ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អភិបាលក្រុងគៀវនិងជាអតីតម្ចាស់ជើងឯកប្រដាល់ទម្ងន់ធ្ងន់លោក វីតាលី គ្លីតស្កូ (Vitali Klitschko) បាននិយាយកាលពីថ្ងៃសុក្រទី១១មីនាថា គាត់ជឿថាមានមនុស្សជិត ២ លាននាក់បន្តនៅក្នុងទីក្រុង ដែលកំពុងត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីដែលទំនើបជាងនៅខ្សែត្រៀមជាច្រើន។
លោកបាននិយាយថា រដ្ឋធានីអ៊ុយក្រែន ដែលជាធម្មតាមានប្រជាជនចំនួន ៣,៥ លាននាក់ មានការផ្គត់ផ្គង់សំខាន់ៗគ្រប់គ្រាន់ដើម្បីប្រើប្រាស់រយៈពេលប៉ុន្មានសប្តាហ៍ទៀតហើយថាបណ្តាញផ្គត់ផ្គង់ចេញចូលនៅតែបើកចំហសម្រាប់ពេលនេះ។
ប្អូនប្រុសរបស់គាត់គឺលោក វ្ល៉ាឌីមៀរ (Wladimir) ដែលជាតារាប្រដាល់ទម្ងន់ធ្ងន់ផងដែរនោះ បានបន្ថែមនៅក្នុងបទសម្ភាសន៍រួមគ្នាថាបុរសនិងស្ត្រីមួយចំនួនដែលបានអមដំណើរជាមួយក្រុមគ្រួសាររបស់ពួកគេទៅកាន់ទីសុវត្ថិភាពនៅភាគខាងលិចប្រទេសកំពុងវិលត្រឡប់មកវិញដើម្បីចូលរួមក្នុងការការពារទីក្រុង។
លោកវីតាលីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅឯមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងទីក្រុងគៀវ ទីដែលគាត់និងជំនួយការកំពុងសម្របសម្រួលការផ្គត់ផ្គង់អាហារនិងថ្នាំពេទ្យដល់ហាងនិងមនុស្សដែលជាប់គាំងនៅតាមផ្ទះយ៉ាងដូច្នេះថា “យើងប៉ាន់ស្មានថាមនុស្សជិត ២ លាននាក់នៅតែស្ថិតក្នុងទីក្រុងគៀវ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់សេវាកម្មដល់ប្រជាជន”។
លោកបានបន្ថែមជាភាសាអង់គ្លេសថា “ឥឡូវនេះយើងមានអគ្គិសនី ភ្លើងកម្តៅ ហ្គាស និងទឹក”។
លោកបានថ្លែងអំណរគុណដល់ប្រទេសនានាដែលបានបញ្ជូនការផ្គត់ផ្គង់ទៅកាន់អ៊ុយក្រែន ហើយបានប៉ាន់ស្មានថាទីក្រុងគៀវមានទំនិញសំខាន់ៗគ្រប់គ្រាន់ដើម្បីប្រើប្រាស់រយៈពេលពីរសប្តាហ៍ទៀត។
យោធារបស់រុស្ស៊ីបានទៅជិតទីក្រុងគៀវរួចហើយនៅភាគខាងលិចនិងភាគពាយព្យ ទីដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ហើយបានព្យាយាមរុលទៅជិតភាគខាងកើតនិងភាគឦសាន។
ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា គោលបំណងចុងក្រោយរបស់រុស្ស៊ីគឺឡោមព័ទ្ធទីក្រុងក្នុងគោលបំណងដណ្តើមយករដ្ឋធានី។
រូបភាពពីផ្កាយរណបបានបង្ហាញកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីកំពុងប្រមូលផ្តុំឡើងវិញនៅភាគពាយព្យនៅក្នុងអ្វីដែលចក្រភពអង់គ្លេសនិយាយថាអាចជាការត្រៀមខ្លួនសម្រាប់ការវាយលុកលើទីក្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។
លោកវីតាលីបាននិយាយថា “គោលដៅ (នៃការឈ្លានពានរបស់រុស្ស៊ី) គឺជារដ្ឋធានីនៃប្រទេសអ៊ុយក្រែន។ គោលដៅគឺទីក្រុងគៀវ។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារទីក្រុងរបស់យើង”៕
បងប្អូនត្រកូលគ្លីតស្កូត្រៀមខ្លួនជាស្រេចដើម្បីការពារទីក្រុងគៀវ