​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​មួយរូប បាន​ចេញ​ការព្រមាន​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​អាច​វាយប្រហារ​លើ​ក្បួន​ដឹកជញ្ជូន​គ្រឿង​សព្វាវុធ​របស់​លោក​ខាងលិច​ទៅកាន់​អ៊ុ​យក្រែន​។​

​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍ អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក សឺ​ហ្គេ រី​យ៉ា​កូវ​(Sergei Ryabkov)​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានព្រមាន​អាម៉េរិកថា​ខ្លួន​មើលឃើញ​ការដឹកជញ្ជូន​សព្វាវុ​ធ​លោក​ខាង​​លិច​ទៅ​អោយ​អ៊ុយ​ក្រែនជា​គោលដៅ​វាយប្រហារ​ស្របច្បាប់​។​

​រី​យ៉ា​កូវ បាន​និយាយថា​រុស្ស៊ី​«​បាន​ព្រមាន​អាម៉េរិក​ថា ការបញ្ជូន​អាវុធ​ពី​ប្រទេស​មួយចំនួន ដែល​អាម៉េរិក​ដឹកនាំ​ធ្វើ មិន​ត្រឹមតែ​ជា​ទង្វើ​គ្រោះថ្នាក់​មួយ តែ​វា​ជា​អំពើ​មួយ​ដែល​នឹង​នាំអោយ​ក្បួន​ដឹកជញ្ជូន​​ទាំងនោះ​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយ​ស្របច្បាប់​»​។​

​លោក​ក៏​បាន​ថ្កោលទោស​ទណ្ឌកម្ម​របស់​អាម៉េរិកលើ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ថា​ជា​«​ការប៉ុនប៉ង​ខ្លាំង​បំផុត​មិន​ដែន​មាន​ពី​មុន​ដើម្បី​សំពង​លើ​វិស័យ​ផ្សេងៗ​នៃ​សេដ្ឋកិច្ច​រុស្ស៊ី តែ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នឹង​លៃលក​​ក្នុង​វិធី​បែប​ថ្លឹងថ្លែង​មួយ​ដើម្បី​បញ្ចៀស​ការធ្វើអោយ​ឈឺចាប់​ខ្លួនឯង​។​រុស្ស៊ី​មិន​មាន​បំណង​បណ្តេញ​សារព័ត៌មាន​និង​ធុរកិច្ច​លោកខាងលិច​ចំពេល​ភាព​តានតឹង​កើនឡើង​»​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី ថា​ការដឹក​ជញ្ជូន​សព្វាវុធ​លោកខាងលិច​អោយ​អ៊ុយ​ក្រែន​កាន់តែ​ធ្វើអោយ​សភាពការណ៍​ស្មុគស្មាញ​និង​ធ្វើអោយ​ក្បួន​ដឹក​សព្វាវុធ​ក្លាយជា​គោលដៅ​ស្របច្បាប់​របស់​កងកម្លាំង​​រុស្ស៊ី​

​នៅពេល​ត្រូវ​បាន​សួរ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​Channel One ថា​តើ​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដើម្បី​សុំ​ផ្តល់​ការធានា​សន្តិសុខសំរាប់​អាម៉េរិក​និង​ណា​តូ​នៅតែ​ត្រូវ​អនុវត្ត​ឬ​លោក​​រី​យ៉ា​កូវ បាន​តប​ថា​លោក​«​មិន​គិត​ថា សំណើ​ដូច្នេះ​អាច​នៅ​ត្រូវ​អនុវត្ត​ទៀត​ទេ​»៕