ឆ្នាំជូត
យីអ៊ុនខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរ ម្ល៉ោះហើយលោកអ្នកត្រូវចេះរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ ធ្វើច្រើនបានច្រើន។ចូរកុំមានចិត្តលោភលន់ដោយចង់មាន ចង់បានឱ្យហួសប្រមាណពេក ប្រយ័ត្នបែរជាកើតរឿងរាវអាចខាតបង់លាភសក្ការៈវិញ។មានការចម្រើនលូតលាស់ទៅមុខជាលំដាប់ ហើយបើមានបើករបរថ្មីៗផងគឺប្រៀបដូចជាដាក់ចុះដុះតាមដៃដូច្នេះដែរ។ចំពោះគូស្នេហាប្តីប្រពន្ធរយៈពេលនេះមានភាពល្អូកល្អិនគ្រាន់គាប់ប្រសើរ និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕
ឆ្នាំឆ្លូវ
យីអ៊ុនខ្ពស់ត្រដែត។លោកអ្នកកកើតឆ្នាំគោនៅថ្ងៃនេះដួងរាសីនៅតែរក្សាខ្ពស់ត្រដែត ហេតុនេះបើប្រាថ្នាធ្វើអ្វីមួយនោះឃើញថាតែងឆ្លើយតបផលគ្រាន់គាប់ដូចបំណងជានិច្ច ។ដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំខាល
រាសីធ្លាក់ស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកពុំសូវល្អប្រសើរទេ ពោលគឺតែងមានរឿងរាវចូលមកយាយីនាំពិបាកក្នុងការដោះស្រាយ។ការប្រកបការងារនៅថ្ងៃនេះតែងមានការរាំងស្ទះ និងពិសេសឱ្យប្រយ័ត្នបញ្ហាខ្លះនាំប៉ះពាល់អូសបន្លាយពេលដល់សប្តាហ៍ក្រោយថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយផលចំណូលមានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កអញ្ចឹងដែរតែអ្នកជួញឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេ។
សេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ
យីអ៊ុនល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយចូរកុំធ្វេសប្រហែសឱ្យសោះជាពិសេសមុនចុះហត្ថលេខា ឬសន្យាអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានម៉ត់ចត់ពីព្រោះថាងាយជួបនូវបញ្ហាខាតប្រយោជន៍ច្រើនជាងទទួលផលប្រយោជន៍។ការប្រកបការងារឃើញថាមិនសូវជឿនលឿនទៅមុខទេ ពិសេសងាយកើតបញ្ហាប្រទាំងប្រទើសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតណាស់ ហើយការមានទំនាស់ក៏ច្រើន៕
ឆ្នាំរោង
យីអ៊ុនធ្លាក់ស្រុតចុះ។ទាំងស្ត្រីបុរសចូរប្រយ័ត្នបញ្ហាការងារ និងបញ្ហាប្រាក់កាសជួបផលលំបាកដោយប្រការណាមួយ ។ការប្រកបការងារងាយមានបញ្ហា ហើយពិសេសធ្វើច្រើនបែរជាទទួលបានផលតិចទៅវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើស តែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិត និង ប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕
ឆ្នាំម្សាញ់
យីអ៊ុនខ្ពស់ត្រដែត។ការរស់នៅដំណើរជីវិត ហាក់មានភាពរឹងមាំ ហើយបើចង់ពឹងពាក់អ្នកតូច អ្នកធំគេតែងអាណិតស្រឡាញ់ និងជួយជ្រោមជ្រែងជានិច្ច។ការប្រកបការងារបើទោះបីអ្នកខ្លះសុខកាយបន្តិចពិតមែន ប៉ុន្តែបញ្ហារឿងរាវចាស់ថ្មីតែងចូលមកកកូរផ្លូវចិត្តមួយចំនួនផងដែរ។អ្នកជំនួញមុខរបរក្នុងថ្ងៃនេះបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយល្អប្រពៃ៕
ឆ្នាំមមី
យីអ៊ុនធ្លាក់ស្រុតចុះ។បុរសកើតឆ្នាំសេះអំឡុងពេលនេះដំណើរជីវិតមិនទាន់ល្អប្រសើរទេពោលគឺផលលំបាកតែងតាមយាយីនៅឡើយ។ការប្រកបកិច្ចការងារអ្វីត្រូវចេះមើលមុខមើលក្រោយព្រោះងាយខូចខាត និង បាត់បង់ក្នុងរឿងអ្វីមួយណាស់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឲ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវ៉ាចាប់តែអាធំ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំមមែ
យីអ៊ុនស្រុតចុះ។ក្នុងថ្ងៃនេះដួងរាសីនៅតែធ្លាក់ស្រុតចុះនៅឡើយ ហេតុនេះលោកអ្នកធ្វើអ្វីមួយ ឬសូម្បីតែនៅផ្ទះសម្បែងចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេដោយប្រការណាមួយ។ការប្រកបការងារវិញមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែមានការប្រុងប្រយ័ត្ន និង ខិតខំទើបបញ្ហាអាក្រក់វានឹងប្រែមកជាល្អវិញ។ការធ្វើជំនួញតែងមានឧបទ្រពចង្រៃបិទបាំងធ្វើឱ្យការជួញឆ្ងាយជិតមិនសូវសមដូចប្រកបឡើយ ហើយបើនិយាយពីចំណូលនោះតិចតួចស្តួចស្តើងដោយអ្នកខ្លះសឹងថាចិញ្ចឹមខ្លួនឯងមិនគ្រាន់មាត់ផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះទុកចិត្តគ្នា និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយពីព្រោះថានោះសុទ្ធសឹងនាំរឿងរាវអំពល់ទុក្ខប៉ុណ្ណោះ៕
ឆ្នាំវក
យីអ៊ុនល្អជាមធ្យម។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមគួរសម ហើយបើមានជម្លោះវិវាទក៏ឆាប់ត្រូវគ្នាវិញដែរ។នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយបើចង់ចេញទៅបំពេញការងារទីឆ្ងាយក៏តែងផ្តល់ផលល្អៗជាងអាក្រក់។ អ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនដោយប្រការណាមួយ។
រីឯបញ្ហាសេ្នហាកំលោះក្រមុំងាយទាំងប្រទើសហើយក៏ងាយផ្អែមល្ហែម៕
ឆ្នាំរកា
យីអ៊ុនស្រុតចុះ។ថ្ងៃនេះស្ត្រីចូរប្រយ័ត្នក្រុមមនុស្សតាមផ្ចាញ់ផ្ចាលកើតជម្លោះវិវាទ ហើយនាំជះឥទ្ធិពលអាក្រក់ទៅគ្រាខាងមុខ។ការប្រកបការងារងាយភ្លាំងភ្លាត់ខ្ពស់ ហេតុនេះត្រូវចេះចាត់ចែង និង ប្រយ័ត្នប្រយែងការងារចាស់ៗក៏កាន់តែប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។
ទំនាក់ទំនងសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំច
យីអ៊ុនធ្លាក់ស្រុតចុះ។ក្នុងថ្ងៃនេះបើទោះបីដួងរាសីធ្លាក់ស្រុតចុះក៏ដោយ ប៉ុន្តែបើមានការប្រយ័ត្នប្រយែងបញ្ហាតូចធំក៏លោកអ្នកអាចឆ្លងកាត់ ឬដោះស្រាយបានយ៉ាងធូរទៅវិញ។ទាំងស្ត្រីបុរសដោយសារដួងរាសីមិនល្អប្រសើរ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេកឬមិនសូវសំខាន់ពេកឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។
រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕
ឆ្នាំកុរ
យីអ៊ុនល្អជាមធ្យម។ថ្ងៃនេះចូរប្រយ័ត្នប្រយែងទៅលើបញ្ហារោគ ជំងឺ និង គ្រោះចាញ់បោកគេបន្តិចពីព្រោះថាងាយកើតឡើងណាស់ ។ការប្រកបការងារ លោកអ្នកទោះធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយបើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។
ទំនាក់ទំនងស្នេហាប្រុសស្រីមានការងាយថយក្រោយតែពិបាករុលទៅមុខ ហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕