ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​រុស្ស៊ី​ពីរ​រូប​និង​អង្គភាព​ចំនួន​បី ដោយសារតែ​ការគាំទ្រ​របស់​គេ​ចំពោះ​កម្មវិធី​សព្វាវុធ​របស់​កូរ៉េខាងជើង​។​

​វិធានការ​នេះ​ត្រូវបាន​ប្រកាស​ឡើង​បន្ទាប់ពី​ក្រសួង​ការពារជាតិ​អាម៉េរិក​ចេញផ្សាយ​ការ​វាយ​តំលៃ​ផ្នែក​ស៊ើបការណ៍​ដែលថា​ការបាញ់​បង្ហោះ​ថ្មីៗ​ចំនួន​ពីរ​របស់​កូរ៉េខាងជើង​ជាការ​សាកល្បង​ប្រព័ន្ធ​កាំ​ជ្រួច​​ផ្លោង​ឆ្លង​ទ្វីប​ថ្មី​មួយ​។​

​ទណ្ឌកម្ម​នេះ​ផ្តោតលើ​«​បណ្តាញ​បុគ្គល​នៅ​រុស្ស៊ី​មួយ និង​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការជួយ​កូរ៉េខាងជើង​អោយ​ទទួលបាន​ផ្នែក​ផ្សំ​(​បង្គំ​)​សំរាប់​ប្រព័ន្ធ​កាំជ្រួច​ផ្លោង​ខុស​ច្បាប់​របស់​ខ្លួន​» នេះ​បើ​តាម​អនុ​រដ្ឋមន្ត្រី​​រតនាគារ​អាម៉េរិក​ទ​ទួល​បន្ទុក​ភេរវកម្ម​និង​ចារកម្ម​ហិរញ្ញវត្ថុ​លោក ប្រាយ​អឹន ណែ​ល​សុន​(Brian Nelson)​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​។​

​វា​ក៏​បាន​និយាយថា​« ភាគច្រើន​នៃ​សកម្មភាព​នេះ​ក៏​រំលោភ​បំរាម​របស់​អង្គការសហប្រជាជាតិ​ចំពោះ​កូរ៉េខាងជើង​»​។​

​សូមបញ្ជាក់​ថា កូរ៉េខាងជើង បាន​ធ្វើ​ការសាកល្បង​សព្វាវុធ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ដើមឆ្នាំ​២០២២ ដោយ​បាន​អះអាង​ថា​ក្នុងចំណោម​ការសាកល្បង​ចំនួន​ពីរ​កាលពីពេល​ថ្មីៗ​គឺ​ដើម្បី​អភិវឌ្ឍ​ផ្កាយរណប​។​​តែ​លោក​ណែ​ល​សុន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​កូរ៉េខាងជើង​បន្ត​បាញ់​កាំជ្រួច​ផ្លោង​ដោយ​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ច្បាស់ក្រឡែត ដោយ​បង្ក​ការ​គំរាម​ធំធេង​មួយ​ចំពោះ​សន្តិសុខ​តំបន់​»​។​

​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​និយាយថា ការបាញ់​បង្ហោះ​កាលពី​ថ្ងៃ​២៦​កុម្ភៈ​និង​៦​មីនា ជា​ការរំលោភ​ធ្ងន់ធ្ងរ​មួយ​។​

​ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ពន្ធមិត្ត​អឺរ៉ុប​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​បាន​ខកខាន​ក្នុងការ​ទាក់ទាញ​អោយ​ចិន​និង​រុស្ស៊ី​គាំទ្រ​អត្ថបទ​មួយ​ដែល​បញ្ជាក់​ថា​កូរ៉េ​​ខាងជើង​រំលោភ​លើ​សេចក្តីសំរេចចិត្ត​របស់​អង្គការសហប្រជាជាតិ​អំពី​បច្ចេកវិទ្យា​កាំ​ជ្រួច​។​

​ទោះជា​រង​ទណ្ឌកម្ម​អន្តរជាតិ​យ៉ាងណា​ដោយសារ​តែ​សព្វាវុធ​នុយក្លេអ៊ែរ​និង​កម្មវិធី​កាំជ្រួច​របស់ខ្លួន ក៏​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​មិន​អើពើ​សំណើសុំ​ចរចា​ពី​អាម៉េរិក​ចាប់តាំងពី​កិច្ចពិភាក្សា​ថ្នាក់ខ្ពស់​រវាង​​មេដឹកនាំ​កូរ៉េខាងជើង​និង​ប្រធានាធិបតី​អាម៉េរិក​នាពេល​នោះ​លោក ដូ​ណា​ល់ ត្រាំ បាន​ដួលរលំ​នៅ​ឆ្នាំ​២០១៩​។​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​បញ្ជាក់​ហើយ​ថា ការ​បន្ត​កិច្ច​ពិភាក្សា​ណាមួយ​ទាល់តែ​អាម៉េរិក​​និង​កូរ៉េខាងត្បូង​បោះបង់ចោល​គោលនយោបាយ​អមិត្ត​រួមទាំង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​ខ្លួន​ផង និង​បាន​បង្កើន​ការជំរុញ​យោ​ធូប​នីយកម្ម​ទ្វេដង​។​កាលពី​ខែ​មករា​បាន​ព្រមាន​ថា​ខ្លួន​អាច​បោះបង់​​ការផ្អាក​ការសាកល្បង​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​និង​សព្វាវុធ​នុយគ្លេអ៊ែរ​៕

​ប្រជាជន​កូរ៉េ​ខាងត្បូង​នៅ​ក្រុង​សេ​អ៊ូ​ល​មើល​ការផ្សាយ​ព័ត៌មាន​ក្នុង​ទូរទស្សន៍​ស្តីពី​ការបាញ់​កាំជ្រួច​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​៥​មីនា​