ព្រៃវែង៖លោក ស្តើង សុខុម សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារខេត្តព្រៃវែងបានមានប្រសាសន៍ថា៖«ភាពខ្ទេចខ្ទាំដោយសារសង្គ្រាមនៅអ៊ុយក្រែនរំលេចឲ្យឃើញកាន់ច្បាស់ពីតម្លៃខ្ពស់នៃសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា» ។

លោក​ ស្តើង សុខុម បានលើកឡើងបែបនេះនៅក្នុងពិធីបើកកិច្ចប្រជុំស្តីពីទិសដៅការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​​អាណត្តិទី៥ ឆ្នាំ ២០២២ របស់គណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារនាព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២២ ។ ដោយមានការអញ្ជើញចូលរួមពី សមាជិកអចិន្ដ្រៃយ៍គណបក្សស្រុក អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក ប្រធានគណបក្សឃុំ ប្រធានក្រុមការងារយុវជនគណបក្សឃុំ គ្រប់ឃុំ ព្រមទាំងមេភូមិគ្រប់ភូមិ សរុបសមាជិកចូលរួមប្រមាណជា ៣០០នាក់ ស្រី៨៥នាក់។

មានប្រសាសន៍ទៅកាន់សមាជិក សមាជិកា​គណបក្សប្រមាណជិត ៣០០ នាក់ លោក ស្តើង សុខុម ក្នុងនាមសមាជិកគណៈកម្មាធិការកណ្ដាលនិងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា,សម្ដេចក្រឡាហោម ស​ ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណបក្សស្រុក ឃុំ ភូមិនិង សមាជិក សមាជិការគណបក្សដែលបានខិតខំរក្សានូវកិត្យានុភាពរបស់​គណបក្សឲ្យមានភាពរឹងមាំនិងទទួលបានជោគជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ។

នាឱកាសនោះដែរលោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារបានលើកឡើងនូវទស្សនទានទាក់ទងទៅបញ្ហានយោបាយនិងព្រឹត្តិការណ៍ជាតិនិងអន្តរជាតិថ្មីៗ ដែល ជាមូលដ្ឋានសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការជ្រើសរើសគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។លោកបានលើកយកបញ្ហាសង្រ្គាមនៅប្រទេសអ៊ុយក្រែនដែលជាប្រទេស មានធនធានបង្គួរ មានវិទ្យាសាស្រ្តជឿនលឿនមួយនៅអ៊ឺរ៉ុបគឺសង្រ្កាមត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះបានធ្វើឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសត្រូវបំផ្លាញខ្ទេចខ្ទាំស្ទើរទាំងស្រុងដោយសារសង្រ្គាម ។លោក ស្តើង សុខុម បានពន្យល់ថាហេតុដែលធ្វើឲ្យលោកលើក យកបញ្ហាសង្រ្គាមនៅអ៊ុយក្រែនមកនិយាយនៅពេលនេះគឺចង់បង្ហាញឲ្យបងប្អូនឃើញថានេះហើយគឺរសជាតិនៃសង្រ្គាម , សង្រ្គាមនាំមកនូវក្តីវិនាសព្រាត់ប្រាស ហេដ្ឋរចនាសម្ព័ន្ធត្រូវបំផ្លាញទាំងផ្នែកទន់ និង ផ្នែករឹង ជីវិតមនុស្ស សកម្មភាពសេដ្ឋកិច្ចត្រូវគាំង​ មានន័យថាប្រសិនជាមាន សង្រ្គាមគឺមិនអាចរស់នៅដោយសុខសាន្តបានទេ​ហើយក៏មិនអាចអភិវឌ្ឍន៍ប្រទេសបានទេ ,នេះហើយរស់ជាតិនៃការដែលសម្រេចចិត្តជ្រើសរើសអ្នកនយាបាយ ដឹកនាំប្រទេសខុស ។

លោកប្រធានក្រុមការងារបានលើកឡើងពីប្រវត្តិនៃការផ្លាស់ប្តូរប្រធានាធិបតីអ៊ុយក្រែន,ពីប្រធានាធិបតីដែលនិយមរុស្ស៊ីមកប្រធានាធិបតីដែលនិយមទៅខាងបញ្ចឹមប្រទេសបាន​នាំអ៊ុយក្រែនទៅដល់សង្រ្គាមដូចសព្ធថ្ងៃ ដែលនេះគឺប្រជាជនអ៊ុយក្រែនខ្លួនឯងជាអ្នកជ្រើសរើសអ្នកនយោបាយ ។ ដូចនេះមូលហេតុសង្រ្គាមនៅអ៊ុយក្រែនគឺកើតឡើងដោយសារតែការជ្រើសរើសអ្នកនយោបាយខុស(ប្រធានាធិបតីអ៊ុយក្រែនបច្ចុប្បន្ន)ធ្វើឲ្យប្រទេសខ្ទេចខ្ទាំដោយសារភ្លើងសង្រ្គាម ។សួរថាតើ់ប្រធានាធិបតីអ៊ុយ​ក្រែនបច្ចុប្បន្នជាវីរជន ឬ ជាអ្នកនាំប្រទេសទៅរកក្តីវិនាស ? ។ លោក​ ស្តើង សុខុម បានរំលឹកពីសង្រ្គាមនៅកម្ពុជាដែលបានចាប់ផ្តើមពីរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ហើយជ្រើសរើសយករបប លន់ ណុល,បន្ទាប់មកគឺរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលពេលនោះគឺ​ ប្រជាជនយើងចង់បានអ្វីដែលថ្មី ដោយមិនបានពិចារណាថាអាថ្មីនោះវាធ្វើឲ្យប្រទេសមានសង្រ្គាម ដូចនេះចាស់ឬថ្មីគឺត្រូវមើលលើគោលនយោបាយដឹកនាំរបស់អ្នកនយោបាយ ។សរុបមកជាលទ្ធផលជ្រើសរើសមេដឹកនាំខុស គឺប្រទេសជួបគ្រោះមហន្តរាយ ប្រជាជនស្លាប់ របួសពិការ ព្រាត់ប្រាសគ្រួសារ ។

លោក ស្តើង សុខុម មានប្រសាសន៍ថា៖​សម្រាប់កម្ពុជាគឺជា​លើក​ទី​ ​១​ ​ហើយ​ក្នុងរយៈពេល​ជិត​ ​៥០០​ ​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​និង​ស្ថេរ​ភាព​ពេញលេញ​ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​បាន​មក​ពី​គុណបំណាច់​នៃ​ការដឹកនាំ​របស់គណបក្សប្រជាជនកម្ពុជា។នេះគឺអាស្រ័យដោយសារយើង ទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសបានត្រឹមត្រូវនូវគណបក្សនយោបាយដើម្បីដឹកនាំនិងគ្រប់គ្រងប្រទេសជាតិគឺគណបក្សប្រជាជនកម្ពុជា។

លោក ស្តើង សុខុម បានសង្កត់ធ្ងន់ថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សកើតចេញពីប្រជាជនដើម្បីប្រជាជន ជាគណបក្សនយោបាយដែលមានឧត្តមគតិស្នេហាជាតិនិងប្រជាជនយ៉ាងពិតប្រាកដ ជាគណបក្សនយោបាយមួយដែលមានវ័យចំណាស់ជាងគេ ជាគណបក្សមានអាទិភាពជាងគេក្នុងសង្គមកម្ពុជានារយៈពេលជាង ៧០ ឆ្នាំមកហើយ និងក៏ជាគណបក្សដែលសម្រេចបានស្នាដៃធំៗជាច្រើនជូនជាតិនិងប្រជាជនកម្ពុជា។

លោកប្រធានបានមានប្រសាសន៍បន្តថា៖ស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានរួមមានការចូលរួមដណ្ដើមឯករាជ្យពីបារាំង,ការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍,ការកសាងប្រទេសពីបាតដៃទទេ,ការចរចាស្វែងរកការបង្រួបបង្រួមជាតិនិងការគាំទ្រដំណើរការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលនាំមកនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការផ្ដួចផ្ដើមនិងអនុវត្តនយោបាយឈ្នះៗនាំមកនូវសុខសន្តិភាព ឯកភាពជាតិនិងទឹកដី,ការបន្តថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយនិងសង្គមដើម្បីបង្កឱកាសដល់ ការអភិវឌ្ឍជាតិដូចបច្ចុប្បន្ន ។ ហើយថ្មីៗនេះទៀតក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានខិតខំស្វែងរកវ៉ាក់សាំងមក ចាក់ជូនប្រជាជនបានទាំន់ពេលវេលា ,មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលនូវបានគិតគូទៅដល់ជិវភាពប្រជាពលរដ្ឋដែលជួបប្រទះការលំបាក តាមរយៈការផ្តល់ជួននូវថវិកា​ និងស្បៀងដោយ មិនបានទុកឲ្យប្រជាជនណាម្នាក់ត្រូវស្លាប់ដោយអត់ឃ្លាននោះទេ ។

លោក ស្តើង សុខុម បានបន្តថា៖យើងជាសមាជិកបក្សយើងមានការជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន​ លើថ្នាក់ដឹកនាំគណបក្សប្រជាជន យើងជឿជាក់លើគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជន ហើយប្តេជ្ញាដណ្តើមជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខឲ្យបានជូនគណ បក្សប្រជាជនកម្ពុជា ។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគឺធានាបាននូវសុខសន្តិភាព មានសុខសន្តិភាពគឺប្រាកដ៏ជាមានការអភិវឌ្ឍ​​ ។ លោកបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាសមាជិកសមាជិកាគណបក្សប្រជាជនស្រុកកំចាយមារ ក្រោមការចាត់ចែងរបស់ក្រុមការងារនិងគណបក្សនៅនឹងកន្លែង ព្រមទាំងការគាំទ្រពីក្រុមការងារនិងគណបក្សស្រុកនឹងបន្តរួមគ្នាខិតខំប្រឹងប្រែងបន្ថែមទៀតនូវកិច្ចការទាំងអស់ដែលមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋនិងគណបក្ស ។

ជាមួយគ្នានេះដែលលោក ស្តើង សុខុម ក៏បានអំពាវនាវឲ្យសមាជិកគណបក្សទាំងអស់ពង្រឹងសាមគ្គីភាព និង ធ្វើការងារដោយមានការឯកភាពគ្នា សហការគ្នាតាមរបៀបប្រជាធិបតេយ្យបប្រមូលផ្តុំ ។ លោកបន្តថាបើយើងឈ្នះការបោះឆ្នោតឆ្នាំ២០២២ នេះគឺយើងនឹងឈានទៅឈ្នះការបោះឆ្នោតនៅឆ្នាំ ២០២៣ ដូចនេះការបោះឆ្នោតឆ្នាំ២០២២​នេះមានសារៈសំខាន់ណាស់ត្រូវធ្វើឲ្យបាន​ “សមាជិកម្នាក់គឺជាសម្លេងឆ្នោតមួយសន្លឹក” ។

ក្នុងឱកាសនោះដែរលោកប្រធានបានឧបត្ថម្ភសម្រាប់អ្នកចូលរួម ៣០០ នាក់ ក្នុង១នាក់ ៥០,០០០រៀល,រៀបចំកម្មវិធី ៥០០,០០០រៀល,គណបក្សស្រុក អង្គរចំនួន ២តោន,គណបក្សឃុំទាំង៨ អង្គរក្នុង១ឃុំ ២តោន សរុបអង្គរ ១៨តោន។ ដែលជាអំណោយលោក ស្ដើង សុខុម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំចាយមារនិងលោកស្រី ស ឃុនដារ៉ា​, សរុបជាថវិការទាំងអស់ ៤៨,៩៨០,០០០រៀល ៕