ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​អ្នកកាសែត​ថត​វីដេអូ​អាម៉េរិក​ម្នាក់​បាន​ស្លាប់​និង​អ្នកកាសែត​ម្នាក់​ទៀត​រង​របួស​នៅ​ពេល​រថយន្ត​របស់​គេ​រង​ការវាយប្រហារ​ពី​កងកម្លាំង​​រុស្ស៊ី​នៅ​អ៊ុ​យក្រែន នេះ​បើ​តាម​ប៉ូលិស​តំបន់​គៀវ​បាន​និយាយ​។​

​កងកម្លាំង​ប៉ូលិស​បាន​និយាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ថា ទាហាន​រុស្ស៊ី​បាន​បាញ់ប្រហារ​លើ​រថយន្តរ​បស់​លោក ប្រិ​ន រី​ណូត​(Brent Renaud)​និង​​អ្នកកាសែត​ម្នាក់​ទៀត​នៅ​ទីក្រុង​អៀ​ពី​ន​(Irpin)​ក្បែរ​រដ្ឋធានី​គៀវ​។​

​អ្នកកាសែត​រងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​គៀវ​។​

​អ្នកនាំពាក្យ​កាសែត​New York Times​ម្នាក់​បាន​និយាយថា​លោក​រី​ណូត អាយុ​៥០​ឆ្នាំ ជា​អ្នក​ថតរូប​ដ៏​ជំនាញ​ម្នាក់ ដែល​បាន​ចូលរួម​ដល់​សារព័ត៌មាន The New York Times​អស់​ពេល​រាប់​ឆ្នាំ តែ​លោក​មិន​បំរើការ​អោយ​ស្ថាប័ន​នេះ​ទេ​ក្នុងពេល​លោក​ត្រូវបាន​សម្លាប់​។​

​កងកម្លាំង​ប៉ូលិស​បាន​និយាយថា «​ពិតណាស់ អាជីព​កាសែត​ប្រឈម​គ្រោះថ្នាក់​។​ទោះជា​យ៉ាង​ដូច្នេះ​ក្តី ពលរដ្ឋ​អាម៉េរិ​កប្រិន រីណូ​ត​បាន​បូជាជីវិត​ដើម្បី​រំលេច​អោយ​ពិភព​​លោក​ឃើញ​ភាពព្រៃផ្សៃ​គ្មាន​មេត្តា​របស់​ពួក​ឈ្លានពាន​»​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​របាយការណ៍​ស្លាប់​អ្នកកាសែត​អាម៉េរិក​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន លោក ជេ​ក ស៊ុល​លី​វ៉ាន​(Jake Sullivan)​បាន​ប្រាប់​សារព័ត៌មាន​CBS News​ថា រដ្ឋាភិបាល​អាម៉េរិក​នឹង​ប្រឹក្សា​យោបល់​ជាមួយ​អ៊ុយ​ក្រែន​ដើម្បី​កំណត់​ថា​តើ​ហេតុការណ៍​នេះ​វា​បាន​កើតឡើង​យ៉ាងណា​ហើយ​បន្ទាប់មក​នឹង​«​ឆ្លើយតប​សម​​ស្រប​»​។​

​លោក​ថា «​នេះ​ជា​ផ្នែក​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី ដោយ​ពួកគេ​ផ្តោត​ការវាយប្រហា​រលើ​ជន​ស៊ីវិល មន្ទីរពេទ្យ ទី​សក្ការ​និង​អ្នកកាសែត​»​។​

​ការវាយប្រហារ​នេះ​កើត​ឡើង​នៅ​ពេល​ទីក្រុង​អៀ​ពី​ន​រង​ការបាញ់​ផ្លោង​យ៉ា​ខ្លាំង​ពី​កងកម្លាំង​រុស្ស៊ី​៕

​អតីត​អ្នកកាសែត​New York Times​ត្រូវបាន​សម្លាប់​នៅ​អ៊ុ​យក្រែន​