ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​សុក្រ​ទី​១១​មីនា សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​បានបញ្ចប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធម្មតា​ជាមួយ​រុស្ស៊ី ខណៈ​ប្រធានាធិបតី ចូ បៃ​ដិន ប្តេជ្ញា​ថា លោកខាងលិច​នឹង​ធ្វើឱ្យ​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន “​បង់​នូវ​តម្លៃ​” សម្រាប់​ការ​លុកលុយ​របស់​គាត់​នៅ​អ៊ុ​យក្រែន​។​

​លោកបៃ​ដិន​បានប្រកាសពី​ជំហាន​ថ្មី​នេះ ដែល​អាច​ជំរុញ​ឱ្យ​ប្រទេស​លោកខាងលិច​អនុវត្ត​ការដំឡើង​ពន្ធ​លើ​ទំនិញ​រុស្ស៊ី ដោយ​មាន​ការសម្របសម្រួល​ជាមួយ​សម្ពន្ធមិត្ត​ណា​តូ ក្រុម​ប្រទេស G7​និង​សហ​​ភាព​អឺរ៉ុប​។​

​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ព្រុច​សែល​ក៏​បាន​និយាយ​ផងដែរ​ថា ពួកគេ​នឹង​កាត់ផ្តាច់​ការនាំ​ចេញ​ទំនិញ​ប្រណីត​ទៅកាន់​ប្រទេស​រុស្ស៊ី នៅក្នុង​អ្វីដែល​ប្រធាន​សហភាព​អឺរ៉ុប លោកស្រី អឺ​ស៊ូ​ឡា វ៉ុន ដឺ​ឡេន (Ursula von der Leyen) ពណ៌នា​ថា​ជា “​ការវាយប្រហារ​ដោយ​ផ្ទាល់​ចំពោះ​ឥស្សរជន​រុស្ស៊ី​”​។​

​លោកបៃ​ដិនបាន​ព្រមាន​នៅក្នុង​សុន្ទរកថា​របស់​គាត់​នៅ​សេត​វិមាន​ថា “​ពូ​ទីន​ត្រូវតែ​បង់​តម្លៃ​” ក្នុងនាម​ជា “​អ្នក​ឈ្លានពាន​” នៅក្នុង​សង្គ្រាម​ជាមួយ​អ្នកជិតខាង​អតីត​សូ​វៀត​របស់ខ្លួន​។​

​សមាជិកសភា​អាម៉េរិក​បានបង្ហាញ​រួចហើយ​ថា ពួក​គេ​គាំទ្រ​ការដកហូត​ឋានៈ​អនុគ្រោះ​ដល់​រុស្ស៊ី ដែល​ធានា​ឱ្យ​មាន​ការចាត់ទុក​ស្មើភាព​គ្នា​រវាង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ទីក្រុង​បែរ​ឡាំង មេដឹកនាំ G7​បានបញ្ជាក់​ថា ពួកគេ​នីមួយៗ​នឹង “​ប្រឹងប្រែង​”​ដើម្បី​ចាត់​វិធានការ​ដើម្បី​បដិសេធ​ចំពោះ​ស្ថានភាព​អនុគ្រោះ​​ពាណិជ្ជកម្ម​របស់​រុស្ស៊ី​។​

​លោកបៃ​ដិនបាន​និយាយថា “​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ព្រមទាំង​ដៃគូ​របស់​យើង​បន្ត​រួម​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​លោកពូ​ទីន​និង​ធ្វើឱ្យ​រុស្ស៊ី​ឯកោ​បន្ថែមទៀត​នៅលើ​ឆាក​​ពិភពលោក​”​។​

“​ពូ​ទីន​មិន​អាច​បន្ត​សង្គ្រាម​ដែល​គំរាមកំហែង​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​និង​ស្ថិរភាព​អន្តរជាតិ ហើយ​បន្ទាប់​មក​សុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​បាន​ទេ​”​។​

​គោលការណ៍​សំខាន់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ហៅថា​ឋានៈ​ជា​ប្រជាជាតិ​ទទួល​ការអនុគ្រោះ​បំផុត ដែល​គេ​ស្គាល់​នៅ​ក្នុង​សហរដ្ឋ​អាម៉េរិក​ថា​ជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធម្មតា​អចិន្ត្រៃយ៍ (PNTR) តម្រូវ​ឱ្យ​ប្រទេស​នានា​ធានា​គ្នា​ទៅវិញទៅមក​នូវ​ពន្ធគយ​ស្មើៗ​គ្នា និង​គោរព​បទ​ប្បញ្ញត្តិ​។​

​ការដក​ទីក្រុង​មូ​ស្គូ​ចេញពី​ការ​ឋានៈ​នេះ ដែល​បាន​ផ្តល់​ឱ្យ​នៅ​ខែ​ធ្នូ ឆ្នាំ ២០១២ នឹង​អនុញ្ញាត​ឱ្យ​លោកបៃ​ដិន​ដំឡើងព​ន្ធ​ដ៏​ច្រើន​លើ​ទំនិញ​រុស្ស៊ី ឬ​រឹតបន្តឹង​ការ​នាំចូល​។​

​ប្រធានាធិបតីបៃដិ​នក៏បាន​ប្រកាស​ហាមឃាត់​ការនាំចូល​ស្រា​វ៉ូដ​កា ពេជ្រ និង​គ្រឿង​សមុទ្រ​របស់​រុស្ស៊ី​ចូល​មក​សហរដ្ឋ​អាម៉េរិក​ផងដែរ​។​

​ក្រោយមក​នៅ​ថ្ងៃ​សុក្រ​ដដែល ក្រសួង​រតនាគារ​អាម៉េរិក​បានប្រកាស​ទណ្ឌកម្ម​ថ្មី​ដែល​ផ្តោត​លើ “​ឥស្សរជន​និង​នាយក​ប្រតិបត្តិ​អាជីវកម្ម ដែល​ជា​សហការី និង​អ្នកសម្របសម្រួល​នៃ​របប​រុស្ស៊ី​”​។​

​អ្នក​ទាំងនោះ​រួមមាន​សមាជិក​គ្រួសារ​នៃ​អ្នកនាំពាក្យ​របស់​លោក​ពូ​ទីន សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ VTB ដែល​ជាប់​ទណ្ឌកម្ម និង​សមាជិក​ចំនួន ១២ នាក់​នៃ​សភា​ជាន់​ទាប​រុស្ស៊ី​៕

ប្រធានាធិបតីបៃដិ​នក៏បាន​ប្រកាស​ហាមឃាត់​ការនាំចូល​ស្រា​វ៉ូដ​កា ពេជ្រ និង​គ្រឿង​សមុទ្រ​របស់​រុស្ស៊ី​ចូល​មក​សហរដ្ឋ​អាម៉េរិក​ផងដែរ