ដោយ:មុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក បានបញ្ជាក់ថា ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។ ជាក់ស្តែងបញ្ជាការដ្ឋានអង្គរក្ស គឺដូចនឹងបណ្តាកងឯកភាពផ្សេងទៀត មានភារកិច្ចស្នូលក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន ដោយឡែក ក្នុងនាមជាអង្គភាពទ័ពជំនាញ បញ្ជាការដ្ឋានអង្គរក្ស ក៏ត្រូវបានប្រគល់ភារកិច្ចពិសេសបន្ថែមមួយទៀត គឺការពារប្រមុខរាជរដ្ឋាភិបាល ដែលជាក់ស្តែងជា សម្តេចតេជោ ហ៊ុន សែន ព្រោះលោកជានាយករដ្ឋមន្ត្រី កើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ។

ការបញ្ជាក់នេះ ក្នុងពិធីខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃបេសកកម្មជាប្រវត្តិសាស្ត្ររបស់វរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញ ដែលបានបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខរាជរដ្ឋាភិបាល និងក្រុមគ្រួសារ នៅបញ្ជាការដ្ឋានអង្គរក្ស នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯកបានបន្តថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សូមសម្តែងនូវការអបអរ សាទរចំពោះការប្រារព្ធខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យ និងមនោសញ្ចេតនាស្និទ្ធស្នាលនេះ ដើម្បីរំឭកដល់វីរភាពរបស់ឥស្សរជនឆ្នើមទាំង ១២ រូប ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាននៃវរសេនាតូចលេខ២៤៦ អតីតយោធាក្រុងភ្នំពេញទាំងអស់ ដែលបានប្តូរផ្តាច់លះបង់ខិតខំបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចទាំងពីរ និងក្រុមគ្រួសារ បានសុខសាន្តតរៀងមក ដែលជាកត្តាចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងធានានូវលំនឹងស្ថិរភាព និងនិរន្តរភាពនៃការដឹកនាំប្រទេសជាតិ។ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុត ពីព្រោះនេះគឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។

មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្សបានខិតខំបំពេញតួនាទី និងភារកិច្ចរហូតក្លាយជាកងឯកភាពឆ្នើមមួយនៃកងយោធពលខេមរភូមិន្ទ ដោយសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនទាំងលើការងារអភិវឌ្ឍ និងអភិរក្ស ដូចបណ្តាស្ថាប័ន-កងឯកភាពនានានៃកងយោធពលខេមរភូមិន្ទផងដែរ៕