ដោយ:កាំពី/ក្រចេះ៖ ប្រធានការិយាល័យស្រាវជ្រាវនិង បង្រ្កាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីគយ និងរដ្ឋាករ ខេត្តក្រចេះ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាខេត្តក្រចេះ ចុះបង្ក្រាបបានរថយន្តអត់ពន្ធបានចំនួនប្រាំមួយគ្រឿង ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះកាលពី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ។

ការចុះបង្ក្រាបនេះ យោងតាមអនុសាសន៍របស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លើករណីផុតសុពលភាពនៃការបន្ធូរបន្ថយប្រាក់ពន្ធនាំចូល១០% ចំពោះរថយន្តចង្កូតឆ្វេង ដែលមានស្រាប់នៅក្នុងស្រុក និងដោយមានការចង្អុលបង្ហាញពី លោកអគ្គនាយករង និងជាប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស។
រថយន្តស៊េរីទំនើបអត់ពន្ធទាំងប្រាំមួយគ្រឿងរួមមាន៖
១៖ រថយន្តម៉ាក Lexus 570 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2BA-4030។
២៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 2BA-8255។
៣៖ រថយន្តម៉ាក Lexus Rx 350 ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2848។
៤៖ រថយន្តម៉ាក TUNDRA ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ក្រចេះ 2C-7707។
៥៖ រថយន្តម៉ាក Lexus Rx 400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1501។
៦៖ រថយន្តម៉ាក Lexus HS 250H ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ ខម2-2812។

រថយន្តទាំងអស់បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើង របស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី៕