​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន​កាលពី​ថ្ងៃ​សុក្រ​បានផ្តល់​ភ្លើង​ខៀវ​សំរាប់​នាំ​យុទ្ធជន​រាប់ពាន់​នាក់​មកពី​តំបន់​មជ្ឈិមបូព៌ា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​អ៊ុយ​​ក្រែន​។​

​ពូ​ទីន និង​រដ្ឋមន្ត្រី​ការពារជាតិ សឺ​ហ្គេ សយ​ហ្គូ​

​នៅ​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​រុស្ស៊ី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក សឺ​ហ្គេ សយ​ហ្គូ​(Sergei Shoigu)​បាន​និយាយថា មាន​អ្នកស្ម័គ្រចិត្ត​ដល់​ទី​១៦.០០០​នាក់​នៅ​មជ្ឈិមបូព៌ា​ដែល​បាន​ចូលរួម​​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​គាំទ្រ​រុស្ស៊ី​នៅ​តំបន់​ផ្តាច់ខ្លួន​ដុន​បា​ស​(Donbass)​នៅ​អ៊ុយ​ក្រែន​ខាងកើត​រួច​ជា​ស្រេច​ហើយ​។​

​លោកពូ​ទីន​បាន​និយាយថា​«​បើ​អ្នក​មើល​ឃើញ​ថា​មាន​អ្នក​ចង់​មកជួយ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​ដុន​បាស ដោយ​មិន​គិត​លុយ​កាក់ នោះ​យើង​ផ្តល់អោយ​ពួកគេ​អ្វី​ដែល​គេ​ចង់បាន​និង​ជួយ​ពួកគេ​មក​​កាន់​តំបន់​ជម្លោះ​»​។​

​លោក​សយ​ហ្គូ ក៏​បាន​ស្នើ​ថា កាំជ្រួច​ចាវើ​លីន​(Javelin)​និង​ស្ទីង​ហ្គើ​(Stinger)​របស់​លោក​ខាងលិច​ដែល​កងទ័ព​រុស្ស៊ី​រឹបអូស​បាន​នៅ​អ៊ុយ​ក្រែ​នគួរ​ប្រគល់​អោយ​កង​កម្លាំង​ដុន​បា​ស​។​

​លោកពូ​ទីន​បាន​ប្រាប់​លោក​សយហ្គូ​ថា «​អំពី​ការប្រគល់​សព្វាវុធ ជាពិសេស​អាវុធ​ផលិត​នៅ​លោកខាងលិច​ដែល​បាន​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី ខ្ញុំ​គាំទ្រ​ការប្រគល់​វា​ទៅអោយ​កងឯកភាព​ទ័ព​របស់​សា​ធា​រ​​ណ​រដ្ឋ​ប្រជាមានិត​លូ​ហ្កានស៍​(Lugansk)​និង​ដូណិត​ស៍​(Donetsk)»​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​បាន​វាយ​ចូល​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​២៤​កុម្ភៈ បន្ទាប់ពី​លោក​ពូ​ទីន​ទទួលស្គាល់​ទឹកដី​បំបែក​ខ្លួន​ទាំង​ពីរ​នៅ​អ៊ុយ​ក្រែន​ខាងកើត​ជា​រដ្ឋឯ​ករា​ជ្យ ជា​អំពើ​ដែល​ត្រូវបាន​ថ្កោលទោស​ជា​អន្តរ​​ជាតិ​។​តែ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និយាយថា «​ប្រតិបត្តិការ​យោធា​ពិសេស​»​របស់​ខ្លួន​នៅ​អ៊ុ​យក្រែន ជា​ការឆ្លើយតប​ទាំង​បង្ខំចិត្ត​មួយ​ចំពោះ​អំពើ​ប្រល័យពូជសាសន៍​បង្កឡើង​ដោយ​អាជ្ញាធរ​អ៊ុយ​ក្រែនលើ​​ក្រុម​អ្នក​និយាយ​ភាសា​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស និង​បន្ទាប់​ពី​លោកខាងលិច​មិន​អើពើ​នឹង​ការទាមទារ​របស់​រុស្ស៊ី​អោយមាន​ការធានា​សន្តិសុខ​ចំពោះ​ខ្លួន​។​

​នៅ​ថ្ងៃ​សុក្រ​ទី​១១​មីនា​នេះ ការវាយប្រហារ​របស់​រុស្ស៊ី​បាន​ត្រូវ​ចំ​ក្បែរ​អាកាសយានដ្ឋាន​នៅ​អ៊ុយ​ក្រែ​នខាង​លិច​នៅ​ពេល​ប្រតិបត្តិការ​យោធា​រុស្ស៊ី​ពង្រីក ហើយ​ទាហាន​រុស្ស៊ី​បន្ត​ដាក់​សម្ពាធ​លើ​ទីក្រុង​គៀវ​និង​បន្ត​​ឡោមព័ទ្ធ​ទី​ក្រុង​កំពង់ផែ ម៉ា​រី​វ​ប៉ូល​។​

​ការវាយប្រហារ​តាម​អាកាស​លើ​អាកាសយានដ្ឋាន​យោធា​នៅ​ទីក្រុង លុត​ស​ខ៍​(Lutsk)​បណ្តាល​អោយ​ទាហាន​អ៊ុយ​ក្រែន​ស្លាប់​ពីរ​នាក់​និង​របួស​ប្រាំមួយ​នាក់​។​ការវាយប្រហារ​របស់​រុស្ស៊ី​ក៏​ផ្តោតលើ​អាកាស​យាន​​ដ្ឋា​ន​មួយ​នៅ​ក្បែរ​ទីក្រុង អ៊ី​វ៉ាណូ​-​ហ្វ្រង់​គី​អ៊ីវស​ខ៍​(Ivano-Frankiivsk)​។​

​រូបភាព​ផ្កាយរណប​បង្ហាញ​ការឆេះ​នៅ​តំបន់​ឧស្សាហកម្ម​មួយ​នៅ​ទីវាល​ក្បែរ​នោះ​នៅ​ទីក្រុង ឆែរ​នី​ហ៊ី​វ របស់​អ៊ុយ​ក្រែន​ខាងត្បូង​កាលពី​ថ្ងៃ​១០​មីនា​

​រូបភាព​ផ្កាយរណប​ក្នុងពេល​ជាមួយ​ក៏​បង្ហាញ​ក្បួន​យានយន្ត​យោធា​ដ៏​ធំ​របស់​រុស្ស៊ី​នៅក្រៅ​ទីក្រុង​គៀវ​បាន​បំបែកហ្វូង​ចូល​ទៅ​កាន់​ទី​ប្រជុំជន​និង​ព្រៃ​នៅ​ក្បែរៗ​ទីក្រុង​គៀវ ហើយ​កាំភ្លើង​ធំ​បាន​លើក​កាណុង​​បាញ់​។​ការ​ចល័ត​ទ័ព​រុស្ស៊ី​នៅក្រៅ​ទីក្រុង​គៀវ​នេះ​កើតឡើង​ចំពេល​មាន​កិច្ចខិតខំ​អន្តរជាតិ​ដើម្បី​ដាក់​អោយ​រដ្ឋាភិបាល​ក្រុង​មូស្កូនៅ​ឯកោ​និង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី ជា​ពិសេស​ក្រោយ​មាន​ហេតុការណ៍​វាយប្រហារ​​លើ​មន្ទីរពេទ្យ​សម្ភព​មួយ​នៅ​ក្រុង​ម៉ា​រី​វ​ប៉ូល​។​

​អាម៉េរិក​និង​ប្រទេស​ដទៃ​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ​ត្រូវ​ប្រកាស​ដក​ឋានៈ​ប្រទេស​ទទួលបាន​ការអនុគ្រោះ​ពាណិជ្ជកម្ម​បំផុត​(MFN)​ពី​រុស្ស៊ី ដែល​នឹង​នាំ​ដល់​ការយកពន្ធ​ខ្ពស់​ឡើង​សំរាប់​ទំនិញ​រុស្ស៊ី​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែន​និយាយ​ថា​ការឈ្លានពាន​របស់​រុស្ស៊ី​នឹង​នាំ​ផលវិបាក​លើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូគឺ​សេដ្ឋកិច្ច​រុស្ស៊ី​នឹង​ត្រូវ​រឹតក​អោយ​ស្ទះដង្ហើម​ស្លាប់​ដោយសារតែ​ទណ្ឌកម្ម​លោកខាងលិច​។​ទោះជា​យ៉ាង​​ណា​លោក​ពូ​ទី​ន​បាន​ច្រាន​ចោល​ការលើកឡើង​ដូច្នេះ ដោយ​ថា​ប្រទេស​លោក​ធ្លាប់បាន​ជម្នះ​ទណ្ឌកម្ម​ដូច្នេះ​កាលពីមុន​៕