ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​លី​ក​កំពូល​ទាំង​៥​របស់​អឺរ៉ុប​វិលត្រឡប់​មក​វិញ​នៅ​ចុង​សប្តាហ៍​នេះ​ក្រោយ​ការប្រកួត​ដ៏​មមាញឹក​កាលពី​ពាក់កណ្តាល​សប្តាហ៍​ក្នុង​ក្របខ័ណ្ឌ​ដណ្តើម​ជើងឯក​​អឺរ៉ុប​។ សម្រាប់​ជំនួប​ពិសេស​ប្រចាំ​សប្តាហ៍​គឺ​រវាង​ក្រុម​បិសាច​ក្រហម Manchester Utd និង​ក្រុម​មាន់​ខ្នាយ​មាស Tottenham នៅ​កីឡដ្ឋាន Old Trafford នៅ​ថ្ងៃ​សៅរ៍​ក្នុង​ក្របខ័ណ្ឌ EPL ។ Liverpool ដែល​លេង​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នៅ​ទឹកដី​របស់ Brighton ក៏​សង្ឃឹម​ឈ្នះ​ខ្ពស់​ផងដែរ​ដើម្បី​ប្រដេញ​តាម​ពិន្ទុ Man City​។

​នៅ​លី​ក​ដទៃ​ទៀត​ក៏​មាន​ជំនួប​គូ​សំខាន់ៗ​ផងដែរ ហើយ​សុទ្ធសឹង​ជា​ក្រុម​រំពឹង​ទទួលបាន​៣​ពិន្ទុ ក្នុងនោះ​រួមមាន Bayern, Dortmund, Leipzig, Sevilla, Barcelona, Real Madrid, PSG, AC Milan និង Lazio​។

​យើង​នឹង​លើកយក​២​គូ​ក្នុង​ក្របខ័ណ្ឌ EPL មក​វិភាគ​ជូន​ដូចខាងក្រោម ៖

– [13] Brighton vs Liverpool [2]

Liverpool បាន​រួចផុត​ពី​ការប្រកួត​ដ៏​តឹងតែង​បំផុត​ទល់នឹង West Ham កាលពី​ចុង​សប្តាហ៍​មុន​នៅឯ​កីឡដ្ឋាន Anfield នៅពេលដែល​មួយ​គ្រាប់​របស់​កីឡាករ សា​ឌី​អូ ម៉ា​ណេ ជួយ​ឱ្យ​ហង្ស​ក្រហម​ឈ្នះ ១-០​។​

​ក្រុម​ហង្ស​ក្រហម​មាន​តែ ៦ ពិន្ទុ​ប៉ុណ្ណោះ​ដេញ​តាម​ពីក្រោម​ក្រុម​មេឃ​ខៀវ Manchester City ដែល​ឈរ​នៅលើ​កំពូល​តារាង Premier League ដោយ​មាន​មួយ​ប្រកួត​ក្នុង​ដៃ នេះ​មានន័យថា ការ​ប្រជែង​ពាន​គឺ​បើកចំហ ខណៈ​សល់​១០​ប្រកួត​ទៀត​នឹង​ចប់​រដូវ​កាល​នេះ​។​

​កូនក្រុម​របស់លោក ជួ​ហ្គិន ក្លប់ ក៏​រវល់​ផង​ដែរ​កាលពី​ពាក់កណ្តាល​សប្តាហ៍ នៅពេលដែល​ពួកគេ​ចាញ់ ០-១ នៅផ្ទះ​ខ្លួនឯង​ក្រោម​ថ្វីដៃ​ម្ចាស់​ជើងឯក​អ៊ីតាលី Inter Milan ក្នុងជំនួប​ជើង​ទី​ពីរ​នៃ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ក្នុង UEFA Champions League ។​

​ខណៈ​ក្រុម​ហង្ស​ក្រហម​បានបង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​ទល់នឹង​ក្រុម​អ៊ីតាលី​ដែល​មាន​គ្នា​១០​នាក់​ក្នុងឱកាស​នោះ ក្រុម Liverpool នៅតែ​អាច​ឡើងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដោយសារ​ទទួល​ជ័យជម្នះ ០-២ ក្នុង​ជើង​ទីមួយ​នៅ​ទឹកដី​អ៊ីតាលី​។​

​កូនក្រុម​របស់លោក​ក្លប់​នឹង​សម្លឹង​បន្ត​ជ័យជម្នះ​របស់​ពួកគេ​នៅក្នុង​ក្របខ័ណ្ឌ Premier League នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ នៅ​ពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​កីឡដ្ឋាន The AMEX ដើម្បី​តតាំង​ជាមួយ​ក្រុម​កំពុង​ធ្លាក់​ជើង Brighton ក្នុង​ការប្រកួត​ជុំ​ទី ២៩ ។​

Brighton បាន​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី ១៣ ក្នុង​តារាង​លី​ក បន្ទាប់​ពី​ចាញ់​ការប្រកួត​ក្នុង​លី​ក ៤ ដង​ជាប់ៗ​គ្នា​។​

​បរាជ័យ​ចុងក្រោយ​បំផុត​បាន​កើត​ឡើង​កាលពី​ប្រាំពីរ​ថ្ងៃ​មុន នៅពេលដែល​ពួកគេ​របូត​គ្រាប់​បាល់​ភ្លាមៗ​២​គ្រាប់​បើកឆាក ក្នុង​បរាជ័យ ២-១ នៅ​ទឹកដី​របស់​ក្រុម Newcastle United ។​

​កូនក្រុម​របស់លោក ហ្គ្រា​ហាម ផុត​ធឺ បាន​ស៊ុត​បញ្ចូល​ទី​បាន​តែ​មួយ​១​ប៉ុណ្ណោះ​ក្នុង​ការប្រកួត​លី​ក​ចំនួន ៤ លើកចុងក្រោយ ដោយ​របូត​វិញ​ជា​មធ្យម​២​គ្រាប់​ក្នុង​ប្រកួត​នី​មួយៗ​។​

Liverpool តែងតែ​មាន​ប្រវត្តិ​តឹង​ជាមួយ Brighton ដោយ​ជួប​គ្នា​៤​លើកចុងក្រោយ​ហង្ស​ក្រហម​ឈ្នះ​តែ​ម្តង​គត់​។ ដោយហេតុនេះ យើង​រំពឹង​ហង្ស​ក្រហម​យកឈ្នះ​ថ្ងៃនេះ ប៉ុន្តែ​ក្នុង​លទ្ធផល​ប្រកៀក​ប្រកិត ២-១​។

– [5] Manchester Utd vs Tottenham [7]

​កៅអី UEFA Champions League រដូវ​កាល​ក្រោយ​អាច​នឹង​របូត​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ នៅពេលដែល Manchester United ទទួលភ្ញៀវ​ឡើង​ជើង Tottenham ក្នុង​ការប្រកួត​ជុំ​ទី​២៩ ក្នុង​ក្របខ័ណ្ឌ Premier League ។​

​ក្រុម​ទាំង​ពីរ​នឹង​ឈាន​ចូល​ការប្រកួត​នេះ​ទាំង​មាន​អារម្មណ៍​ផ្ទុយគ្នា​ស្រឡះ​។ ក្រុម​បិសាច​ក្រហម​លេង​មិន​ល្អ​នោះ​ទេ​មួយរយៈ​ចុងក្រោយ​នេះ​។​

​ពួកគេ​បាន​បន្ត​ទម្រង់​លេង​អន់​ជាមួយនឹង​ការ​ចាញ់​ក្រុម​គូប្រជែង​ដ៏​ជូរ​ចត់ Manchester City ក្នុង​លទ្ធផល ៤-១ កាលពី​ថ្ងៃ​អាទិត្យ​នៅ​កីឡដ្ឋាន Etihad​។​

Manchester United ពេល​នេះ​លេង​មិន​ឈ្នះ​ក្នុង​ការប្រកួត Premier League បី​ប្រកួត​ជាប់ៗ​គ្នា ដែល​ធ្វើឱ្យ​ពួកគេ​ខ្ទាត​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​ក្នុង​តារាង​ពិន្ទុ​។​

​កូនក្រុម​របស់លោក រា​ហ្វ រេ​ង​និក ឥឡូវ​នេះ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី ៥ ដោយមាន​១​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ ៤ Arsenal ដែលមាន​៣​ប្រកួត​ក្នុង​ដៃ​។​

​ការប្រកួត​ប៉ះ​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur គឺជា​ឱកាស​ចុង​ក្រោយ​មួយ​សម្រាប់​លោ​ករេង​និក​និង​កូនក្រុម​របស់គាត់ ប្រសិន​បើ​ពួកគេ​ចង់បាន​កៅអី Champions League នៅ​រដូវ​កាល​ក្រោយ​។​

Spurs មាន​២​ពិន្ទុ​តាម​ពីក្រោយ​បិសាច​ក្រហម​ក្នុង​តារាង​លី​ក ប៉ុន្តែ​ពួកគេ​ក៏មាន​២​ប្រកួត​ក្នុង​ដៃ​ផង​ដែរ​។​

​កូនក្រុម​របស់លោក អង់​តូ​នីញ៉ូ កុង​តេ នឹង​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Old Trafford ដែល​ទាំង​មាន​ទឹកចិត្ត​ខ្ពស់ បន្ទាប់ពី​បាន​យកឈ្នះ​លើ​ក្រុម Everton ក្នុង​លទ្ធផល ៥-០ ក្នុង​ការប្រកួត​ចុងក្រោយ​បំផុត​ក្នុង​លី​ក​កំពូល​អង់គ្លេស​។​

​ខ្សែប្រយុទ្ធ​ហារី ខេន​បានបញ្ជាក់​ពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គេ​ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​ទីក្រុង​ឡុង​ដ៍​។ ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​អង់គ្លេស​រូបនេះ​គួរតែ​អាច​រក​គ្រាប់​បាល់​បាន​ជាថ្មី​ម្តងទៀត ព្រោះ​ខ្សែការពារ United ធ្លាយ​គ្រាប់​បាល់​ច្រើនណាស់​នៅក្នុង​ទឹកដី​ខ្លួនឯង​។​

​ត្បិត​បិសាច​ក្រហម​មាន​ប្រវត្តិ​ល្អ​ជាមួយ Spurs ក៏​ប៉ុន្តែ​ផ្អែក​លើ​ទម្រង់​លេង​យ៉ាប់យ៉ឺន​របស់ Man U ឥឡូវនេះ ពួកគេ​មិន​ងាយ​នឹង​យកឈ្នះ​លើ Spurs បានទេ​។ លទ្ធផល​ព្យាករណ៍ Tottenham ឈ្នះ ១-០៕

​បិសាច​ក្រហម​ទំនង​មិន​អាច​យកឈ្នះ​លើ Spurs នៅ​ថ្ងៃ​សៅរ៍​នេះ​បានទេ