​ដោយ​: បូកគោ​/​កំពត​: ថ្នាក់ដឹកនាំ​ខេត្តកំពត បាន​ក្រើនរំលឹក​ដល់​គ្រប់ផ្នែក​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​បញ្ហា​សំរាម កាកសំណល់​ប្លា​ស្ទិ​ក និង​តម្លៃ​ម្ហូប​អារ​ហារ​សម្រាប់​ភ្ញៀវ​ជិត​ឆ្ងាយ​។ ការ​ក្រើនរំលឹក​យ៉ាង​ដូច្នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ នា​ពិធី​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​១០ ក្រោម​ប្រធានបទ​គាំទ្រ​ការបើក​ទេសចរណ៍​កម្ពុជា ធ្វើឡើង​ដោយ​រដ្ឋបាល​ខេត្តកំពត នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត​។​

​លោក​សេង សិរី​បុត្រ អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​កំពត​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ព្រោះ​ខេត្ត​នេះ​ពោរពេញ​ដោយ​ធនធានធម្មជាតិ ពិសេស​ទីតាំង​ភូមិសាស្ត្រ​ល្អ តំបន់​ទេសចរណ៍​សម្បូ​រ​បែប​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ជំរុញ​ដល់​ក្រសួង​ស្ថាន​ប័ន​ជំនាញ​ឱ្យ​បង្កើន​ការរៀបចំ​បរិស្ថាន អនាម័យ​ល្អ ពិសេស​ចលនា​ទីក្រុង​ស្អាត​ដើម្បី​ទាក់ទាញ​ទេសចរ​ឡើងវិញ​បន្ទាប់ពី​ជួប​វិបត្តិ​កូ​វីដ​-១៩​។ ម្យ៉ាងទៀត​ការរៀបចំ​ទីក្រុង​ស្អាត​ចាប់ពីពេលនេះ​ទៅ ជា​ផ្នែក​សំខាន់​ដើម្បី​អបអរសាទរ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ជាការ​កត់សម្គាល់ ក្រោយ​បើក​ប្រទេស​ឡើងវិញ ភ្ញៀវទេសចរ​បានមក​កម្សាន្ត ក្នុង​ខេត្តកំពត​ច្រើន​កុះករ​។ ទន្ទឹមនឹងនោះ ក៏​កើត​មាននូវ​រូបភាព​បែប​អវិជ្ជមាន​មួយចំនួន ដូចជា សំរាម ថង់​ប្លា​ស្ទិ​ក និង​សំណល់​ផ្សេងៗ​ធ្លាក់​ចូលក្នុង​ដងព្រែក បញ្ហា​តម្លៃ​ម្ហូបចំណី​តាម​អាហា​រដ្ឋា​ន ពិសេស​បណ្តា​ហាង​ជាប់មាត់​ព្រែ​កបាន​ឡើងថ្លៃ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​សូម​អាជ្ញាធរ ក៏ដូចជា​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ គិតគូរ​ឱ្យបាន​ហ្មត់ចត់​បំផុត​៕​