ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈមន្ត្រីក្រសួងបរិស្ថាននិងមន្ត្រីអាជ្ញាធរ មានសមត្រកិច្ចនានានៅខេត្តបន្ទាយមានជ័យនៅសាលាប្រជុំក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សា រួចចែកក្រុមចុះពិនិត្យនិងផ្ទៀងផ្ទាត់ព្រំកំណត់តំបន់សក្តានុពលភ្នំចំនួនប្រាំបួនកន្លែងដើម្បីរៀបចំបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនោះ ដឹកនាំដោយលោក សេង សោត អគ្គនាយករងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យនិងមន្ត្រីពាក់ព័ន្ធវិស័យធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ។

លោក យឹម លី ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យបាននិយាយថា  មន្ត្រីអាជ្ញាធរ សមត្ថកិច្ចកងកម្លាំង ជំនាញបច្ចេកទេសនិងពលរដ្ឋភាគច្រើននៅខេត្តបន្ទាយមានជ័យមានឆន្ទៈចូលរួមកិច្ចការពារ ថែរក្សា លើកកម្ពស់បរិស្ថាន ហើយក៏មានការគាំទ្រពីថ្នាក់លើផងដែរ ។ មើលឃើញទឹកចិត្តនិងស្នាដៃនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានផ្តល់ម៉ូតូសម្រាប់មន្ត្រីតំបន់ការពារ បានផ្តល់ធុងចម្រោះទឹកស្អាតដល់សហគមន៍និងគ្រឹះស្ថានសិក្សា បានផ្តល់ឡដុតសម្រាមសមត្ថភាពដុតបានទម្ងន់បីតោន បានគាំទ្រការស្នើកូនភ្នំប្រាំបួនកន្លែងនៃគម្រោងរៀបចំបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យជាដើម ។

លោកយឹម លី បានបន្តថា  កូនភ្នំប្រាំបួនកន្លែងនោះរួមមានភ្នំស្វាយ ភ្នំជញ្ជាំង ភ្នំបាក់ ភ្នំកងវ៉ានៅក្រុងសិរីសោភ័ណ ភ្នំតូច ភ្នំបន្ទាយនាងនៅស្រុកមង្គលបូរី ភ្នំយាយសំ នៅស្រុកម៉ាឡៃ ភ្នំព្រះនៅស្រុកថ្មពួក  ភ្នំព្រះនេត្រព្រះ​​ នៅស្រុកព្រះនេត្រព្រះជាដើម ។

ភ្នំទាំងនោះត្រូវពិនិត្យ វាយតម្លៃនិងធ្វើរបាយការណ៍ទៅតាមលក្ខណ:នៃប្រភេទតំបន់ការពារធម្មជាតិនិងតំបន់ការពារបេតិកភ៍ណ្ឌដូចជាតំបន់ស្នូល,តំបន់អភិរក្ស ,តំបន់ប្រើប្រាសដោយចីរភាពនិងតំបន់​សហគមន៍ដែលអាចប្រើប្រាស អាស្រ័យផលបាន តែមិនអាចប្រគល់ឱ្យជាកម្មសិទ្ធី ។ល។

លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកសេង សោត អគ្កនាយករងសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបានគាំទ្រគម្រោងស្នើសុំបញ្ចូលភ្នំទាំងនោះទៅជាជាតំបន់បេតិកភណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្តនេះ ។

លោលបានសហការគ្នាដឹកនាំមន្ត្រីនិងពាក់ព័ន្ធដែលបែងចែកក្រុមចុះពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់ព្រំប្រទល់តំបន់កូនភ្នំដែលស្នើសុំ ទៅក្រសួងបរិស្ថាន ដើម្បីបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ,តំបន់ការពារធម្មជាតិក្នុងខេត្តបន្ទាយមានជ័យ ៕សរន

.