​ប្រែ​សម្រួល​៖​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី (Volodymyr Zelenskyy)​បាន​និយាយថា ទាហាន​អ៊ុយ​ក្រែន​ប្រមាណ​១.៣០០​នាក់​បាន​ស្លាប់​ក្នុង​ការប្រយុទ្ធ​​គ្នា ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​លោក​មក​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី​១២​មីនា លោក​ហ្សេ​លេន​ស្គី បាន​និយាយថា ទាល់តែ​រុស្ស៊ី​ទម្លាក់​គ្រាប់បែក​កំទេច​ទីក្រុង​គៀវ​រាប​ដល់​ដី​និង​សម្លាប់​មនុស្ស​ក្នុង​ទីក្រុង​នេះ​ទាំង​អស់​ទើប​អាច​​ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​បាន​។​

​លោក​ថា​«​បើ​ការដណ្តើម​កាន់កាប់​រដ្ឋ​ធានី​នេះ​ជា​គោលដៅ​របស់​គេ សូម​អញ្ជើញ​ចូលមក​។​ទោះជា​ពូ​ទីន បញ្ជូន​ជនជាតិ​រុស្ស៊ី​មួយ​លាន​នាក់​មក​ទី​នេះ​ក៏​គេ​មិន​អាច​កាន់កាប់​អ៊ុយ​ក្រែន​បានដែរ​។​ពួកគេ​​អាច​ចូល​ក្នុង​ទីក្រុង​គៀវ តែ​ពួកគេ​ត្រូវ​រស់នៅ​លើ​ទឹកដី​នេះ​តែឯង ពិត​ហើយ​អត់​មាន​ពួក​យើង​ទេ​»​។​

​នៅពេល​មេដឹកនាំ​អ៊ុយ​ក្រែន​ទម្លាយ​ប្រាប់​អំពី​ចំនួន​ស្លាប់​របស់​ទាហាន​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​និយាយ​ថា​យ៉ាងហោច​ណាស់​ជន​ស៊ីវិល​៥៧៩​នាក់​ត្រូវបាន​សម្លាប់​នៅ​អ៊ុយ​ក្រែន​ចាប់​​តាំងពី​ពេល​ចាប់ផ្តើម​សង្គ្រាម និង​ជាង​១.០០០​នាក់​រងរបួស​។​

ជនស៊ីវិលនិងទាហានអ៊ុយក្រែនរងរបួសពីការវាយប្រហាររបស់រុស្ស៊ី

​ទោះជា​យ៉ាងណា មន្ត្រី​អង្គការសហប្រជាជាតិ​ជឿថា ចំនួន​ស្លាប់​និង​រងរបួស​ជន​ស៊ីវិល​ពិតប្រាកដ​អាច​ខ្ពស់​ជាង​នេះ ដោយសារ​តែ​ការទទួល​ព័ត៌មាន​មិន​គ្រប់គ្រាន់​។​

​កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​អ៊ុយ​ក្រែនក៏​និយាយថា​លោក​បើកទ្វារ​សំរាប់​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ប្រទេស​អ៊ីស្រាអែល តែ​ទាល់តែ​មាន​បទ​ឈប់​បាញ់​មួយ​សិន​។​លោក​ វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ណា​ហ្វតា​លី បេន​ណិ​ត​(Naftali Bennett)​ថា​លោក​ត្រៀម​ខ្លួន​ជួប​លោក​ពូ​ទីន នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​តែ​ទាល់តែ​មាន​កិច្ច​ព្រមព្រៀ​​ង​ឈ​បើ​ប្រយុទ្ធ​គ្នា​មួយ​សិន​។​

​សូមបញ្ជាក់​ថា លោក​បេន​ណិ​ត បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទីក្រុង​មូ​ស្គូ ជួប​លោក​ពូ​ទីន​និង​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ហ្សេ​លេន​ស្គី រួម​ទាំង​មេដឹកនាំ​បារាំង​និង​អាល្លឺម៉ង់ នៅ​ពេល​លោក​ស្វះស្វែង​ជួយ​​សម្រុះសម្រួល​អោយ​បញ្ចប់​សង្គ្រាម​នេះ​។​

​លោក ហ្សេ​លេន​ស្គី បាន​និយាយថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ប្រាប់​លោក​អំពី​កិច្ច​ពិភាក្សា​របស់​គាត់​ជាមួយ​ពូ​ទីន​។​លោក​ក៏​បាន​សម្តែង​ការសោកស្តាយ​ដែល​អង្គការ​ណា​តូ​បដិសេធ​ការប្រកាស​តំបន់​​ហាម​ហោះហើ​រលើ​អ៊ុ​យក្រែន ទោះ​ជា​លោក​សុំ​អង្វរ​ក្តី​៕

​ពូ​ទីន បាន​មិន​អើពើ​នឹង​សំណើសុំ​ពិភាក្សា​ពី​លោក ហ្សេ​លេន​ស្គី ម្តង​ជា​ពីរ​ដង​មក​ហើយ​

​ហ្សេ​លេន​ស្គី អះអាងថា ទោះជា​ពូ​ទីន បញ្ជូន​ជនជាតិ​រុស្ស៊ី​មួយ​លាន​នាក់​មក​ទីនេះ ក៏​គេ​មិន​អាច​កាន់កាប់​អ៊ុយ​ក្រែន​បាន​ដែរ​