ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ស្ត្រី​អ្នកភូមិ​ម្នាក់ បាន​ដង្ហក់ ត្រដរខ្យល់ រួច​ជិះ​ម៉ូតូ ទៅ​ដួល​ដាច់ខ្យល់​ស្លាប់ នៅមុខ​ផ្ទះ​គ្រូពេទ្យ​ម្នាក់​។ ឧបទ្ទវ​ហេតុនេះ សមត្ថកិច្ច និង​គ្រូពេទ្យ បាន​សន្និដ្ឋាន​បឋម​ថា អាចមកពី​ជនរងគ្រោះ កោសខ្យល់ ខ្វល់​ខ្លាំង​ខ្លួនឯង ទើប​បណ្ដាល ឲ្យ​ដាច់​សរសៃឈាម​ស្លាប់ ។ ករណីនេះ បានកើត​ឡើង នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ៩​និង​៥៥​នាទី នៅមុខ​ផ្ទះ​របស់​ឈ្មោះ ធាន ធី គ្រូពេទ្យ​មណ្ឌល​សុខភាព បឹង​ត្រកួន នា​ភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត បានអោយដឹងថាៈ ប្រជាពលរដ្ឋ​រងគ្រោះ មានឈ្មោះ ភុំ វៀន ភេទ​ស្រី អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​សំរោង ឃុំ​គោ​រមៀត ។​

​យោង​ប្រជាពលរដ្ឋ ឈ្មោះ រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់​ភូមិ​ខាងលើ​ដែរ បាន​ប្ដឹង​រាយការណ៍ ជូន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ ដូចដែល​បាន​រៀបរាប់ថាៈ ស្ត្រី​រងគ្រោះ​រូបនេះ បាន​ជិះ​ម៉ូតូ ដឹក​ចៅប្រុស អាយុ​ប្រហែល ៨​ឆ្នាំ មក​ផ្ទះ របស់​ឈ្មោះ ធាន ធី ជា​គ្រូពេទ្យ​មណ្ឌល​សុខភាព បឹង​ត្រកួន ភូមិ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។​

​អ្នកស្រី បាន​បន្តថាៈ ពេលនោះ ជនរងគ្រោះ បាន​ស្រែកហៅ​ឈ្មោះ ផល (​ប្រពន្ធ​ពេទ្យ ធី​) ដែល​គាត់​កំពុង​សម្រាក នៅ​កញ្ចុះ​មុខផ្ទះ ដោយ​ប្រាប់ថា សូមជួយ​អ្នកស្រី​ផង ដោយមាន អាកា​រៈ ថប់ដង្ហើម មិន​ស្រួលខ្លួន ពិបាក​ណាស់ ។ មិនទាន់បាន​តបសំដី​ផង ស្ត្រី​រងគ្រោះ ក៏បាន​ដួលសន្លប់ នៅលើ​គ្រែ ក្នុងផ្ទះ​ពេទ្យ នោះ​ទៅ ។​

​ពលរដ្ឋ​រូបនោះ បាន​បន្តថាៈ អ្នកស្រី ប្រពន្ធ​ពេទ្យ និង​គ្រូពេទ្យ បាន​ខិតខំ​ជួយ សង្គ្រោះ និង​ធ្វើ​ចលនា​បេះដូង ។ ប៉ុន្តែ​ជួយ​បាន​មួយសន្ទុះ គ្រូពេទ្យ​ខាងលើ បាន​ប្រាប់ថា ជនរងគ្រោះ ឈ្មោះ​ខាងលើ បាន​ដាច់ខ្យល់​ស្លាប់​ហើយ ។​

​សមត្ថកិច្ច​នគរបាល និង​គ្រូពេទ្យ បាន​សន្និដ្ឋាន​បឋម​ថាៈ ស្ត្រី​រងគ្រោះ​ខាងលើ មាន​អាកា​រៈ កើត​ខ្យល់ ហើយ​បាន​កោសខ្យល់ ខ្វល់​ខ្លួនឯង ទើប​បណ្ដាល ឲ្យ​ដាច់​សរសៃឈាម​ស្លាប់ ក្នុង នោះ ឃើញ​ស្លាកស្នាម​លើ​ដើមទ្រូង​របស់ ស្ត្រី​រងគ្រោះ មាន​ស្នាម​ជាំ ដោយ​កោសខ្យល់​៕/V​-PC