ដោយ:មុនីរ័ត្ន/ភ្នំពេញ​ :​ អ្នកនាំពាក្យក្រសួងព័ត៌មាន​ លោកមាស​ សុភ័ណ្ឌ​ បានបញ្ជាក់ប្រាប់​ថា​ ពាក់ព័ន្ធនឹង​ទៅនឹងការថ្កោលទោស​របស់សមាគមសារព័ត៌មាន​ខេមបូចា​ បានចោទប្រកាន់ថា អ្នកសារព័ត៌មាន​VOD ពីររូប​ ត្រូវបានគំរាមកំហែងដោយកម្លាំងអាជ្ញាធរ មិនឲ្យថតរូប និងបង្ខំឲ្យលុបរូបភាព ក្នុងកំឡុងពេលយកព័ត៌មានអំពីការបន្តធ្វើកូដកម្មនៅណាហ្គាវើលដ៍​ ជារឿង​មិនពិតដូច​ការចោទប្រកាន់​នោះ​។

លោក មាស​ សុភ័ណ្ឌ​ បានបន្តថា​ បេីតាមការរាយការណ៍របស់មន្ទីរ​ព័ត៌មាន​រាជធានីភ្នំពេញ​ ដោយបានបញ្ជាក់ជាមួយលោកស្នងការរងទទួលបន្ទុកកិច្ចការនៅទីតាំងនោះបានបញ្ជាក់ថា​ នៅពេលដែលសមត្ថកិច្ចកំពុងអនុវត្តតួនាទី​ និងភារកិច្ចរបស់ខ្លួននៅទីតាំងនោះ​ អ្នកការសែតនោះ​ បានចូលទៅក្នុងក្រុមបាតុករ​ ហេីយ​សមត្ថកិច្ចស្មានថាពួកគាត់ជាក្រុមបាតុករ​ ដែល​សមត្ថកិច្ច​តម្រូវ​អោយឡេីងរថយន្តដេីម្បីទៅធ្វេីចត្តាឡីស័ក​ ប៉ុន្តែ​នៅពេលលោកស្នងការរងចុះទៅពិនិត្យ​ និងសួរនាំទេីបដឹងថាជាអ្នកសារ​ព័ត៌មាន​ ហេីយក៍មិនបានតម្រូវអោយឡេីងរថយន្តដេីម្បីធ្វេីចត្តាឡីស័កនោះទេ។ សមត្ថកិច្ច​ពុំបានគំរាមកំហែងអោយលុបរូបភាពនោះទេ។ កាលដែលអ្នកកាសែត​នោះ​ លេីកឡេីងថា​សមត្ថកិច្ច​គំរាមកំហែង​អោយលុបរូបភាពនោះ​ វាជារឿងមិនពិត​នោះទេ​ នេះជាការ​ចោទប្រកាន់​របស់​ពួក​គាត់​មកលេីសមត្ថកិច្ចតែប៉ុណ្ណោះ។ ដូច្នេះ​សមត្ថកិច្ច​មិនបាន​ប្រព្រឹត្ត​ដូចការចោទប្រកាន់​ខាងលេី​នេះនោះទេ​ ហេីយករណីនេះ​ក៍មិនអាចចោទ​ប្រកាន់​សមត្ថកិច្ច​ថា​ បាន​គំរាម​កំហែង​ ឬធ្វេី​ទុក្ខ​បុក​ម្នេញ​ដល់អ្នកកាសែតនោះដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន​បានបញ្ជាក់ផងដែរថា​ ការអនុវត្តសិទ្ធិសេរី​ភាព​ និងការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារ​ព័ត៌មាន​ ត្រូវបានធានាការពារដោយច្បាប់​ នឹង​លិខិត​បទដ្ឋានគតិយុត្តិ​ជាធរមាន​។ ដូច្នេះលោកសូម​លេី​កទឹកចិត្តដល់អ្នកសារ​ព័ត៌មាន​ដែលកំពុង​ប្រកបវិជ្ជាជីវៈ​សារព័ត៌មាន​ទាំងអស់នៅកម្ពុជា​ សូមប្រេីសិទ្ធិនេះអោយបានត្រឹមត្រូវតាមច្បាប់​ និងការទទួលខុសត្រូវខ្ពស់​ ព្រមទាំងគោរពអោយបានជានិច្ចនូវក្រម​សីលធម៌​វិជ្ជាជីវៈ​ សារព័ត៌មាន​ និងមិនគួរគប្បីប្រេីប្រាស់​សិទ្ធិ​នេះ​ ទៅបំពានដល់សិទ្ធិ​ និងតួនាទីភារកិច្ចរបស់​អ្នក​ដទៃនោះឡេីយ​ និងក៍សូម​អំពាវនាវ​ផងដែរ សូម​អោយ​អ្នក​សារព័ត៌មាន​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្តពង្រឹង​នូវ​កិច្ច​សហការ​ល្អ​ និងឈរលេី​ស្មារតី​ខ្ពស់​ក្នុងការ គោរព​សិទ្ធិ​គ្នាទៅវិញទៅមក៕​សរន