ដោយ បូកគោ/កំពតៈ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីចរន្តអគ្គិសនីឆក់ពេលកំពុងតខ្សែភ្លើងបម្រុង ឆក់ត្រីក្នុងអណ្តូងក្បែរផ្ទះឪពុកម្តាយ។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិភ្នំតូច ឃុំទទុង ស្រុកដងទង់។

នគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថាបុរសដែលបាត់បង់ជីវិតក្នុងហេតុការ៍ណ៍ខាងលើឈ្មោះអិន សំអុល អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ។  កាលពីព្រឹកថ្ងៃទី១១ ខែមីនា បុរសរងគ្រោះបានមកសួរសុខទុក្ខឪពុកម្តាយក្នុងភូមិឃុំកើតហេតុនេះ ។ លុះដល់វេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃដដែល បុរសរូបនោះបានតខ្សែភ្លើងបម្រុងឆក់ត្រីខាងក្រោយផ្ទះ។

នគរបាលមូលដ្ឋានបានបន្តថាដោយសារតែខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យចរន្តអគ្គិសនីបានឆក់បណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង។ក្រោយមន្ត្រីជំនាញធ្វើកោសល្យវិច័យឃើញថាករណីនេះមិនមានពាក់ព័ន្ធនឹងអំពើឃាតកម្មបង្កឡើងដោយជនណាម្នាក់នោះ សមត្ថកិច្ចប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕សរន