ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វីដេអូឃ្លីបមួយបានបង្ហាញគ្រាដែលក្រុមអ្នកប្រយុទ្ធ “ស្ម័គ្រចិត្ត” ស៊ីរីកំពុងកាន់ទង់អក្សរ “Z” ដែលគាំទ្ររុស្ស៊ីយ៉ាងមានមោទនភាពខណៈដែលពួកគេត្រៀមចូលរួមការលុកលុយខុសច្បាប់របស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
ប៉ុស្តិ៍ទូរទស្សន៍ក្រសួងការពារជាតិរុស្ស៊ីបានចែករំលែកឈុតខ្លីៗនៃអ្នកប្រយុទ្ធស៊ីរីត្រៀម “ស្ម័គ្រចិត្ត” នៅអ៊ុយក្រែន ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានថ្កោលទោសលោក វ្ល៉ាឌីមៀរ ពូទីន ចំពោះការជួល “ឃាតករ” បរទេស។
នៅក្នុងវីដេអូនោះគេឃើញទាហានស៊ីឈ្នួលស៊ីរីប្រដាប់ដោយអាវុធរាប់សិបនាក់បានតម្រៀបជួរគ្នា ខណៈទាហានពាក់ក្រណាត់ជួតក្បាលម្នាក់កាន់សញ្ញា “Z” យ៉ាងមានមោទនភាពដែលបានក្លាយជានិមិត្តសញ្ញាគាំទ្រសង្គ្រាមរបស់ទីក្រុងមូស្គូ។
ក្រោយមករូបភាពដ៏គួរខ្លាចផ្សេងទៀតបានបង្ហាញ ក្រុមនេះច្រៀង គ្រវីទង់ជាតិរុស្ស៊ីទាំងក្តីអំណរ និងកាន់ផ្ទាំងរូបភាពប្រធានាធិបតីពូទីន។
នៅក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី រដ្ឋមន្ត្រីការពារជាតិលោកសឺហ្គេ សយហ្គូ (Sergei Shoigu)បាននិយាយថា អ្នកស្ម័គ្រចិត្ត ១៦.០០០នាក់នៅមជ្ឈិមបូព៌ាបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធរួមដៃជាមួយកងកម្លាំងដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ដុនបាសភាគខាងកើតអ៊ុយក្រែន។
ចំណាត់ការនេះ ដែលកើតឡើងតែជាងពីរសប្តាហ៍ចាប់តាំងពីប្រធានាធិបតីរុស្ស៊ីបានបញ្ជាឱ្យមានការឈ្លានពានយ៉ាងឃោរឃៅនោះ អនុញ្ញាតឱ្យរុស្ស៊ីដាក់ពង្រាយទាហានស៊ីឈ្នួលក្បាលរឹងមកពីសមរភូមិជម្លោះដូចជាស៊ីរី ដោយមិនប្រថុយបាត់បង់ជីវិតទាហានរុស្ស៊ីបន្ថែមទៀត៕
ទាហានស៊ីឈ្នួលដែលគេសន្មត់ថាមកពីស៊ីរីកំពុងកាន់ទង់អក្សរ Z ដើម្បីប្រយុទ្ធសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន