ប្រែសម្រួលៈបំណង(ST)៖ អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រទី១១មីនាបាននិយាយថា វាមិនមានភស្តុតាងដែលថាអ៊ុយក្រែនមានកម្មវិធីសព្វាវុធជីវសាស្ត្រណាមួយនៅពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តចោទប្រកាន់រុស្ស៊ីថាផ្សព្វផ្សាយការអះអាងគ្មានការបញ្ជាក់ការពិតធ្វើជាលេសដើម្បីវាយប្រហារដោយប្រើអាវុធគីមីឬជីវសាស្ត្រដោយខ្លួនឯង។
រុស្ស៊ីបានស្នើសុំកោះប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក១៥ប្រទេស ដើម្បីបញ្ជាក់អះអាងឡើងវិញតាមរយៈតំណាងរបស់ខ្លួនលោក វ៉ាសស៊ីលី ណេបិនហ្ស៊ែរ(Vassily Nebenzia)ថា អ៊ុយក្រែនបានដំណើរការមន្ទីរពិសោធន៍អាវុធជីវសាស្ត្រក្រោមការគាំទ្រពីក្រសួងការពារជាតិអាម៉េរិក។
ប្រទេសជាសមាជិកបានហៅការអះអាងនេះថាជា«ការកុហក»មួយនិង«គ្មានន័យសោះ»ហើយបានប្រើកិច្ចប្រជុំនេះដើម្បីចោទប្រកាន់រុស្ស៊ីថាមានបំណងវាយប្រហារនិងសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែនទៅវិញ។
អ៊ីហ្ស៊ុយមី ណាកាមីតស៊ូ (Izumi Nakamitsu)តំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសំរាប់កិច្ចការរំសាយសព្វាវុធ បានប្រាប់ក្រុមប្រឹក្សាថា អង្គការសហប្រជាជាតិ«មិនដឹង»អំពីកម្មវិធីសព្វាវុធជីវសាស្ត្រណាមួយនៅអ៊ុយក្រែនទេ។
ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៥មួយ ក្រសួងការពារជាតិអាម៉េរិកបានជួយកន្លែងពិសោធន៍សុខភាពសាធារណៈអ៊ុយក្រែនជាច្រើនក្នុងការធ្វើអោយប្រសើរឡើងសន្តិសុខរបស់មេរោគគ្រោះថ្នាក់ៗនិងបច្ចេកវិទ្យាប្រើក្នុងការសិក្សាស្រាវជ្រាវ។ការងារនេះទទួលបានការគាំទ្រពីប្រទេសជាច្រើនរួមទាំងអង្គការសុខភាពពិភពលោកផង។
អង្គការសុខភាពពិភពលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានណែនាំអោយអ៊ុយក្រែនបំផ្លាញចោលមេរោគបង្កគ្រោះថ្នាក់ខ្ពស់នៅតាមកន្លែងពិសោធន៍សាធារណៈដើម្បីកុំអោយមានការលិចធ្លាយណាមួយដែលធ្វើអោយឆ្លងរាលដាលជំងឺក្នុងចំណោមសាធារណជន។
តំណាងអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភជាខ្លាំងការដែលរុស្ស៊ីកោះប្រជុំអំពីបញ្ហានេះ ព្រោះវាអាចប្រើវាជាមូលដ្ឋានសំរាប់រុស្ស៊ីប្រើសព្វាវុធគីមី ឬ ជីសាស្ត្រដោយខ្លួនឯងនៅអ៊ុយក្រែន៕
តំណាងរុស្ស៊ីនៅអង្គការសហប្រជាជាតិលោក វ៉ាសស៊ីលី ណេបិនហ្ស៊ែរបានអះអាងថា អ៊ុយក្រែនបានដំណើរការកន្លែងពិសោធន៍សព្វាវុធជីវសាស្ត្រដោយមានការជួយពីអាម៉េរិក តែសមាជិកក្រុមប្រឹក្សាភាគច្រើនបដិសេធ