ភ្នំពេញ:នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានផ្ញើលិខិតថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម ៖

«ជាថ្មីម្ដងទៀត ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រ ជូនចំពោះ សម្តេចតេជោ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ក្នុងឱកាសដែលខ្ញុំបានទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅចុងខែ វិច្ឆិកា ឆ្នំា២០២១កន្លងទៅ និងការផ្ដល់ជំនួយចំពោះសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ រួមមានថវិកាចំនួន ១៣លានដុល្លារអាម៉េរិក វ៉ាក់សំាងចំនួន ៥០០.០០០ដូស និងរថយន្ត ដឹកវ៉ាក់សំាងចំនួន ១៣គ្រឿង។ ថ្ងៃនេះ នៅច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន-ត្រពំាងក្រៀល មានពិធិប្រគល់-ទទួលរថយន្តដឹកវ៉ាក់សំាង ចំនួន ១០គ្រឿងបន្ថែមទៀត បន្ទាប់ពីមានពិធីប្រគល់-ទទួលនូវរថយន្តដឹកវ៉ាក់សាំង ចំនួន ០៣គ្រឿង កាលពីចុងខែធ្នូ ឆ្នំា២០២១ កន្លងទៅ ។

ក្នុងនាមបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលផ្ដល់ជំនួយចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាពិសេសក្នុងពេលដែលប្រទេសយើងទំាងពីរកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយកម្ពុជាខ្លួនឯងនៅតែមានទឹកចិត្ត ដោយបានផ្ដល់ជំនួយដូចបានជម្រាបជូនខាងលើ ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាផ្នែកមួយនៃការចូលរួមជួយឱ្យយើងខ្ញុំអាចឈានទៅសម្រេចគោលដៅនៃការចាក់វ៉ាក់សំាងជូនពលរដ្ឋឡាវ តាមការគ្រោងទុក ។

ជំនួយដ៌ថ្លៃថ្លាទំាងនេះ បានបង្ហាញឱ្យឃើញនូវសេចក្ដីព្រួយបារម្ព ការយកចិត្តទុកដាក់ និងទឹកចិត្តជ្រះថ្លារបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលមានចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ក៏ដូចជាសរបញ្ជាក់នូវទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល សាមគ្គីភាពជាប្រពៃណីដែលមានជាយូរលង់ មកហើយ និងកិច្ចសហការក្នុងនាមប្រទេសភូមិផងរបង ជាមួយ ក្នុងស្មារតីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេររឹងមំារវាងប្រទេសយើងទំាងពីរឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កាជានិរន្តរ៍ ។

ខ្ញុំសូមប្រសិទ្ធពរជ័យ ជូន សម្តេចតេជោ សូមប្រកបដោយសុខភាពល្អបរិបូរ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុងឧត្តម និងដ៏ខ្ពង់ខ្ពស់បំផុត» ៕សរន