ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​កងទ័ពអាកាស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​ទី​១១​មីនា​បាន​ទទួល​យន្តហោះ​ប្រយុទ្ធ​J-10C​ផលិត​នៅ​ចិន​មួយក្រុម​ថ្មី នៅក្នុង​ពិធី​មួយ​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត ដោយមាន​​ការចូលរួម​ពី​មន្ត្រី​មកពី​ភាគី​ទាំងពីរ​។​

​នាយករដ្ឋមន្រ្តីនិងមន្រ្តីប៉ាគីស្ថានរួមទាំងចិនថតពីមុខយន្តហោះ​ប្រយុទ្ធ​J-10C

​យន្តហោះ​ប្រយុទ្ធ​ជាច្រើន​បាន​ហោះ​ពីលើ​ក្បាល​នៅ​ពេល​នាយក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ ( Imran Khan)​ស្វាគមន៍​ការទិញ​សព្វាវុធ​នេះ ។​

​ប៉ា​គី​ស្ថាន​មិន​បាន​បញ្ជាក់ថា​ទិញ​យន្តហោះ​ប្រភេទ​នេះ​ប៉ុន្មាន​គ្រឿង​ពី​ចិន​និង​អស់ប្រាក់​ប៉ុន្មាន​ទេ តែ​កាលពី​មុន​អាជ្ញាធរ​បាន​និយាយថា ខ្លួន​បាន​សុំ​ទិញ​យន្តហោះ​ប្រយុទ្ធ​J-10C​ចំនួន​២៥​គ្រឿង​។​

​ចិន​ជា​សម្ពន្ធមិត្ត​យូរ​មក​ហើយ​របស់​ប៉ា​គី​ស្ថាន​និង​បាន​លក់​យន្តហោះ​យោធា​ជាច្រើន​ស៊េរី​មក​ហើយ​អោយ​រដ្ឋាភិបាល​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាត​។​

​ពិធី​ប្រគល់​យន្តហោះ​ចម្បាំង​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ក្រោយពី​ប៉ា​គី​ស្ថាន​បាន​អះអាងថា កាំជ្រួច​បាញ់​ពី​ដី​ទៅ​ដី​មួយ​ត្រូវ​បាន​បាញ់​ចេញ​ពី​ទឹកដី​ឥណ្ឌា​និង​ធ្លាក់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​បណ្តាល​អោយ​​ខូច​របង​ក្នុង​តំបន់​ប្រជាជន​រស់នៅ​មួយ​។​

​មិន​មាន​ការឆ្លើយតប​ពី​ឥណ្ឌា​ទេ តែ​នៅ​ថ្ងៃ​សុក្រ​នេះ​ប៉ា​គី​ស្ថាន​បាន​កោះហៅ​អ្នកការទូត​ឥណ្ឌា​ម្នាក់​មក​ស្តាប់​ការតវ៉ា​ប្រឆាំង​អំពី​ឧបទ្ទវហេតុ​នេះ​។​

​ដោយ​មិន​និយាយ​ចំឈ្មោះ​ប្រទេស​ឥណ្ឌា ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​សុក្រ លោក​ខាន់​បាន​និយាយថា យន្តហោះ​ផលិត​នៅ​ចិន​នឹង​ដើរតួនាទី​សំខាន់​មួយ​នៅក្នុង​ការកែសម្រួល​តុល្យភាព​សន្តិសុខ​ក្នុង​តំបន់​។​

​សូមបញ្ជាក់​ថា ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​មាន​ប្រវត្តិ​ទំនាក់ទំនង​ជូរចត់​នឹង​គ្នា​ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​ទទួលបាន​ឯករាជ្យភាព​ពី​អង់គ្លេស​។​ពួកគេ​បាន​ធ្វើ​សង្គ្រាម​នឹង​គ្នា​អស់​បី​លើក ដោយ​ពីរ​លើក​ដោយ​​សារ​តែ​តំបន់​កា​ស្មៀ ដោយ​ម្ខាងៗ​អះអាង​កម្មសិទ្ធិ​លើ​តំបន់​នេះ​ទាំងអស់​៕

​ប៉ា​គី​ស្ថាន​បាន​សុំ​ទិញ​យន្តហោះ​ប្រយុទ្ធ​J-10C​ចំនួន​២៥​គ្រឿង​ពី​ចិន​

​ប៉ា​គី​ស្ថាន​បាន​អួត​អំពី​សមត្ថភាព​យន្តហោះ​JF-17 ដែល​ខ្លួន​ផលិត​ក្រោម​ជំនួយ​ពី​ចិន​