកំពុងគ្របដណ្ដប់មនុស្សជិតមួយពាន់លាននាក់នៅទូទាំងពិភពលោក។ យូនីសេហ្វ និងធនាគារពិភពលោកជំរុញការពង្រីកយ៉ាងឆាប់រហ័សនូវប្រព័ន្ធកិច្ចគាំពារសង្គម សម្រាប់កុមារ និងគ្រួសាររបស់ពួកគេ។ កិច្ចគាំទ្រ ដែលរួមមានការអនុវត្តផ្ទេរសាច់ប្រាក់ និងភាពជាសកលនៃការផ្តល់ប្រយោជន៍ដល់កុមារ គឺជាវិនិយោគយ៉ាងចាំបាច់ ដែលអាចជួយទាញគ្រួសារនានាចេញពីភាពតានតឹងផ្នែកសេដ្ឋកិច្ច និងជួយពួកគេក្នុងការត្រៀមសម្រាប់ការប៉ះទង្គិចនាពេលអនាគត។
គួរបញ្ជាក់ថា របាយការណ៍នេះបានប្រើប្រាស់ព័ត៌មានពីកម្រងមួយនៃការស្ទង់មតិតាមទូរស័ព្ទអំពី ភាពញឹកញាប់កម្រិតខ្ពស់ (ពីប្រទេសចំនួន ៣៥) និងផ្តោតការយកចិត្តទុកដាក់តែម្យ៉ាងលើវិបត្តិចំពោះកុមារប៉ុណ្ណោះ។ នៅក្នុងឯកសារនេះ យើងវិភាគផលប៉ះពាល់ដំបូងនៃវិបត្តិនេះ (ជាមួយនឹងទិន្នន័យនៃការស្ទង់មតិ ដែលត្រូវបានប្រមូលនៅក្នុងអំឡុងពេលចាប់ពីខែ មេសា ដល់ខែកញ្ញា ឆ្នាំ២០២០) ព្រមទាំងការវិវឌ្ឍជាបន្តបន្ទាប់នៃផលប៉ះពាល់របស់វិបត្តិនេះ (ជាមួយនឹងទិន្នន័យនៃការស្ទង់មតិ ដែលត្រូវបានប្រមូលនៅក្នុងអំឡុងពេលចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១)។ យើងផ្ដោតការយកចិត្តទុកដាក់លើសូចនាករសំខាន់ៗប្រកបដោយសុខដុមនីយកម្មអំពីសុខុមាលភាពកុមារ ដែលគ្របដណ្ដប់លើទាំងស្ថានភាពផ្ទាល់ខ្លួនរបស់កុមារ ព្រមទាំងស្ថានភាពរបស់គ្រួសារ ដែលពួកគេរស់នៅជាមួយ៖ (i) ការបាត់បង់ប្រាក់ចំណូល និងការបាត់បង់ការងារ (ii) អសន្តិសុខស្បៀង (គ្រួសាររាយការណ៍អំពី សមាជិកជាមនុស្សពេញវ័យមិនទទួលទានអាហារពេញមួយថ្ងៃ ឬមិនទទួលទានអាហារមួយពេល ដោយសារកង្វះថវិកា/ធនធាន) (iii) កម្មវិធីកិច្ចគាំពារសង្គម (តើគ្រួសារបានទទួលជំនួយណាមួយពីរដ្ឋាភិបាលដែរឬទេ ចាប់តាំងពីពេលចាប់ផ្ដើមមានការរាតត្បាតនេះ) និង (iv) ការអប់រំ (ការចូលរួមនៅក្នុងសកម្មភាពអប់រំ បន្ទាប់ពីការបិទសាលារៀន ដោយសារជំងឺកូវីដ ១៩)។
សូមបញ្ជាក់ថា យូនីសេហ្វធ្វើការងារនៅក្នុងតំបន់ពិបាកបំផុតមួយចំនួនក្នុងចំណោមតំបន់ពិបាកៗបំផុតនៅក្នុងពិភពលោក ដើម្បីគ្របដណ្ដប់ទៅដល់កុមារដែលជួបប្រទះការលំបាកខ្លាំងបំផុត។ នៅទូទាំងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារដើម្បីកុមារគ្រប់រូបនៅគ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកកាន់តែល្អប្រសើរមួយ សម្រាប់មនុស្សគ្រប់រូប៕សរន