ដោយៈ ប.ខុន / ភ្នំពេញៈ ប៉ុស្តិ៍ប៉ម ចំនួន ១២ ដែលឧបត្ថម្ភការសាងសង់ឡើង ដោយអ្នកឧកញ៉ា ទ្រី ភាព នៅលើឆ្នេរសមុទ្រ ក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីប្រគល់ ទទួលនៅព្រឹក ថ្ងៃទី១៤ ខែមីនា ដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព សម្រាប់ឆ្មាំសមុទ្រ ប្រើប្រាស់ ក្នុងការការពារសុវត្ថិភាព ដល់ភ្ញៀវលេងកម្សាន្ត នៅតាមឆ្នេរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ នៅក្នុងពិធីប្រគល់ ទទួល ប៉ុស្តិ៍ប៉មនេះថាៈ ថ្ងៃនេះ យើងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវប៉ុស្តិ៍យាម ឬប៉មយាម សម្រាប់ឆ្មាំសមុទ្ររបស់យើង នៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ មានចំនួន ១២ ប៉ម។ ដោយសារការខិតខំ របស់រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាត ឱ្យយើងប្រើប្រាស់ នូវថវិកា សម្រាប់ធ្វើការអភិវឌ្ឍ ខេត្តព្រះសីហនុ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំណាយថវិកាយ៉ាងច្រើន ដើម្បីកែលម្អផ្លូវថ្នល់ ឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន ក្នុងខេត្តព្រះសីហនុ ដែលដឹកនាំស្ថាបនា ដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា។
លោកអភិបាលខេត្ត បានលើកឡើងទៀតថាៈ យើងបានបើកឆ្នេរសមុទ្ររបស់យើង ជាលំហរសាធារណៈ សម្រាប់ឱ្យភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្តសប្បាយ។ ពីមុន ឆ្នេរនេះ ត្រូវបានប្រើប្រាស់ របស់ឯកជន ពុំមានលំហរសាធារណៈ ក្រោយកិច្ចខិតខំប្រឹងប្រែង របស់យើង បានធ្វើឱ្យឆ្នេរនេះ ក្លាយជាលំហរសាធារណៈ មានប្រវែងជាង ១៦ គីឡូម៉ែត្រ និង ពយជាង ៤ គីឡូម៉ែត្រ។ យើងបានរៀបចំ ដាក់ពោងសុវត្ថិភាពដើម្បីបែងចែកតំបន់ សម្រាប់អ្នកហែលទឹកលេង ឱ្យមានសុវត្ថិភាព ពីទូក កាណូត ឬ មធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាព នៅពេលមានខ្យល់ ឬប្រការណាមួយ។
ប៉មទាំង ១២ នេះ ជាអំណោយរបស់អ្នកឧកញ៉ា ទ្រី ភាព ជូនដល់រដ្ឋបាលខេត្ត ប្រើប្រាស់ ជាសម្បត្តិរួម របស់យើងទាំងអស់គ្នា។
ក្នុងឱកាសខាងលើ លោក គួច ចំរើន បានធ្វើការណែនាំ ដល់បងប្អូនឆ្មាំសមុទ្រ ត្រូវប្រើប្រាស់ប៉ម ឱ្យបានត្រឹមត្រូវ ដោយឆ្មាំម្នាក់ៗ ត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈ មួយចំនួនទៀត ដើម្បីផ្តល់ព័ត៌មាន និងជួយសង្គ្រោះ ដល់អ្នកទេសចរ មកលេងទឹក ក្នុងករណីមានឧប្បត្តិហេតុ ចៃដន្យណាមួយ។
នៅក្នុងពិធីប្រគល់ទទួលប៉ុស្តិ៍នេះ អ្នកឧកញ៉ា ទ្រី ភាព ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូន បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំសមុទ្រ ចំនួន ៧៥ នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀល៕/V