ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ ជម្លោះក្នុងប្រទេសអ៊ុយក្រែនកំពុងក្លាយជាការបង្ហាញពីប្រភេទអាវុធថ្មើរជើងរបស់បរទេសយ៉ាងឆាប់រហ័សជាពិសេសប្រព័ន្ធអាវុធប្រឆាំងយន្តហោះនិងប្រឆាំងរថក្រោះលីលើស្មាជាច្រើនប្រភេទ។ ការពិភាក្សាជាបន្តបន្ទាប់អំពីការដឹកជញ្ជូនជំនួយយោធាទាំងនេះបានលប់ជិតឈឹងនូវការប្រើប្រាស់អាវុធផលិតក្នុងស្រុករបស់កងកម្លាំងអ៊ុយក្រែន ដែលភាគច្រើនមិនដែលស្គាល់នៅក្រៅប្រទេស។ នេះរួមបញ្ចូលទាំងកាំភ្លើងវែង ដែលគេស្គាល់ជាទូទៅថា ម៉ល់យុក(Malyuk) ដែលកំពុងប្រើប្រាស់យ៉ាងខ្លាំងក្លាដោយអង្គភាពកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែនក្នុងចំណោមកាំភ្លើងផ្សេងទៀត។
Malyuk ជាពាក្យអ៊ុយក្រែន បកប្រែថា “ទារក” ឬ “កូនង៉ែត” ជាភាសាអង់គ្លេស តាមពិតគឺជាឈ្មោះដែលបានដាក់ឱ្យកាំភ្លើងគំរូមួយនេះ ដែលក្រុមហ៊ុនឈ្មោះ InterProInvest (IPI) បានដាក់បង្ហាញជាលើកដំបូងក្នុងឆ្នាំ ២០១៥។ ក្រុមហ៊ុនបច្ចុប្បន្នកំពុងធ្វើទីផ្សារកាំភ្លើងនេះក្រោមឈ្មោះថាវុលកង់( Vulcan) ឬ Vulcan-M ប៉ុន្តែគេនៅតែចូលចិត្តហៅឈ្មោះដើមរបស់វាជាង។
Mayluk មិនមែនជាកាំភ្លើងរចនាថ្មីទាំងស្រុងនោះទេ។ វាជាស៊េរីកាំភ្លើង AK ស្ដង់ដារ ដែលវេចខ្ចប់ឡើងវិញនៅក្នុងតួថ្មី ដែលចេញជាកាំភ្លើងថ្មីមានដងកាណុងប្រវែង ១៦,៣ អ៊ីញមានប្រវែងតួខ្លួនសរុបប្រហែល ២៨ អ៊ីង និងទម្ងន់ក្រោម ៣,៨ គីឡូក្រាមពេលគ្មានគ្រាប់។ ដូចកាំភ្លើងប្រភេទ AK ផ្សេងដែរ កំណែថ្មីនេះមានបង់សម្រាប់បាញ់គ្រាប់កាំភ្លើងសូវៀតទំហំ ៧,៦២x៣៩មិល្លីម៉ែត្រ និង ៥,៤៥x៣៩មិល្លីម៉ែត្រក៏ដូចជាគ្រាប់ស្តង់ដាររបស់អង្គការណាតូ ៥,៥៦x៤៥មិល្លីម៉ែត្រ ហើយពួកវាអាចប្រើបានជាមួយបង់កាំភ្លើង AK ដែលមានស្រាប់ណាមួយក៏បាន។
ផ្នែកខាងលើនៃកាំភ្លើងក៏មានគន្លាក់ស៊កភិកខាធីនី( Picatinny) ស្តង់ដារអាម៉េរិកផងដែរ ដែលអនុញ្ញាតឱ្យភ្ជាប់ឧបករណ៍អុបទិកផ្សេងៗហើយមានគន្លាក់ស៊កមួយទៀតនៅពីក្រោមផ្នែកខាងមុខសម្រាប់ភ្ជាប់ជើងបង្កងបាញ់និងគ្រឿងប្រដាប់ប្រដាភ្ជាប់ផ្សេងទៀត។ កាំភ្លើងនេះក៏មានគន្លាក់ស៊កផ្សេងទៀតនៅសងខាងផងដែរសម្រាប់បំពាក់ឡាស៊ែរនិងភ្លើងពិល ហើយក្បាលកាណុងត IPI ជួយទប់សំឡេងកាំភ្លើងកុំឱ្យលាន់ខ្លាំង។
អ្វីដែលសំខាន់បំផុតអំពីកាំភ្លើង Mayluk គឺថាវាមានកន្លែងសម្រាប់ដាក់បង់គ្រាប់នៅខាងក្រោយកៃកាំភ្លើង។ កាំភ្លើងយោធាទំនើបភាគច្រើនដាក់បង់កាំភ្លើងនៅពីមុខកៃកាំភ្លើង។
គំនិតចម្បងនៅពីក្រោយការដាក់បង់គ្រាប់នៅពីក្រោយកៃបែបនេះគឺដើម្បីកាត់បន្ថយប្រវែងកាំភ្លើង ដោយធ្វើឱ្យកាំភ្លើងងាយស្រួលកាន់ ដោយមិនចាំបាច់ចំណាយចន្លោះទំនេរចោលទទេច្រើនពេក៕
កាំភ្លើង Malyuk កំពុងប្រើយ៉ាងសកម្មក្នុងជួរកងកម្លាំងពិសេសរបស់អ៊ុយក្រែន