ដោយៈ គង់​ហេង​/ កំពង់ចាមៈ នៅ​ថ្ងៃអាទិត្យ​ថ្ងៃទី ១៣ មីនា​នេះ បេសកកម្ម ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក ហ៊ុន ម៉ា​នី បាន​ចុះ​ព្យាបាល​ជំងឺ​ទូទៅ​ជូន ប្រជាពលរដ្ឋ​ឥតគិតថ្លៃ ទៅដល់​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ហើយ​នៅ​ថ្ងៃទី ១៤ មីនា ថ្ងៃស្អែក​ក្រុមគ្រូពេទ្យ​មួយ​នេះ នឹង​បន្ត​បេសកកម្ម​របស់ខ្លួន នៅ​ក្រុង កំពង់ចាម​។​

​ការព្យាបាល​ជំងឺ​នេះ​បាន​រៀបចំឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ​ព្រែក​ដំបូក ឋិត​ក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ពី​សំណាក​គ្រូពេទ្យ​ប្រមាណ ៤០០ នាក់ ដឹកនាំ​ដោយ​លោក ឡេង ផល្លី ជា​ប្រធាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក ហ៊ុន ម៉ា​នី និង​មាន​ការទទួល​ស្វាគមន៍​ពី​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​លោក លូ គឹមឈុន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្រី​សន្ធរ ព្រមទាំង​លោក លោកស្រី ជា​សហការី​ជាច្រើនរូប​ទៀត​។​

​មាន​ប្រជាពលរដ្ឋ​ជាង ១.០០០ នាក់ បាន​អញ្ជើញ​មក​ទទួល​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ខាង​អាជ្ញាធរ​បានរៀបចំ​កន្លែង​អង្គុយ រង់ចាំ​ពិនិត្យ និង​ព្យាបាល បាន​រក្សា​គម្លាត​សុវត្ថិភាព​គោរព តាម​វិធាន​សុខាភិបាល​៕srn​-pc