ប្រែសម្រួល : កញ្ញាដាលីស,បំណង (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកនិងចិននឹងបញ្ជូនជំនួយការកំពូលទៅជួបគ្នានៅទីក្រុងរ៉ូមនៅថ្ងៃចន្ទទី១៤មីនានេះចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និង ខណៈដែលសហរដ្ឋអាម៉េរិកនិយាយថា រុស្ស៊ីបានស្នើសុំឧបករណ៍យោធាពីចិនដើម្បីជួយជំរុញយុទ្ធនាការរបស់ខ្លួន។
នៅមុនកិច្ចចរចា ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ុលលីវ៉ាន់ (Jake Sullivan) បានព្រមានចិនយ៉ាងបើកចំហឱ្យចៀសវាងជួយរុស្ស៊ីឱ្យគេចពីការដាក់ទណ្ឌកម្មរបស់ពិភពលោក ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី។ លោកបាននិយាយថា “យើងនឹងមិនអនុញ្ញាតឱ្យរឿងនោះបន្តទៅមុខបានឡើយ”។
ក្រុមមន្ត្រីអាម៉េរិកក៏កំពុងចោទប្រកាន់ចិនផងដែរថាជួយផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី ដែលអាចជាលេសសម្រាប់កងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីនវាយប្រហារអ៊ុយក្រែនដោយអាវុធគីមីឬជីវសាស្ត្រ។
ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យចិនស្ថិតក្នុងទីតាំងផុយស្រួយជាមួយនឹងដៃគូពាណិជ្ជកម្មធំបំផុតទាំងពីរគឺសហរដ្ឋអាម៉េរិកនិងសហភាពអឺរ៉ុប។ ចិនត្រូវការចូលទៅកាន់ទីផ្សារទាំងនោះ ប៉ុន្តែចិនក៏បានបង្ហាញការគាំទ្រសម្រាប់ទីក្រុងមូស្គូផងដែរ ដោយបានចូលរួមជាមួយរុស្ស៊ីក្នុងការប្រកាសមិត្តភាព “ដោយគ្មានដែនកំណត់”។
នៅក្នុងកិច្ចពិភាក្សារបស់គាត់ជាមួយទីប្រឹក្សាគោលនយោបាយការបរទេសជាន់ខ្ពស់របស់ចិនលោក យ៉ាង ជីឈី (Yang Jiechi)លោកស៊ុលលីវ៉ាន់នឹងស្វែងរកការរឹតត្បិតនៅក្នុងអ្វីដែលទីក្រុងប៉េកាំងនឹងធ្វើសម្រាប់ទីក្រុងមូស្គូ។
លោកបានប្រាប់ CNN ក្នុងបទសម្ភាសន៍នៃកម្មវិធីព័ត៌មានថ្ងៃអាទិត្យថា”ខ្ញុំនឹងមិនអង្គុយនៅទីនេះជាសាធារណៈនិងប្រលែងលេងជាមួយការគំរាមកំហែងនោះឡើយ។ប៉ុន្តែអ្វីដែលខ្ញុំនឹងប្រាប់អ្នកគឺថាយើងកំពុងទាក់ទងដោយផ្ទាល់និងជាលក្ខណៈឯកជនទៅកាន់ទីក្រុងប៉េកាំងថា ពិតជានឹងមានផលវិបាក ប្រសិនបើចិនជួយរុស្ស៊ីបំពេញការខាតបង់របស់ខ្លួនពីការដាក់ទណ្ឌកម្ម”។
លោកនិយាយថា “យើងនឹងមិនអនុញ្ញាតឱ្យរឿងនេះបន្តទៅមុខនិងអនុញ្ញាតឱ្យមានខ្សែជីវិតសម្រាប់រុស្ស៊ីពីទណ្ឌកម្មសេដ្ឋកិច្ចទាំងនេះពីប្រទេសណាមួយក្នុងពិភពលោកបានឡើយ”។
លោកបានប្រាប់CNNកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនជឿថាចិនដឹងផែនការខ្លះរបស់រុស្ស៊ីក្នុងការចូលឈ្លានពានអ៊ុយក្រែនមុនពេលវាកើតឡើង ទោះជាមិនដឹងវាល្អិតល្អន់ក្តី។ក្រោយការឈ្លានពានបានចាប់ផ្តើម រុស្ស៊ីបានស្វះស្វែងរកគ្រឿងសព្វាវុធនិងការគាំទ្រពីចិន។
តែនៅពេលសួរអំពីសំណើរបស់រុស្ស៊ីសំរាប់ជំនួយយោធា ដែលសារព័ត៌មានFinancial Timesបានរាយការណ៍ដំបូងគេ លោក លីវ ប៉េងយូ(Liu Pengyu) អ្នកនាំពាក្យស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនបាននិយាយថា«ខ្ញុំមិនដែលឮរឿងណឹងផង»។លោកបាននិយាយថា ចិនមើលឃើញសភាពការណ៍បច្ចុប្បន្ននៅអ៊ុយក្រែន«គួរអោយព្រួយបារម្ភ»និង«យើងគាំទ្រហើយលើកទឹកចិត្តអោយមានកិច្ចខិតខំស្វែងរកដំណោះស្រាយដោយអហិង្សាមួយចំពោះវិបត្តិនេះ»។
លោកលីវ បាននិយាយថា «គួរខិតខំជាអតិបរមាដើម្បីគាំទ្ររុស្ស៊ីនិងអ៊ុយក្រែននៅក្នុងការបន្តកិច្ចចរចា ទោះជាសភាពការណ៍លំបាកក្នុងការបង្កើតចេញលទ្ធផលដោយសន្តិវិធីមួយ»ក្តី៕
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ុលលីវ៉ាន់ ព្រមានថា ចិននឹងជួបផលវិបាកបើរដ្ឋាភិបាលក្រុងប៉េកាំងជួយអោយរុស្ស៊ីគេចពីទណ្ឌកម្ម។លោកនឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ចិនលោកយ៉ាង ជីឈី នៅថ្ងៃចន្ទទី១៤មីនា