ដោយៈ ប​.​ខុន / ភ្នំពេញៈ បាតុភូត ឡា​នី​ណា (la Nina) ពេលនេះ ស្ថិតក្នុង​រង្វង់​ជាង ៨០ ភាគរយ នៅលើ​តំបន់​ប៉ាស៊ីហ្វិក ខាងលិច រហូត​ខែឧសភា ទើប​មានការ​ប្រែប្រួល ដោយ​បា​តុ ភូត ឡា​នី​ណា នៅ​ខ្ពស់​នេះហើយ ដែលនាំឱ្យ​មាន​ភ្លៀង រហូតដល់​មាន​ជំនន់ នៅលើ​ភាគខាងត្បូង ប្រទេស​ហ្វីលីពីន និង​មាន​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់ លើ​ប្រទេស​កម្ពុជា ហើយ​នឹងមាន​ភ្លៀង ធ្លាក់​រាយប៉ាយ​មកទៀត ចាប់ពី​ថ្ងៃទី​១៣ នៅ​តំបន់​មាត់សមុទ្រ និង​នៅ​ទូទាំងប្រទេស នា​ថ្ងៃទី​១៧ និង ១៨ ខែមីនា ជាមួយនឹង​បាតុភូត​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់ (thunderstorm) ។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២​ថាៈ នៅពេលនេះ បាតុភូត ឡា​នី​ណា (la Nina) ស្ថិតនៅក្នុង​រង្វង់​ជាង ៨០ ភាគរយ​នៅឡើយ លើ​តំបន់​ប៉ាស៊ីហ្វិក ខាងលិច ហើយ​វា​អាច​នឹងមាន​ការផ្លាស់ប្តូ​រ ទៅរក​អន្តរកាល នៃ​បាតុភូត ឡា​នី​ណា និង អែល​នី​ណូ (El Nino) វិញ នៅក្នុង​ខែឧសភា​។​

​អ្នក​នាំពា​ក្រសួង​ជំនាញ​ខាងលើ បានបញ្ជាក់​ថាៈ ដោយសារ​បាតុភូត ឡា​នី​ណា នៅក្នុង​កម្រិត ដល់​ជាង ៨០ ភាគរយ​នេះហើយ ដែល​ធ្វើឱ្យ​កើតមាន​សម្ពាធ​ទាប និង​ប្រព័ន្ធ​សម្ពាធ​ទាប បន្តបន្ទាប់ បង្កឱ្យមាន​ភ្លៀង នាំទៅដល់​ទឹកជំនន់ ខុសរដូវ​កាល នៅលើ​ភាគខាងត្បូង របស់​ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី​… និង​មាន​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់ នៅលើ​ប្រទេស​កម្ពុជា​។
​ធម្មតា នៅក្នុង​អំឡុង​ពី​ខែកុម្ភៈ ដល់​ខែមេសា នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ខាងលិច តែង មាន​សភាព​ស្ងប់ស្ងាត់ តែ​នៅ​ឆ្នាំនេះ​មាន​សម្ពាធ​ទាប ប្រព័ន្ធ​សម្ពាធ​ទាប បាន​កើតមានឡើង ជា​បន្តបន្ទាប់ ដើរកាត់​លើ​ប្រទេស​ហ្វីលីពីន ចូលមក​សមុទ្រ​ចិន​បន្តិច ក៏​ជ្រមុជ​ចុះទៅ​ក្រោម រក​ជ្រោយ​ម៉ា​ឡា​កា​។ ប៉ុន្តែ​ចាប់ពី​ពាក់កណ្តាល​ខែមីនា​នេះ​ទៅ​មានការ​ប្រែប្រួល​ហើយ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថាៈ ចាប់ពី​ពាក់កណ្តាល ខែមីនា​នេះ ទៅ​សម្ពាធ​ទាប ដែល​ដើរកាត់​លើ​ភាគខាងត្បូង ប្រទេស​ហ្វីលីពីន មាន​ចូល​មកដល់​សមុទ្រ ចិន​ខាងត្បូង ហើយ​សរសៀរ​មកដល់​ក្បែរ​ដីគោក ប្រទេស​វៀតណាម រួច​បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ ដោយ​ចាប់ផ្តើម មាននៅ​តំបន់​មាត់សមុទ្រ នៅ​ថ្ងៃទី​១៣ មីនា បន្ទាប់មក នៅលើ​តំបន់​ទំនាប​កណ្តាល ភាគ​ខាងកើត និង​ឈានទៅ​មាន​ភ្លៀង ធ្លាក់​រាយប៉ាយ នៅ​ទូទាំងប្រទេស ក្នុង​កម្រិត​ពី​តិច ដល់​បង្គួរ នៅ​ថ្ងៃទី​១៧ និង ១៨ ខែមីនា (​យឺត​ជាង​ការ រពឹង​ទុក ដែលថា មាន​ភ្លៀង នៅ​ថ្ងៃទី​១៤ និង ១៥ មីនា​) តែ​ចាប់ពី​ថ្ងៃទី​១៣ មីនា ទៅ គឺ​ចាប់ផ្តើម​មាន​ភ្លៀង រប៉េះរប៉ោះ​មកហើយ​។ ពេល​មាន​ភ្លៀង អាច​នឹងមាន​បាតុភូត ខ្យល់​កន្ត្រាក់ (thunderstorm) មកជា​មួយ សូម​យកចិត្តទុកដាក់ តាមដាន និង​ប្រុងប្រយ័ត្ន ពី​គ្រោះថ្នាក់ ដោយសារ​បាតុភូត​នេះ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៥ ខែមីនា​ថាៈ ព្រះរាជាណាចក្រ កម្ពុជា នៅ​ថ្ងៃទី​៩ និង​ទី​១០ ខែមីនា ទទួល​ឥទ្ធិពល ពី​ទ្រនុង​សម្ពាធ​ខ្ពស់ ពី​ប្រទេស​ចិន ក្នុង​កម្រិត​ខ្សោយ នៅ​អំឡុង​ពីថ្ងៃ​ទី​១១ ទៅ ១៥ ខែមីនា នឹង​ទទួល​ឥទ្ធិពល ពី​សម្ពាធ​ទាប ដែល​កើតមានឡើង លើ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា បង្កឱ្យមាន​ភ្លៀង កើនឡើង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើឱ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៦,៥ អង្សា​សេ ។​

​នៅ​ចន្លោះ​ពីថ្ងៃ​ទី​៩ ដល់ ១២ ខែមីនា អាចមាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិត​ខ្សោយ​។​ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​១៥ ខែមីនា បរិមាណ ភ្លៀង​អាច​កើនឡើង ដល់​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ លាយឡំ​នឹង​ជាមួយ​ខ្យល់​កន្ត្រាក់ ។ សម្រាប់​បណ្តា​ខេត្ត នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣៣ ទៅ ៣៦ អង្សា​សេ​។​

​នៅ​ថ្ងៃទី​១៤ និង ១៥ ខែមីនា អាចមាន​ភ្លៀង​លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់។ ​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២២ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ​។ ពីថ្ងៃ​ទី​១៣ ដល់ ១៥ ខែមីនា អាចមាន​ភ្លៀង​ផ្គរ រន្ទះ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​៕/V​