ដោយ​: សុផល / ភ្នំពេញ​: ក្នុងឱកាស​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២២ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាពជា​ដៃគូ​យ៉ាងសកម្ម និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុមគ្រួសារ​យុវជន​ស​.​ស​.​យ​.​ក​.​ខេត្ត ជាមួយ​អាជ្ញាធរខេត្ត ក្នុង​កិច្ចការ​អភិវឌ្ឍ​នានា​ក្នុង​ខេត្តស្វាយរៀង​។

​លោក​អភិបាលខេត្ត​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​នៃ​វត្តមាន និង​ការចូលរួម​របស់​យុវជន​ក្នុង​បេសកម្ម​ដឹកនាំ កសាង សមិទ្ធផល​នានា​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​ផ្ទាល់​។

​លោក ម៉ែន វិបុល បាន​មានប្រសាសន៍ថា​៖ «​ការចូលរួម​កសាង​ប្រទេសជាតិ គឺជា​កាតព្វកិច្ច​មួយ​ដ៏​ចម្បង​របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​គឺ​យុវជន ព្រោះ​យុវជន ជា​អនាគត​នៃ​អ្នក​បន្ដវេន​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​»​។​

​ជាមួយគ្នានេះ លោក​បាន​បន្ត​មានប្រសាសន៍ថា ការអភិវឌ្ឍន៍​ក្នុងសង្គម​មួយ​មិនមែន​មានតែ​ការដឹកនាំ​របស់​អ្នកដឹកនាំ​តែ​ម្នាក់​នោះទេ គឺ​ចាំបាច់​មានការ​ចូលរួម​ចំណែក​ពី​គ្រប់​ប្រជាពលរដ្ឋ​ទាំងអស់ ហើយ​ចំណុច​សំខាន់​នៃ​ការចូលរួមចំណែក​ក្នុងសង្គម​គឺ​ដើម្បី​ជា​ប្រយោជន៍​មួយ​សម្រាប់​អនាគត​របស់​ប្រទេសជាតិ ។​

​សូម​ជម្រាបជូន​ថា ពិធី​សំណេះសំណាល​ជាមួយ​គណៈកម្មការ​ធិ​ការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុង​រចនាសម្ព័ន្ធ​ស​.​ស​.​យ​.​ក​. ខេត្តស្វាយរៀង បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក​ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. ហើយក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សាភិបាល​ខេត្តស្វាយរៀង លោក​ម៉ែន វិបុល អភិបាល​ល​នៃ​គណៈ​អភិបាល លោក ឌី វិជ្ជា អនុប្រធាន ស​.​ស​.​យ​.​ក​. និង​ជា ប្រធាន ស​.​ស​.​យ​.​ក​.​ខេត្តស្វាយរៀង រួមជាមួយ​សមាជិក សមាជិកា ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ខេត្តស្វាយរៀង​ផ្ទាល់​៕​