ដោយៈសុផល/ភ្នំពេញ៖ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងថែមទៀតនោះ សូមសមាជិក សមាជិកាក្រុមប្រឹក្សាទាំង៨សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ ទៅលើឯកសារនានាជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ព្រមទាំងការងារភូមិ ឃុំមានសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រកបដោយគុណភាព តម្លាភាព និងទទួលបានទំនឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ ដោយទាប់ស្កាត់បាននូវបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ព្រមទាំងបញ្ហាជំងឺកូវីដ-១៩ និងជំរុញឱ្យប្រជាពលរដ្ឋធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីអាយុ៥ឆ្នាំឡើងឱ្យបានគ្រប់ៗគ្នា។

កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងពេល អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរខណ្ឌ និងក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ចំនួន ១១១នាក់ នៅសាលាខណ្ឌច្បារពៅ រាជធានីធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមីនា។

លោកប្រធានស្តីទីព្រឹទ្ធសភា ក៏បានស្នើដល់ថ្នាក់ដឹកនាំខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវសហការគ្នា មានសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាការពារផលប្រយោជន៍ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល៕សរន