ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ថ្លែង​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​បុព្វ​ក​សុ​វា​រី កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមីនា នេះ លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា នៅក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស ដែលជា​បុគ្គល​សំខាន់​នៅក្នុង​ការកំណត់​ទិសដៅ​អនាគត ធានា​រក្សា​ការពារ​សុខសន្តិភាព និង​ភាពសុខសាន្ត​សម្បូរ​សប្បាយ​ជូន​ប្រទេសជាតិ និង​ប្រជាជន យើង​អាច​មើលឃើញថា សម្តេច​តេ​ជោ គឺជា​ឥស្សរជន​ដែល​លេចធ្លោ​ជាងគេ ក្នុងនាម​ជា​អ្នកនយោបាយ​ប្រកបដោយ​បទពិសោធន៍​លើសលប់ និង​ចក្ខុវិស័យ​ខ្ពង់ខ្ពស់ ដែល​បានបង្ហាញ​នូវ​ស្នាដៃ និង​លទ្ធផល​ជាក់ស្តែង​ជាច្រើន​នៅក្នុង​ដំណាក់កាល​ផ្សេងៗ​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ទាំង​លើ​ការរំដោះ​ជាតិ ការកសាង​ការពារជាតិ និង​ការអភិវឌ្ឍ​ជាតិ ដោយ​ខុសស្រឡះ​ពី​អ្នកនយោបាយ​អគតិ​មួយចំនួន ដែល​មិន​ធ្លាប់​បានធ្វើ​អ្វី​សោះ ក្រៅតែពី​ការ​ញុះញង់​អុចអាល បង្ក​ភាព​រើសអើង និង​ការ​ស្អប់ខ្ពើម​នៅក្នុង​សង្គមជាតិ​ខ្លួនឯង​។



​មេបញ្ជាការ​កងទ័ពជើងគោក បាន​ពន្យល់​ប្រាប់​ប្រជាពលរដ្ឋ​ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា ឬ​បណ្តា​ប្រទេស​នានា​លើ​សាកលលោក ការលេចឡើង​នូវ​អ្នកដឹកនាំ​ដែល​ត្រូវ​ទទួល​កាន់ចង្កូត​នាវា​ប្រទេសជាតិ គឺអាច​នឹងមាន​បេក្ខជន​ច្រើន ដូចនឹង​ការរីកដុះដាល​ស្អេកស្កះ​នៃ​រុក្ខជាតិ​ផ្សិត​ក្នុង​រដូវភ្លៀង​ធ្លាក់ ដែល​ក្នុងនោះ​មាន​ផ្សិត​ខ្លះ​ពោរពេញ​ដោយ​ជីវជាតិ​ផ្តល់ឱ្យ​អ្នក​ហូប​ទទួលបាន​សុខភាព​ល្អ ហើយក៏​អាចមាន​ផ្សិត​ខ្លះទៀត​ជា​ផ្សិត​ពុល​អាច​បង្ក​ជំងឺ ឬ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ក៏​ថា​បាន​។ ដូច្នេះ​ការជ្រើសរើស​ឱ្យបាន​ត្រឹមត្រូវ គឺមាន​តែ​ពឹង​ទៅលើ​ការពិចារណា​ឱ្យបាន​ហ្មត់ចត់​ល្អិតល្អន់​តាមរយៈ​មេរៀន បទពិសោធន៍ ឬ​លទ្ធផល​ស្រាវជ្រាវ​ពិសោធន៍​ជាក់ស្តែង​ដែល​យើង​ធ្លាប់បាន​ឆ្លងកាត់​ផ្ទាល់ ឬ​អ្នកដទៃ​ចែករំលែក​ឱ្យបាន​ដឹង​និង​ស្គាល់​តែប៉ុណ្ណោះ​។​

​ជាមួយគ្នានេះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​សំណង់​ព្រះវិហារ​ថ្មីៗ និង​សមិទ្ធផល​នានា​ជាច្រើន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដែល​ត្រូវបាន​កសាង​ឡើងជា​បន្ត​បន្ទាប់ នៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ​នេះ ក៏ដូចជា​នៅ​ទូទាំងប្រទេស ដែល​ស្របទៅនឹង​ស្ថានភាព​រួម​នៃ​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ​ទាំងមូល ជាពិសេស​ជីវភាព​រស់​នៅ​កាន់តែ​ល្អប្រសើរ​របស់​ប្រជាពលរដ្ឋ​យើង​។ ជាក់ស្តែង​ណាស់ នៅក្រោយ​គំនរ​ផេះផង់​បន្សល់ទុក​ដោយ​របប​ប៉ុលពត រហូតមកដល់​សព្វថ្ងៃ​នេះ កម្ពុ​ជាមាន​វត្ត​ព្រះពុទ្ធសាសនា​ជាង ៥ ០០០ វត្ត​ទៅហើយ ជាការ​បញ្ជាក់បាន​ថា ការរីកចម្រើន​របស់​ផ្នែក​ពុទ្ធចក្រ គឺ​អាស្រ័យ​ទាំងស្រុង​ទៅនឹង​កត្តា​ដឹកនាំ​ខាង​ផ្នែក​អាណាចក្រ ដូចដែល​គណបក្ស​ប្រជាជន​កម្ពុជា​ខិតខំ​សម្រេចបាន​ក្នុង​រយៈពេល​ជាង ៤០ កន្លងមកនេះ​។ បើ​មានការ​ដឹកនាំ​ខុស គឺ​វិស័យ​សាសនា និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការគោរព​ប្រតិបត្តិ​សាសនា នឹងត្រូវ​រលាយបាត់​បង់​។

​វត្ត​បុព្វ​ក​សុ​វា​រី ហៅ​វត្ត​ជី​ទ្រុ​ន ស្ថិតក្នុង​នៅ​ភូមិ​ជី​ទ្រុ​ន ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ៕សរន