ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ អាជ្ញាធរសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃសៅរ៍ទី១២មីនាបានបញ្ជាក់ចំនួនឆ្លងកូវីដ១៩ថ្មីដល់ទៅ៤៥៤.១៩៧នាក់ រួមមានជិត៣០០.០០០នាក់បានឆ្លងកាលពីប៉ុន្មានថ្ងៃមុន តែទើបបញ្ចូលក្នុងឃ្លាំងទិន្នន័យជាតិ។
ក្រសួងសុខាភិបាលបានកត់ត្រាឃើញអ្នកឆ្លងថ្មីចំនួន១៦៨.៧០៤នាក់សំរាប់ថ្ងៃ១២មីនានៅ៦៣ខេត្តក្រុង នៅពេលទីក្រុងហាណូយនិងខេត្តភាគខាងជើងចំនួនបីបន្ថែមអ្នកជំងឺ២៨៥.៤៩៣នាក់មកពីការឆ្លងកាលពីប៉ុន្មានថ្ងៃមុន។
អ្នកជំងឺកូវីដ១៩ចំនួន៦២នាក់ទៀតក៏បានស្លាប់កាលពីថ្ងៃសៅរ៍។
ជាមួយនឹងតួលេខចុងក្រោយនេះ វៀតណាមមានអ្នកកើតកូវីដ១៩សរុបជាង៥,៨៣នាក់ ជាង៣លាននាក់បានជាសះស្បើយ និង៤១.២៩៣នាក់ស្លាប់ដោយកូវីដ១៩។
ក្នុងពេលជាមួយគ្នា អ្នកជំនាញការសុខភាពម្នាក់បានព្រមានថា វៀតណាមអាចជួបការផ្ទុះកូវីដ១៩មួយលើកទៀតនៅប្រាំមួយខែទៅមុខ មុនពេលវាក្លាយជាជំងឺឆ្លងធម្មតា។ ដូ វ៉ាន់ យុង(Do Van Dung)ប្រធាននាយកដ្ឋានសុខភាពសាធារណៈនៅសកលវិទ្យាល័យវេជ្ជសាស្ត្រនិងឳសថស្ថានក្រុងហូជីមិញ បាននិយាយថា ទំនងជានឹងមានការផ្ទុះជំងឺនេះនៅរលកថ្មីមួយបើសិនជាប្រជាជនមិនបង្កើតភាពស៊ាំអោយសមល្មមសំរាប់ទប់ទល់នឹងវីរុសនេះទេ។
លោកថា ការផ្ទុះជំងឺនេះនៅរលកថ្មីមួយអាចសំគាល់បាននៅពេលចំនួនឆ្លងកើនឡើងជាប់ ធៀបនឹងការឆ្លងកាលពីប៉ុន្មានថ្ងៃមុន។
ទ្រឿង ហ៊ូ ខាញ់(Truong Huu Khanh) អ្នកជំនាញជំងឺឆ្លងនិងជាសមាជិកម្នាក់នៃគណៈកម្មាធិការវាយតំលៃវ៉ាក់សាំងជាតិ បាននិយាយថា វៀតណាមនឹងចាត់ទុកកូវីដ១៩ជាជំងឺធម្មតាមួយក្នុងពេលឆាប់ៗ។
លោកខាញ់បាននិយាយថា បច្ចុប្បន្ន វៀតណាមកំពុងជួបការឆ្លងនៅរលកថ្មីមួយ តែអ្នកជំងឺភាគច្រើបំផុតចេញរោគសញ្ញាស្រាលនិងធ្លាក់ខ្លួនឈឺធ្ងន់តែក្នុងចំនួនតិចតួច ដោយសារតែវាជាវីរុសអូមីក្រុង។ដោយអូមីក្រុងកំពុងគ្របលើការឆ្លងបច្ចុប្បន្នដោយរុញវីរុសដែលតាទៅបាត់បន្តិចម្តងៗ ជំងឺឆ្លងនេះនឹងលែងជាបន្ទុកធំហើយ។នៅពេលវាក្លាយជាជំងឺឆ្លងធម្មតា នោះប្រជាជននឹងឈប់ធ្វើតេស្តិ៍រកវីរុស ដែលជួយកាត់បន្ថយការចំណាយខ្លះ ហើយប្រើតែថ្នាំព្យាបាលរោគសញ្ញាជាការចប់។
ទ្រឿង ហ៊ូ ខាញ់ បានបញ្ជាក់ថា វាសំខាន់ដែលត្រូវវបង្កើតភាពស៊ាំក្នុងសហគមន៍ហើយក្នុងពេលជាមួយគ្នា វិស័យសុខាភិបាលត្រូវតែដណ្តើមការគ្រប់គ្រងលើជំងឺនេះ។
ត្រាន់ ដាក់ ភូ(Tran Dac Phu) ទីប្រឹក្សាជាន់ខ្ពស់ម្នាក់នៅមជ្ឈមណ្ឌលប្រតិបត្តិការសុខាភិបាលសង្គ្រោះបន្ទាន់ បាននិយាយថា បើមិនមានលេចចេញវីរុសបំប្លែងខ្លួនថ្មី ឬមានវ៉ាក់សាំងថ្មីប្រឆាំងនឹងវីរុសថ្មីនេះ និងថ្នាំព្យាបាលជាក់លាក់ណាមួយ នោះកូវីដ១៩អាចក្លាយជាជំងឺធម្មតាមួយនៅយ៉ាងយូរត្រឹមចុងឆ្នាំនេះ៕
អូមីក្រុងចម្លងច្រើនតែសម្រាលបន្ទុកមន្ទីរពេទ្យដោយសារអ្នកជំងឺធ្ងន់ថយចុះ។ទោះជាយ៉ាងណាវានាំអោយឳសថស្ថានមមាញឹកខ្លាំងដោយសារមានអ្នកទៅទិញថ្នាំច្រើនដើម្បីព្យាបាលរោគសញ្ញាកូវីដដោយខ្លួនឯង