ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូ ៣ ខ្សែ នៅតំបន់ រង្វង់មូល ទូកមាស ដែលស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ក្នុងពេលនេះ បាននិងកំពុងរងការ ខូចខាតបាក់ស្រុត និងប៉ោងផុលជាច្រើនកន្លែង ដោយសារតែរថយន្តដឹកដី ផ្ទុកលើសទម្ងន់ មិនស្ដាប់ការណែនាំ ពីអាជ្ញាធរ និងមន្ត្រីជំនាញ ។
ករណីខាងលើនេះ ប្រធានមន្ទីរសាធារណការខេត្ត និងលោកអភិបាល ក្រុងកំពង់ឆ្នាំង បានមានប្រសាសន៍ថា កន្លងមក លោកធ្លាប់បានធ្វើការ អប់រំណែនាំ រួចមកហើយ តែបើអ្នកបើកបររថយន្តដឹកដី នៅគឃ្លើញនោះ មន្ត្រីជំនាញ និងអាជ្ញាធរក្រុង នឹងសហការគ្នា ចាត់វិធានការតាមវិធានការច្បាប់ ដោយមិនបន្តអត់ឱន ទៀតនោះឡើយ។
ទាក់ទងនឹងករណីនេះ លោក យិន សាវេ៉ន អភិបាលក្រុងកំពង់ឆ្នាំង នៅរសៀល ថ្ងៃទី១៣ ខែមីនា នេះ បាននិយាយតាមទូរស័ព្ទឱ្យដឹងថាៈ កន្លងមក ២ ទៅ ៣ ខែនេះ អាជ្ញាធរក្រុង ធ្លាប់ បានហៅអ្នកបើកបររថយន្តដឹកដី មកអប់រំ ពីរ បីដងហើយ ដោយបានអោយបញ្ឈប់ ការដឹកជញ្ជូនដី គ្មានច្បាប់ អនុញ្ញាតរួច ហើយ គឺពេលដឹកដី ត្រូវមានច្បាប់អនុញ្ញាត ពីមន្ទីរជំនាញ និងអាជ្ញាធរ ជាមុន ។
រថយន្តដឹកដី ត្រូវដឹកដី ទៅតាមទម្ងន់កំណត់ នៃចំណុះរថយន្ត ដោយមិនឱ្យ ដឹកលើស ចំណុះនោះឡើយ ដូចជារថយន្តចំណុះ ៥ តោន ត ទ្រុង ឡើងលើ ដឹកបាន ៧ តោនជាដើម គឺជាទង្វើខុស ច្បាប់បច្ចេកទេស នៃរថយន្ត ។ ម្យ៉ាងទៀត ការដឹកដីរថយន្ត ត្រូវតែមានគំរប មិនឱ្យជ្រុះដី នៅលើផ្លូវឡើយ ហើយ ពេលមានភ្លៀង ក៏មិនអនុញ្ញាត អោយដឹកដីឡើយ និងរយៈពេលពីរ បី ខែ កន្លងមកនេះ អាជ្ញាធរ ពុំបានអនុញ្ញាត ឲ្យមានការដឹកជញ្ជូនដី នៅតំបន់ ខាងលើនេះឡើយ ដូច្នេះបើពេលនេះ នៅមានរថយន្តដឹកដីខុស ច្បាប់បែបនេះ មែន អាជ្ញាធរ និងមន្ត្រីជំនាញ និងសហការគ្នា ចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនលើក លែងនោះឡើយ ។
ដោយឡែក លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងវិញ បានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថាៈ ពិតជាពិបាកណាស់ រឿងខាងលើនេះ ការងារទទួលខុស ត្រូវ ក្នុងរឿងនេះ គឺសមត្ថកិច្ចចម្រុះ ត្រូវសហការគ្នា ចុះបង្ក្រាប ទើបមានប្រសិទ្ធភាព និងក៏ត្រូវមានការគាំទ្រ ពីរដ្ឋបាលខេត្តផងដែរ ។
សូមបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋ រស់នៅតំបន់ខាងលើនេះ ក៏ធ្លាប់សំណូម ពរថា ការដឹកដី នៅតំបន់ខាងលើនេះ ក្រុមហ៊ុនដឹកដី មិនបានបាញ់ទឹកតាម ផ្លូវលំនោះទេ បណ្ដាលឱ្យដីហុយ ប៉ះពាល់ដល់សុខភាពពួកគាត់ និងបើកបរ រថយន្ត លឿនៗណាស់ ប៉ុន្តែមិនដែលឃើញមាន សមត្ថកិច្ច ឬអាជ្ញាធរណាមួយ ជួយទប់ស្កាត់នោះឡើយ ។
ម្យ៉ាងទៀត ផ្លូវបេតុង និងផ្លូវកៅស៊ូ នៅតំបន់ខាងលើនេះ ដែលកសាងឡើង ដោយថវិកាជាតិ បានបាក់ស្រុតប៉ោងផុល ជាច្រើនកន្លែង ក៏មិនឃើញមន្ទីរជំនាញ ឬអាជ្ញាធរ ចាត់វិធានការ អោយមានប្រសិទ្ធភាពនោះឡើយ ។ រឿងនេះ សូមលោកអភិបាល ខេត្តកំពង់ឆ្នាំង មេត្តាជួយមើល និងជួយចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពផងចុះ ៕/V-PC