ដោយៈ ចាន់តូ / ភ្នំពេញៈ លោកព្រះរាជអាជ្ញារង រាជធានីភ្នំពេញម្នាក់ ប្រើហិង្សា ដាក់ប្រពន្ធ ហើយស្ត្រីនោះ ទ្រាំការឈឺចាប់ ផ្លូវកាយ ផ្លូវចិត្ត មិនបាន ក៏ប្តឹងទៅសមត្ថកិច្ច ឲ្យជួយរក យុត្តិធម៌ ជូនចំពោះគាត់ផង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ យប់ ថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចមុខផ្ទះលេខ១៨៩ តាមបណ្ដោយផ្លូវ ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យដែលប្រើអំពើហិង្សា ដាក់ប្រពន្ធមានឈ្មោះ ម៉ុត ដារ៉ា ជាព្រះរាជ អាជ្ញារង រាជធានីភ្នំពេញ។ ចំណែក ប្រពន្ធ មានឈ្មោះ ហេង មួយគា មុខរបរនៅផ្ទះ និងមានកូនបីនាក់ ប្រុសមួយនាក់ ស្រីពីរនាក់។
តាមការរៀបរាប់របស់ប្រពន្ធ បានប្រាប់សារព័ត៌មានឱ្យដឹងថាៈ គាត់បានចាប់ ដៃគ្នា ជាមួយនឹងប្ដី រយៈពេល ១៣ ឆ្នាំមកហើយ មានចំណងដៃកូនប្រុសមួយ ស្រីពីរនាក់ តែរយៈពេលដែលមានកូនទី៣ ចុងក្រោយ មានការឈ្លោះប្រកែកគ្នា ដោយសារខាងប្ដី មានស្រីថ្មី នៅខាងក្រៅ ហើយក៏មានការវ៉ៃទះកំភ្លៀង ព្រមទាំងដកកាំភ្លើង គំរាមបាញ់ សម្លាប់ទៀតផង។
ដោយសារទ្រាំឈឺចិត្ត ឈឺកាយមិនបាន ស្ត្រីនោះ ក៏ប្រាប់ទៅឪពុកម្តាយ ដែលរស់នៅ ខេត្តកំពង់ស្ពឺ ឲ្យចុះមកជួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នាំខ្លួនជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង។ ចំណែកឯជនដៃដល់ ដែលត្រូវជា ប្ដីនោះ ចាក់សោរខាងក្នុង សម្ងំដេកធ្វើព្រងើយ ៕/V-PC