​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​អាជ្ញាធរ​មីន លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ Golden West Humanitarian Foundation ដឹកនាំ​ដោយ​លោក សា​តែ​ល ហ្វា​ស ( Shathel Fahs) ទីប្រឹក្សាបច្ចេកទេស ស្តីពី​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​របស់ Golden West Humanitarian Foundation ក្នុងការ​ផ្តល់​ភាពជា​ដៃគូ​ជាមួយនឹង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ចាប់តាំងពី​ឆ្នាំ​១៩៩៨ ក្នុង​នោះបាន​ចូលរួម​ដល់​ការកសាង​សមត្ថភាព និង​ការបណ្តុះបណ្តាល​បច្ចេកទេស​បន្សាប​គ្រឿងផ្ទុះ ហើយ​លោក​ព្រមទាំង​បានស្នើ​សុំ​ឲ្យ Golden West Humanitarian Foundation បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​សកម្មភាព​មីន​ទាំងមូល ដូចជា ការនាំមក​នូវ​បច្ចេកវិទ្យា​ទំនើប ការចូលរួម​បណ្តុះបណ្តាល​តាម​សហគមន៍​ងាយ​រងគ្រោះ អាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​មាន​សមត្ថកិច្ច​តាម​មូលដ្ឋាន តាមរយៈ​ការបញ្ជ្រាប​ចូលក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​យល់ដឹង​អំពី​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​តាម​សហគមន៍ ជាដើម​។​

​សូម បញ្ជាក់ ថា Golden West Humanitarian Foundation និង Platinum East គ្រោង​នឹង​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការបន្ត​ពង្រឹង​ភាព​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ ជាមួយ​អាជ្ញាធរ​មីន ក្នុងនាម​អាជ្ញាធរ​មីន​ជា​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ និង​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ហើយ​បានបង្ហាញ​ពី​បំណង​ជួយ​ដល់​កម្ពុជា​ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​នាំមុខគេ​ក្នុងការ​កសាង​សមត្ថភាព និង​ការបណ្តុះបណ្តាល​បច្ចេកទេស​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​ថ្នាក់​តំបន់ និង​ពិភពលោក ផងដែរ​។ ជាមួយគ្នានេះ អាជ្ញាធរ​មីន បាន​ស្វាគមន៍​ចំពោះ​ការចូលរួម​ក្នុង​ការចុះ​អនុស្សារណៈ​នៃ​ការយោគយល់​រួមគ្នា រវាង អាជ្ញាធរ​មីន និង Golden West Humanitarian Foundation ជាមួយ​ស្ថាប័ន​ដទៃទៀត​ទាំង​ក្នុង និង​ក្រៅប្រទេស ក្នុង​គោលដៅ​ជួយ​ដល់​កម្ពុជា​។​

​លោក ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​ឲ្យ Golden West Humanitarian Foundation ជួយ​បណ្តុះបណ្តាល​ដល់​ក្រុម​ជំនាញ​(QM Team) របស់​អាជ្ញាធរ​មីន សម្រាប់​កិច្ចប្រតិបត្តិការ​ត្រួតពិនិត្យ​គុណភាព​នៅ​ទីវាល​ផងដែរ​៕​