ប្រែសម្រល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកប្រហែលអាចស្រមៃបាននូវពាក្យពេចន៍ដ៏រំភើបដែលនិយាយដោយវីរនារីវ័យក្មេងក្នុងរឿងហូលីវូដ ៖ “បងដឹងហើយ អូនប្រាកដណាថា បងនឹងសម្លឹងមើលអូនក្នុងរូបថតនេះ។ ពីព្រោះបងតែងតែសម្លឹងមើលមកអូនតាមរបៀបនេះ”។
“អូនបន់ឱ្យស្ត្រីគ្រប់រូបមានគេសម្លឹងមើលបែបនេះ។ មានតែមនុស្សស្រលាញ់ស្មោះទេដែលសម្លឹងមើលបែបនេះ។ អូនតែងតែមានអារម្មណ៍ដឹងពីស្នេហារបស់បង។ ដរាបណាបងនៅតែមើលមកបែបនេះ អូនមិនខ្លាចអ្វីទាំងអស់”។
“យើងនៅមានរឿងរ៉ាវជាច្រើននៅចាំខាងមុខយើង។ ដូច្នេះសូមបងថែរក្សាខ្លួន។ យើងត្រូវតែសម្រេចអ្វីគ្រប់យ៉ាងដែលយើងសុបិនរួមគ្នា។ រីករាយថ្ងៃកំណើត, ម្ចាស់ស្នេហ៍អូន! អូនសន្យាសម្លឹងមើលបងវិញ។ សម្លឹងមើលបែបនេះ។ ជានិច្ច!”។
ប៉ុន្តែអ្នកនឹកស្មានខុសហើយ។ ពាក្យពេចន៍ដ៏ស្មោះអស់ពីដួងចិត្តទាំងនេះត្រូវបានសរសេរដោយលោកជំទាវ អូឡេណា ហ្សេលេនស្កា (Olena Zelenska) កាលពីថ្ងៃទី ២៥ ខែមករា អមជាមួយរូបថតសខ្មៅរបស់ស្វាមីរបស់លោកស្រី ដែលរៀបការនឹងគ្នា ១៨ ឆ្នាំ នេះបើតាមសារបង្ហោះរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គីនៅលើ Instagram សម្រាប់ខួបកំណើតរបស់គាត់។ បន្ទាប់មក សារនេះបានទទួលការចាប់អារម្មណ៍បន្តិចម្តងៗ។
តែ៣០ថ្ងៃក្រោយមក រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន។ ឥឡូវនេះ ក្រសែភ្នែករបស់ពិភពលោកកំពុងសម្លឹងមើលគូស្វាមីភរិយាដ៏អស្ចារ្យនេះដែលបានធ្វើឱ្យពួកយើងទាំងអស់គ្នាទន់ចិត្តជាមួយនឹងការតាំងចិត្ត ការស្នេហាជាតិ និងភាពក្លាហានរបស់ពួកគេ ហើយបានទាញយើងឱ្យចូលទៅក្នុងរឿងរ៉ាវស្នេហាដ៏វីរភាពរបស់ពួកគេ ដែលចាប់ផ្តើមតាំងពី ២៧ ឆ្នាំមុន។
អ្នកទាំងពីរមិនដែលខ្លាចក្នុងការប្រកាសពីសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកក្នុងសារបង្ហោះតាមបណ្តាញសង្គមនោះឡើយ។
នៅក្នុងសារបង្ហោះមួយកាលពីខែមករា ឆ្នាំ ២០២០ លោកស្រីអូឡេណាបានពណ៌នាអំពី “បុរសពិត” ដែលផ្តល់ក្តីស្រឡាញ់ពេញបេះដូងនិងធ្វើឱ្យលោកស្រីពេញលេញម្ចាស់ស្នេហ៍ដែលវត្តមានរបស់គាត់ត្រូវលោកស្រីដឹងជានិច្ចនៅពេលពួកគេនៅឆ្ងាយពីគ្នា និង ក្តីសុបិនរួមរបស់អ្នកទាំងពីរបានបំផ្លាញអស់ការភ័យខ្លាចទាំងពួង។ លោកស្រីបានសរសេរថា “សុវត្ថិភាព។ កក់ក្ដៅ។ មិនដែលស្ងប់ស្ងាត់ ប៉ុន្តែតែងតែគួរឱ្យចាប់អារម្មណ៍។ នេះហើយជារបៀបដែលអ្នកមានអារម្មណ៍ចំពោះ នៅពេលបុរសពិតនៅក្បែរអ្នក។ អ្នកអាចពឹងពាក់បានចំពោះអ្វីៗគ្រប់យ៉ាង”។
សម្រាប់ថ្ងៃកំណើតរបស់លោកស្រីកាលពីខែកុម្ភៈឆ្នាំមុន លោកវ៉ូឡូឌីមៀរបានសរសេរអំពីលោកស្រីអូឡេណា យ៉ាងដូច្នេះថា “បងចូលចិត្តរបៀបដែលអូនគិត។ អរគុណសម្រាប់ការនៅទីនោះ។…សម្រាប់ការពិត, សម្រាប់ការសម្លឹងមើល, សម្រាប់ការនិយាយសំណើច។ សម្រាប់គ្រាដែលបងមិនមែនជាបងពេលគ្មានអូន។ … សូមអរគុណអូនសម្រាប់អ្វីៗគ្រប់យ៉ាង”។
ភាសាកាយវិការរបស់អ្នកទាំងពីរគឺមានថាមពលខ្លាំងណាស់។ រូបថតជាច្រើនសន្លឹកនៅលើគណនី Instagram របស់លោកស្រីអូឡេណាបានបង្ហាញប្តីនិងប្រពន្ធនេះនៅក្បែរគ្នា ញញឹម កាន់ដៃគ្នា លាបមុខ Superhero ជាមួយកូនៗ។
អ្នកទាំងពីរមើលទៅមិនអាចបំបែកបានឡើយ។ ហើយឥឡូវនេះពួកគេត្រូវការគ្នាទៅវិញទៅមកជាងពេលណាៗទាំងអស់។ដោយបង្ខំចិត្តលាក់ខ្លួនក្រោមសំឡេងស៊ីរ៉ែនព្រមានអំពីការវាយប្រហារតាមអាកាស លោកស្រីអូឡេណាដឹងថា លោកស្រីក៏ដូចស្វាមីដែរគឺត្រូវបាន “កំណត់គោលដៅសម្លាប់ចោល” ពីសំណាក់លោក វ្ល៉ាឌីមៀរ ពូទីន។
ប៉ុន្តែលោកស្រីបានរះត្រដែតក្នុងតួនាទីថ្មីដ៏គួរឱ្យស្ញប់ស្ញែងក្នុងនាមជា “គោលដៅទីពីរ” របស់ពូទីន ជាមួយនឹងភាពក្លាហានដ៏គួរឱ្យភ្ញាក់ផ្អើល ដោយបដិសេធមិនរត់ចេញពីប្រទេសជាមួយកូនៗនិងមិនត្រឹមបង្កការភ្ញាក់ផ្អើលចំពោះអ៊ុយក្រែនប៉ុណ្ណោះទេ តែថែមទាំងពិភពលោកស៊ីវិល័យទាំងមូលជាមួយនឹងកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកស្រីនៅក្រោមភ្នក់ភ្លើងសង្គ្រាម។
ប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនជាលើកដំបូងកាលពីពីរសប្តាហ៍មុន លោកស្រីអូឡេណាអាយុ ៤៤ ឆ្នាំបានសរសេរលើ Instagram ថា “ខ្ញុំនឹងមិនមានការភ័យស្លន់ស្លោនិងស្រក់ទឹកភ្នែកឡើយ។ ខ្ញុំនឹងស្ងប់អារម្មណ៍និងមានទំនុកចិត្តជានិច្ច។ កូនៗរបស់ខ្ញុំកំពុងសម្លឹងមើលមកខ្ញុំ។ ខ្ញុំនឹងនៅក្បែរពួកគេ។ ហើយនៅក្បែរស្វាមីខ្ញុំ។ ហើយជាមួយអ្នកទាំងអស់គ្នា”។
ដូច្នេះតើម្ដាយកូនពីររូបនេះ ដែលជាអ្នកនិពន្ធមានទឹកដៃមួយរូបដែលមិនសប្បាយចិត្តពេលស្វាមីប្រកាសឈរឈ្មោះជាប្រធានាធិបតី អាចរក្សាការតាំងចិត្តដ៏អស្ចារ្យបែបនេះបានយ៉ាងដូចម្ដេច? ហើយតើលោកស្រីអាចឆក់យកបេះដូងអតីតតារាកំប្លែងដែលទទួលបានការគោរពនិងការកោតសរសើរពីលោកខាងលិចយ៉ាងដូចម្តេច?
បទសម្ភាសន៍ខ្លីពីប៉ុន្មានឆ្នាំមុននៅក្នុងសារព័ត៌មានអ៊ុយក្រែន ដែលទទួលបានដោយសារព័ត៌មានដេល្លីម៉េលបានបង្ហាញរឿងរ៉ាវស្នេហាដែលគួរឱ្យទាក់ទាញជាងសំណេររបស់លោកស្រីអូឡេណាសរសេរនៅលើអ៊ីនធឺណេតទៅទៀត។
ដោយមានអាយុក្មេងជាងលោកវ៉ូឡូឌីមៀរត្រឹមតែ ១២ ថ្ងៃ លោកស្រីអូឡេណាក៏ដូចជាប្តីរបស់លោកស្រីបានធំដឹងក្តីនៅក្នុងអតីតទីក្រុងរុករករ៉ែ គ្រីវយីរី (Kryvyi Rih) នៅភាគកណ្តាលអ៊ុយក្រែន។ ថ្វីត្បិតតែរៀននៅសាលាដូចគ្នា ក៏ប៉ុន្តែពួកគេកម្រសារភាពស្នេហ៍ចំពោះគ្នាណាស់។ លោកហ្សេលេនស្គីបានបង្ហើបពីអារម្មណ៍របស់គាត់ចំពោះលោកស្រីអូឡេណាថា “ទាល់តែដល់ថ្ងៃចុងក្រោយនៃការសិក្សានៅសាលាវិទ្យាល័យ ទើបខ្ញុំប្តេជ្ញាតាមស្រឡាញ់នាងឱ្យបាន”។
អូឡេណាបានបន្តការសិក្សាផ្នែកស្ថាបត្យកម្ម ខណៈលោកវ៉ូឡូឌីមៀរសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យជាតិគ្រីវយីរី។
ក្នុងនាមជានិស្សិតទើបចូលរៀនថ្នាក់បរិញ្ញាបត្រនៅឆ្នាំ ១៩៩៥ គាត់បានជួបអូឡេណាតាមផ្លូវ ហើយបានសុំខ្ចីកាស្សែតវីដេអូដែលនាងកំពុងកាន់ បើទោះបីជាបានមើលខ្សែភាពយន្តនោះ ៨ ដងរួចហើយក៏ដោយ ដើម្បីបានលេសសុំលេខទូរស័ព្ទនាង ដូច្នេះគាត់អាចសងកាស្សែតទៅនាងវិញ។ មនោសញ្ចេតនាបានរីកដុះដាល ដោយលោកវ៉ូឡូឌីមៀរពណ៌នាថាគាត់ “ធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងជ្រាលជ្រៅងើបវិញមិនរួច”។
ដោយសុបិនចង់ចាប់អាជីពជាតារាកំប្លែងនៅឆ្នាំ ១៩៩៧ គាត់បានបង្កើតក្រុមហ៊ុនផលិតកម្ម Kvartal 95 ដោយជ្រើសរើសលោកស្រីអូឡេណាជាអ្នកនិពន្ធ។ គោលបំណងរបស់ក្រុមហ៊ុនគឺផលិតកំប្លែងចម្អកដាក់ពួកអ្នកនយោបាយ វាយសំពងអំពើពុករលួយក្នុងប្រទេសអ៊ុយក្រែន ហើយគូស្នេហ៍នេះបានចំណាយពេលឆ្នាំចុងក្រោយរបស់ពួកគេនៅសាកលវិទ្យាល័យបង្កើតស្គ្រីបកំប្លែងរួមគ្នា។
ផលិតកម្ម Kvartal 95 បានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយប្រមូលផ្តុំមិត្តភក្តិនិងសហការីបានរាប់រយនាក់។ ក្រោយធ្វើដំណើរទូទាំងប្រទេសអ៊ុយក្រែន និងបណ្តាប្រទេសអតីតសហភាពសូវៀតផ្សេងទៀតដើម្បីសម្តែងកំប្លែង គូស្នេហ៍នេះបានរៀបការនៅខែកញ្ញា ឆ្នាំ ២០០៣ ។
កូនស្រីរបស់ពួកគេដែលបច្ចុប្បន្នមានអាយុ ១៧ ឆ្នាំបានកើតនៅខែកក្កដាឆ្នាំ២០០៤ ហើយគូស្នេហ៍ទាំងពីរបានផ្លាស់ទៅរដ្ឋធានីគៀវ។
នៅអំឡុងគ្រានោះ លោកហ្សេលេនស្គីបានចាប់ផ្តើមសម្តែងក្នុងរឿងភាគទូរទស្សន៍ ដោយបានបង្ហាញខ្លួននៅក្នុងរដូវកាលដំបូងរឿងភាគអ៊ុយក្រែន Dancing With The Stars ។
នៅពេលអាជីពសម្តែងរបស់គាត់រះត្រដែតឡើង វាហាក់ដូចជាលោកស្រីចាប់ស្រអាប់រស្មី។ ថ្មីៗនេះ លោកស្រីបានរំលឹកថា “មានពេលមួយខ្ញុំត្រូវថយចេញឆ្ងាយ ព្រោះគាត់តែងតែងប់នឹងការងារ”។
“ហើយនៅពេលដែលវាជាការងារច្នៃប្រឌិតហើយមានមនុស្សគួរឱ្យចាប់អារម្មណ៍ជាច្រើននៅជុំវិញនោះ អ្នកដឹងថាប្រហែលជាឥឡូវនេះអ្នកមិនសូវចាប់អារម្មណ៍ចំពោះគាត់ដូចមុនទៀតទេ។ …អរគុណព្រះជាម្ចាស់ដែលគាត់និងខ្ញុំមានការអត់ធ្មត់គ្រប់គ្រាន់ ហើយអ្វីៗដំណើរការទៅដោយរលូនគ្រប់គ្រាន់”។
ទន្ទឹមនឹងនោះ ក្រៅពីតស៊ូដើម្បីការពារអាពាហ៍ពិពាហ៍ អ្នកទាំងពីរបានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន។ ជាមួយនឹងការតែងតាំងមហាសេដ្ឋី ប៉េត្រូ ផូរ៉ូសិនកូ (Petro Poroshenko) ជាប្រធានាធិបតីក្នុងឆ្នាំ ២០១៤ លោកស្រីបាននិយាយថាប្រទេសនេះកាន់តែផ្តាច់ការទៅៗ ដោយបន្ថែមថា “នោះហើយជាពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយដើម្បីសង្គ្រោះលទ្ធិប្រជាធិបតេយ្យរបស់យើងឡើងវិញ”។
“នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍ធ្លាក់ក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំ យើងបានដឹងថា ប្រសិនបើយើងមិនធ្វើសកម្មភាពទេ យើងនឹងបញ្ចប់ក្នុងស្ថានភាពដូចគ្នាជាមួយរុស្ស៊ី”។
អ្នកទាំងពីរខូចចិត្តជាខ្លាំងនៅពេលដែលពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីបានចាប់ផ្តើមធ្វើសង្គ្រាមដើម្បីកាត់យកឧបទ្វីបគ្រីមេនៅឆ្នាំនោះ ពោលគឺមួយឆ្នាំគត់បន្ទាប់ពីកូនប្រុសរបស់អ្នកទាំងពីរបានប្រសូត ដែលឥឡូវនេះរូបគេមានអាយុ ៩ ឆ្នាំ។
លោកស្រីអូឡេណាបាននិយាយថា “វ៉ូឡូឌីមៀរបានមកផ្ទះ ហើយសម្លឹងមើលកូនៗរបស់យើងជាមួយកែវភ្នែកសោកសៅ។ ខ្ញុំបានសុំឱ្យគាត់ស្ងប់អារម្មណ៍។ យើងត្រូវធ្វើអ្វីមួយអំពីវា”។
ចាប់ពីឆ្នាំ ២០១៥ មក លោកវ៉ូឡូឌីមៀរបានសម្តែងក្នុងរឿងភាគទូរទស្សន៍ “អ្នកបម្រើប្រជាជន” (Servant Of The People) ដែលក្នុងនោះគាត់បានដើរតួជាគ្រូបង្រៀនប្រវត្តិសាស្ត្រឈ្មោះ ហូឡូបូរ៉ូដកូ (Holoborodko) ដែលបានជាប់ឆ្នោតជាប្រធានាធិបតីដោយមិននឹកស្មានដល់ បន្ទាប់ពីវីដេអូឃ្លីបមួយបានល្បីពេញអ៊ីនធឺណេត។ ទាំងលោកផូរ៉ូសិនកូនិងលោកពូទីនគឺជាគោលដៅនៃការតិះដៀលក្នុងរឿងភាគនេះ។
លោកស្រីអូឡេណាបានស្នាក់នៅផ្ទះខណៈពេលដែលលោកវ៉ូឡូឌីមៀរចេញទៅសម្តែងសម្រាប់ទាហាននៅខ្សែត្រៀមជួរមុខ។ ការសម្តែង “គឺសរសេរចេញពីបេះដូង”ប៉ុន្តែយ៉ាងណាក៏ដោយវាបានធ្វើឱ្យជីវិតគ្រួសាររបស់លោកស្រីជួបគ្រោះថ្នាក់។ បន្ទាប់ពីគំនូរព្រាងអំពីមេដឹកនាំឆេចឈ្នីលោក រ៉ាមហ្សាន កាឌីរ៉ូវ (Ramzan Kadyrov) ស្រក់ទឹកភ្នែក បាននាំឱ្យមានការគំរាមសម្លាប់ប្តីប្រពន្ធទាំងពីរបានជួលសន្តិសុខការពារខ្លួន។
នៅទីបំផុត លោកស្រីអូឡេណាមិនបានទទួលយកការការពារខ្លួនទេ ប៉ុន្តែផ្តល់អង្គរក្សសម្រាប់ការពារកូនៗ។
នៅពេលផលិតកម្ម Kvartal 95 បានបង្កើតគណបក្សនយោបាយមួយដែលមានឈ្មោះថា “អ្នកបម្រើប្រជាជន” (Servant Of The People) ក្នុងឆ្នាំ២០១៧ វាគឺមានគោលបំណងបញ្ឈប់អ្នកដទៃកុំឱ្យប្រើឈ្មោះនេះក្នុងគោលបំណង “នយោបាយឃោរឃៅ” ប៉ុន្តែបានក្លាយជាគូប្រជែងពិតប្រាកដយ៉ាងឆាប់រហ័ស។ ដើមឡើយ លោកស្រីអូឡេណាបានប្រឆាំងដាច់ខាតចំពោះមហិច្ឆិតានយោបាយរបស់ស្វាមីលោកស្រី ពីព្រោះ “អ្វីៗគ្រប់យ៉ាងនឹងផ្លាស់ប្តូរ”។
លោកស្រីបាននិយាយថា លោកស្រីទើបតែបានដឹងថាស្វាមីឈរឈ្មោះជាប្រធានាធិបតីពេលដែលបានអានដំណឹងនេះនៅលើបណ្តាញសង្គមប៉ុណ្ណោះ ព្រោះស្វាមីភ្លេចប្រាប់លោកស្រី ប៉ុន្តែបានបន្ថែមថា “យើងបានពិភាក្សាគ្នាជាយូរមកហើយ ហើយខ្ញុំបាននិយាយថា ខ្ញុំនឹងគាំទ្រគាត់ជានិច្ច”។
កូនប្រុសរបស់ពួកគេដែលពេលនោះមានអាយុ៦ឆ្នាំមានអារម្មណ៍បាក់ទឹកចិត្តចំពោះអាជីពថ្មីរបស់ឪពុក។ កូនប្រុសបារម្ភខ្លាចគាត់មិនអាចលេងកីឡាជាមួយខ្លួនបានតទៅទៀត ខណៈកូនស្រីរបស់ពួកគេកើតជំងឺថប់បារម្ភ។
លោកស្រីអូឡេណាបានសារភាពថា “កូនស្រីមិនចង់ឱ្យឪពុកនាងក្លាយជាអ្នកតំណាងឥស្សរជននយោបាយដូចដែលនាងបានឃើញនៅលើកញ្ចក់ទូរទស្សន៍ទេ”។
“នាងយំហើយនិយាយថា តើខ្ញុំអាចទៅសាលារៀនបានដោយរបៀបណា តើពួកគេនឹងនិយាយអ្វីប្រាប់ខ្ញុំ? ប៉ុន្តែ អរគុណព្រះដែលស្ថានភាពនៅសាលារឿងគឺធម្មតា។ មានអ្នកឡែបខាយបន្តិចដែរ ប៉ុន្តែនោះជារឿងធម្មតាទេ”៕
រឿងរ៉ាវស្នេហារបស់លោកហ្សេលេនស្គីនិងលោកស្រីអូឡេណាកំពុងទទួលការចាប់អារម្មណ៍ជុំវិញពិភពលោក