ដោយៈ ប​.​ជ័យ / ព្រំដែន​កម្ពុជា ថៃៈ ក្នុងអំឡុង​ខែកុម្ភៈ និង​មីនា ឆ្នាំ​២០២២ ពលករ​ខ្មែរ វិល​ពី​ថៃ មក​កម្ពុជា​វិញ តាម​ច្រកព្រំដែន ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​កើន​ចំនួន ហើយ​អ្នក​វិជ្ជមាន កូ​វីដ​-១៩ ក៏​កើនឡើង គួរអោយកត់សម្គាល់ និង​ក៏​គួរអោយ​បារម្ភ ។​

​នេះ​បើ​យោង​មន្ត្រី​អាជ្ញាធរ​ដែនដី មន្ត្រី​សមត្ថកិច្ច​នគរបាល និង​មន្ត្រី​សុខាភិបាល នៅ​ស្ថានីយ៍​ទទួល​ពលករ​ខ្មែរ ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​ច្រកព្រំដែន​អន្តរជាតិ អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែមីនា ឆ្នាំ​២០២២ ។​

​សម្រាប់​នៅ​ច្រកព្រំដែន​អូរ​បី​ជាន់ តួលេខ​ចំនួន​ពលករ​ខ្មែរ ដែល​អាជ្ញា​ធរមាន សមត្ថកិច្ច​ថៃ ចាប់បញ្ជូន និង​ដែល​សា​ម៉ី​ខ្លួន ពលករ​វិល​វិញ​ខ្លួនឯង គិត​ក្នុង​ខែកុម្ភៈ និង មីនា នេះ មាន​ពី ១៥០ នាក់ ទៅ ៣៥០ នាក់ ក្នុង​១​ថ្ងៃៗ ហើយ អ្នក​វិជ្ជមាន កូ​វីដ​-១៩ ដែល​គ្រូពេទ្យ​ប្រចាំការ ធ្វើតេស្ត​រហ័ស​រកឃើញ មាន​ពី ៥ ទៅ ២០ នាក់ ក្នុងនោះ អ្នក​វិជ្ជមាន មាន​ទាំង​ស្ត្រី កុមារ ផងដែរ​។ ពោលគឺ តាម​ធម្មតា ពលករ​វិល​វិញ មានតែ​ពី ៨០ ទៅ ២០០ នាក់ ក្នុង​១​ថ្ងៃៗ​។ ឯ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ មាន​ពី ១ ទៅ ៥ នាក់ ក្នុង​១​ថ្ងៃៗ​។ ក្នុងចំណោម​ពលករ ដែល​វិជ្ជមាន គឺ​ភាគតិច បានកើត​លើ អ្នក​បាន​ចាក់​វ៉ាក់សាំង ។ តែ​កើត​ច្រើន​លើ​អ្នក​អត់​បាន ចាក់​វ៉ាក់សាំង ដោយ​អ្នក​អត់​បាន ចាក់​វ៉ាក់សាំង មាន​ពី ១៥ ទៅ ២០ ភាគរយ នៃ​ចំនួន​ពលករ សរុប​វិល​វិញ ក្នុង​១​ថ្ងៃៗ ។​

​ចំណែក​មន្ត្រី​ដូចខាងលើ នៅ​ច្រកព្រំដែន​អន្តរជាតិ អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានអោយដឹងថាៈ ក្នុងអំឡុង​ខែមីនា និង​រយៈពេល ឆ្ពោះទៅ​បុណ្យចូលឆ្នាំ​ខ្មែរ ខាងមុខ បរិមាណ​ពលករ​ខ្មែរ វិល​វិញ តាម​ច្រក​នេះ ក៏​កើនឡើង​ខ្ពស់ គឺមាន​ពី ២៥០ ទៅជិត ៥០០ នាក់ ក្នុង​១​ថ្ងៃៗ ។ ហើយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ មាន​ពី ២០ ទៅ ៤០ នាក់ ក្នុង​១​ថ្ងៃៗ ពោលគឺ កើនឡើង​ពី ២ ទៅ ៣ ដង បើ​ប្រៀបធៀប​នឹង​ចំនួន ធម្មតា ពលករ​ខ្មែរ​ឆ្លងដែន ពី​ថៃ មក​កម្ពុជា​វិញ​៕/V​-PC