ដោយៈសុផល/ប៉ោយប៉ែត៖ ហាង7-Eleven បានមកបើកសាខាថ្មីមួយទៀតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកាលពីថ្ងៃសុក្រ ទី១១ ខែមិនា កន្លងមកនេះ បន្ទាប់ពីហាង 7-Eleven បានបើកដំណើរការសាខាដំបូងបង្អស់ប្រកបដោយជោគជ័យនៅជាយក្រុងភ្នំពេញ កាលពីឆ្នាំ២០២១។
លោក Chomrom Jenchai នាយកគ្រប់គ្រង នៃក្រុមហ៊ុន CP All (Cambodia) Co., Ltd, ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP All Public Company Limited និងអ្នកស្រីPhu Cherryna នាយកប្រតិបត្តិនៃក្រុមហ៊ុន ANCO Group បានអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសក្នុងការបើកសម្ពោធសាខាហាង 7-Eleven Season Mall ប៉ោយប៉ែត ដែលជាសាខាថ្មីមួយទៀតនៅក្នុងប្រទេសកម្ពុជា។
ហាង 7-Eleven នៅក្រុងប៉ោយប៉ែតនេះ មានទីតាំងស្ថិតនៅផ្សារទំនើប Season Mall ជាមជ្ឃមណ្ឌលផ្សារទំនើបសហគមន៍ខ្នាតធំ ព័ទ្ធជុំវិញដោយអាគារស្នាក់អាស្រ័យ និងជាមជ្ឃមណ្ឌលពាណិជ្ជកម្មផងដែរ នៅក្រុងប៉ោយប៉ែត។
លោកChomrom Jenchai នាយកគ្រប់គ្រង នៃក្រុមហ៊ុន CP All (Cambodia) Co. បានថ្លែងថា 7-Eleven យើងមានការបេ្តជ្ញាខ្ពស់ ក្នុងការចែកចាយផលិតផល និងបំរើសេវាកម្មប្រកបដោយគុណភាពខ្ពស់ជូនអតិថិជន ដើម្បីបង្កើននូវគុណភាពជីវិត ដោយមានការជ្រើសរើសនូវផលិតផលជាច្រើនប្រភេទ និងការប្រកាន់ខ្ជាប់ទៅតាមពាក្យស្លោករបស់ក្រុមហ៊ុន CP All ថា«រួមគ្នាច្នៃប្រឌិតនិងចែករំលែកនូវឳកាសអោយគ្នាទៅវិញទៅមក” ។
លោក Chomrom Jenchai មានប្រសាសន៍បន្ថែមថា “ ស្ថិតក្រោមការរីករាលដាលនៃជំងឺកូវីដ-19 នេះ ហាង 7-Elevenនៅក្នុងប្រទេសកម្ពុជាគ្រប់សាខាទាំងអស់ បានអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងស្របទៅតាមវិធានការរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ដើម្បីរក្សានូវសុវត្ថិភាពដល់អតិថិជន និងបុគ្គលិកទាំងអស់” ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានសាខាហាង 7-Eleven បើកឱ្យដំណើរការទាំងអស់ចំនួន៧ សាខា ក្នុងនោះសាខាដំបូងគេបង្អស់គឺ សាខាជ្រោយចង្វារ ដែលបានបើកដំណើរនៅក្នុងខែសីហា ឆ្នាំ២០២១ និងសាខាPTT ព្រែកព្នៅ សាខាPTT ព្រៃកី សាខាPTT ច្បារអំពៅ សាខាPTT ផ្សារតូច សាខា Rule មហាវិថីព្រះមុនីវង្ស និងសាខាចុងក្រោយគេបង្អស់គឺ សាខាផ្សារ Season Mall ប៉ោយប៉ែត ៕Ph