ដោយៈសុផល/ភ្នំពេញ៖អង្គការEnergylab និងក្រសួងសាធារណការនិងដឹកជញ្ជូនបានសហការរៀបចំសិក្ខាសាលាអន្តរក្រសួងមួយនៅចុងសប្តាហ៍នេះដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនីប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។

វគ្គសិក្ខាសាលានេះមានការធ្វើបទបង្ហាញមួយចំនួនដែលផ្ដោតសំខាន់ទៅលើការៀបចំផែនការយុទ្ធសាស្រ្តនិងវិធានការផ្សេងៗដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។

លោក គង់ សុផល អគ្គនាយករង នៃអគ្គ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានថ្លែងថា៖ស្របពេលនេះ យោងទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ប្រទេសកម្ពុជាប្ដេជ្ញាក្នុងការជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុងឱ្យបាន ៤០% និងទោចក្រយានយន្តឱ្យបាន ៧០% នៅឆ្នាំ២០៥០។

នៅក្នុងវគ្គសិក្ខាសាលានេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករនៃកម្ពុជាតំណាងអគ្គិសនីកម្ពុជា(EDC)និងក្រសួងស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ ព្រមទាំងតំណាងគម្រោង GIZ/SMMR, Cambodia Climate Change Alliance ៕srn