ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុម និង កំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរ។ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីត្រូវសម្រុកឱ្យបានពេញទីនោះផ្លែផ្កាល្អៗតែងហុចមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្ជ្រោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរិ៍្តឈ្មោះឥតអំពើ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។អំឡុងពេលនេះលោកអ្នកត្រូវពុះពារផលលំបាកច្រើនបន្តិចទើបអាចឆ្លងចូលដល់ពេលវេលាគ្រាន់សុខស្រួលខ្លួននៅគ្រាខាងមុខបន្តិចវិញ។ដោយឡែកនៅថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកបានងើបប្រសើរឡើងវិញមិនថាជាកិច្ចការងារ ឬ ប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹង និង ភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះក្រុមមនុស្សអាចនិយាយមិនល្អដល់លោកអ្នក ម្ល៉ោះហើយបើចេះធ្វើគធ្វើថ្លង់ និងធ្វើមិនដឹងមិនលឺខ្លះក៏ល្អដែរ។ការប្រកបការងាររបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ហើយកំពុងមានភាពសុខដុមគួរសម។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនឬពីចម្ងាយដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំថោះ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយទាំងស្ត្រីបុរសចូរប្រយ័ត្នបញ្ហាសុខភាព និងបញ្ហាទំនាស់ទាស់ទែងព្រោះថាមិនទាន់ឆ្លងផុតផលអាក្រក់នៅឡើយទេ។
ទាំងស្ត្រីបុរសលោកអ្នកគប្បីរួសរាន់បំពេញការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសលោកអ្នកមានបញ្ហាភ្លឺថ្លា ម្ល៉ោះហើយទោះធ្វើអ្វីតែងចម្រើនលូតលាស់និងហុចជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះការប្រកបការងារគឺលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ហើយធ្វើអ្វីៗក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូល ប៉ុន្តែការចំណាយមានខ្ពស់និងធូរណាស់។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងគ្នាច្រើនចូរប្រយ័ត្នឈានដល់ផ្លូវបំបែកណាមួយព្រោះតែចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសមិនត្រូវជឿពាក្យសម្តីក្រុមមនុស្សពេកឡើយ ប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួន។ដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងមានជោគជ័យត្រឡប់មកវិញគ្រាន់កក់ក្តៅ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីកដុះដាលយឺតណាស់ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។
សម្ព័ន្ធស្នេហា កំលោះក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តីមានការប្រឆាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសលោកអ្នកត្រូវយកចិត្តទុកដាក់ដល់មនោសញ្ចេតនាស្វាមី ភរិយាខ្លះផងដើម្បីចៀសវាងនូវការកើតរកាំរកូសនិងបញ្ហាមិនចេះចប់មិនចេះហើយ។នៅថ្ងៃនេះឃើញថាទោះលោកអ្នកធ្វើអ្វីក៏ដោយតែងមានក្រុមមនុស្សជួយជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពលូតលាស់ទៅមុខ ហើយបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងផងគាប់ប្រពៃ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ដោយសារដួងរាសីដាំក្បាលចុះ ដូចនេះបញ្ហាខ្លះអាចប្រែប្រួលពីល្អមកអាក្រក់ច្រើន ហើយរឿងរាវខ្លះអាចប្រែក្រឡាស់ពីបាតុដៃទៅជាខ្នងដៃទៀតផង។ដូចនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែង និង ត្រៀមទប់ទល់ជាការប្រសើរបំផុត។ការប្រកបការងារមានបញ្ហាប្រទាំងប្រទើសចូរប្រយ័ត្នកើតបញ្ហាជម្លោះវិវាទណាមួយកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កជម្លោះ ឬ លោភលន់អ្វីឡើយបើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺត ហើយ ងាយថយក្រោយណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះត្រូវចេះគ្រប់គ្រងអារម្មណ៍ និង គំនិតធ្វើអ្វីមួយពីព្រោះថាងាយភ្លាំងភ្លាត់ និងកើតជាបញ្ហាជាងសព្វមួយដង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕
ឆ្នាំរកា
រាសីស្រុតចុះ។
ក្នុងពេលនេះសុខភាពលោកអ្នកងាយមានបញ្ហាជាងសព្វមួយដង ម្ល៉ោះហើយចូរប្រយ័ត្នកើតរឿងរាវធ្លាក់ខ្លួនឈឺដោយប្រការណាមួយ។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារតែងមានបញ្ហារាំងស្ទះ ហើយពិសេសអាចមានទាស់សម្តីជាមួយអ្នកនៅក្បែរខ្លួនបន្តិចបន្តួចផង។អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការបង្កការថ្នាំងថ្នាក់ និង មានការនឿយណាយផ្លូវចិត្តច្រើន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គនានាបានចាកចេញឆ្ងាយ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងភ្លឺថ្លានិងមានជោគជ័យត្រឡប់មកវិញ។លោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។
រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹក និងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយចូរចេះពិនិត្យពិច័យ និងពិចារណាឱ្យបានម៉ត់ចត់ទើបគ្មានបញ្ហាចោទឡើង ។កិច្ចការតូចធំរបស់លោកអ្នកហាក់ថយក្រោយ ម្ល៉ោះហើយឱ្យប្រយ័ត្នការងារសំខាន់ៗពីព្រោះថាងាយជួបនូវគ្រោះខូចខាត និងគេទម្លាក់ទុកឱ្យណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕