ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្តល់​ថវិកា​សរុប​ចំនួន ៨១៧.៧៥៦ ដុល្លារ​អាម៉េរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន​ពីរ ក្រោម​គ្រោងការណ៍​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល ជប៉ុន​។​

កិច្ចសន្យា​ផ្តល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​១១​ខែមីនា​ឆ្នាំ​២០២២ ដោយ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំងពីរ​។​ជំនួយ​ជាង​៨១​ម៉ឺន​ដុល្លារ​នេះ​សម្រាប់​អនុវត្ត​នូវ​គម្រោង​៖
១. គម្រោងការ​សម្រេច​ឱ្យបាន​នូវ​បរិស្ថាន​រស់នៅ​ប្រកបដោយ​ចីរភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​តាមរយៈ​ការលើកកម្ពស់ និង​អប់រំ​ការយល់ដឹង​អំពី​បញ្ហា​បរិស្ថាន (​ឆ្នាំ​ទី​២) (​ថវិកា​ជំនួយ ១២០ ៤៦១ ដុល្លារ​អាម៉េរិក​)​។​អង្គភាព​ទទួល​ជំនួយ​៖ អង្គ​ការមិន​រកប្រាក់​ចំណេញ Nature Center Risen​។​

​នៅក្នុង​គម្រោង​នេះ អង្គការ Nature Center Risen នឹង​លើកកម្ពស់ និង​បង្កើន​ការយល់ដឹង​ជា​មូលដ្ឋាន​អំពី​បរិស្ថាន នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​ការផ្តល់​សម្ភារៈ និង​ឧបករណ៍​អប់រំ ដើម្បី​កែលម្អ​ចំណេះដឹង​ផ្នែក​បរិស្ថាន​របស់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​។ មិនតែប៉ុណ្ណោះ អង្គការ​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ការអប់រំ​អំពី​បរិស្ថាន ដោយ​សហការ​ជាមួយ​វត្ត​អារាម មណ្ឌល​សុខភាព ក្រសួងបរិស្ថាន​នៃ​ប្រទេស​កម្ពុជា និង​មន្ទីរ​បរិស្ថាន​ខេត្ត​។ តាមរយៈ​គម្រោង​នេះ ប្រជាពលរដ្ឋ​ប្រមាណ​១៣០​នាក់ នឹង​អាច​ដើរតួនាទី​ស្នូល​ក្នុងការ​លើកកម្ពស់ និង​អប់រំ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ទៅលើ​បញ្ហា​បរិស្ថាន​។ គម្រោង​នេះ​រំពឹងថា​នឹង​ជួយ​កែលម្អ​បរិស្ថាន​រស់នៅ​ទូទាំងប្រទេស​កម្ពុជា​។​

២. គម្រោង​លុបបំបាត់​អំពើហិង្សា​លើ​កុមារ​នៅតាម​សាលារៀន​ក្នុង​ខេត្តកំពង់ចាម ប្រទេស​កម្ពុជា (​ឆ្នាំ​ទី ១) (​ថវិកា​ចំនួន ៦៩៧,២៩៥ ដុល្លារ​​)​។​
​អង្គភាព​ទទួល​ជំនួយ​៖ អង្គការ Save the Children Japan​។​នៅក្នុង​គម្រោង​នេះ អង្គការ Save the Children Japan នឹង​អនុវត្ត​សកម្មភាព​លើកកម្ពស់​ការយល់ដឹង​ដល់​កុមារ ឪពុកម្តាយ និង​មន្ត្រី​សាលារៀន បង្កើត​ប្រព័ន្ធ​ការពារ​កុមារ​នៅតាម​សាលារៀន (SBCPM) និង​តស៊ូ​មតិ​សម្រាប់​ការការពារ​កុមារ​នៅតាម​សាលារៀន ក្នុង​គោលបំណង​លុបបំបាត់​អំពើហិង្សា​លើ​កុមារ​នៅក្នុង​សាលារៀន​។ តាមរយៈ​គម្រោង​នេះ សិស្ស​ប្រហែល​១២,០០០​នាក់ និង​គ្រូបង្រៀន​ចំនួន​៤៤០​នាក់​នៃ​សាលារៀន​គោលដៅ នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​បរិស្ថាន​គ្មាន​អំពើហិង្សា​ដែលមាន​សុវត្ថិភាព និង​មាន​លក្ខណៈ​បរិ​យាប​ន្ន​ជាង​មុន ដែល​នឹង​នាំឱ្យមាន​ភាពប្រសើរឡើង​នូវ​ការលូតលាស់​ប្រកបដោយ​សុខភាព​ល្អ និង​សុខុមាលភាព​របស់​កុមារ​។​

​កម្មវិធី​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្តើម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន​។ ចាប់តាំងពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ជាង​៤៩​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន​១៤៧ ដែល​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​បឋមសិក្សា វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​ក្នុងប្រទេស​កម្ពុជា​៕សរន​