​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​កំពុង​ស្នើសុំ​ជំនួយ​យោធា​និង​សេដ្ឋកិច្ច​សំរាប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​អាម៉េរិក​កាលពី​ថ្ងៃអាទិត្យ នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​​ពី​មន្ត្រី​សេត​វិមាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អំពី​ការ​ប្រឈម​នឹង​«​ផលវិបាក​ធ្ងន់ធ្ងរ​»​បើសិនជា​ចិន​ជួយ​រុស្ស៊ី​អោយ​គេចវេស​ទណ្ឌកម្ម​។​

​មន្ត្រី​អាម៉េរិក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រុស្ស៊ី​បាន​ស្នើសុំ​ជំនួយ​ជា​គ្រឿង​បរិក្ខា​យោធា​និង​ការគាំទ្រ​ពី​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​ខ្លួន​។​

​បើ​តាម​កាសែត the New York Times ដែល​បាន​និយាយ​យោង​តាម​មន្ត្រី​សុំ​មិន​បញ្ចេញ​ឈ្មោះ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ស្នើសុំ​ជំនួយ​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ពេល​ខ្លួន​ទទួលរង​ទណ្ឌកម្ម​​ខ្លាំង​បំផុត​ពី​ពិភពលោក​ខាង​លិច​។​

​តែ​អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​អង្គភាព​សារព័ត៌មាន​ជា​ច្រើន​ថា​«​ខ្ញុំ​មិនដែល​ឮ​រឿង​ណឹងផង​»​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បដិសេធ​មិន​ព្រម​ថ្កោលទោស​ប្រតិបត្តិការ​យោធា​រុស្ស៊ី​ចូល​ក្នុងប្រទេស​អ៊ុយ​ក្រែនថា​ជា​«​ការឈ្លានពាន​»​មួយ និង​បាន​បន្ទោស​អង្គការ​ណា​តូ​ថា​គិតតែ​ពង្រីក​​សមាជិកភាព​ឆ្ពោះ​មកកាន់​ព្រំដែន​រុស្សី​ដោយ​មិន​ខ្វល់​នឹង​ការព្រួយបារម្ភ​សន្តិសុខ​ពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ឡើយ​។​

​មន្ត្រី​សេត​វិមាន​អាម៉េរិក​បាន​និយាយថា សេត​វិមាន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា​តើ​ចិន​ផ្តល់​ការគាំទ្រ​ជា​សម្ភារ​និង​សេដ្ឋកិច្ច​ដល់​រុស្ស៊ី​ដើម្បី​ជួយ​អោយ​ប្រទេស​នេះ​គេចវេស​ពី​ទណ្ឌកម្ម​ដែរ​ឬ​អត់​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទើប​បញ្ជាក់​កាលពី​សប្តាហ៍​មុន​ថា មិត្តភាព​របស់​ខ្លួន​ជាមួយ​រុស្ស៊ី​«​រឹង​ដូច​ថ្ម​»​ទោះ​ជា​អន្តរជាតិ​ថ្កោលទោស​រុស្ស៊ី​និង​បាន​បង្ហាញ​ចេតនា​ចង់​ជួយ​សម្រុះសម្រួល​អោយ​មាន​ការចរចា​​បញ្ចប់សង្គ្រាម​៕

​អាម៉េរិក​ផ្តល់ជំនួយ​យោធា​រាប់រយ​លាន​ដុល្លារ​ដល់​អ៊ុ​យក្រែន ចិន​ត្រឹម​អំពាវនាវ​កុំអោយ​«​បន្ថែម​ប្រេង​លើ​អណ្តាតភ្លើង​» តែ​ចិន​មិនទាន់​ជួយ​រុស្ស៊ី​ផង អាម៉េរិក​គំរាម​បាត់​