ដោយ: សុខុម / ស្ទឹងត្រែងៈ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង កម្ពុជា និងថ្នាក់ដឹកនាំ ខេត្តចំប៉ាសាក់ ឡាវ បានជួបគ្នា និយាយអំពីការងារមួយចំនួន ទាក់ទងនឹង ព្រំដែន។
ការជួបគ្នានេះ បានធ្វើឡើង ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ រថយន្ត សម្រាប់ដឹកវ៉ាក់សាំង ចំនួន ១០ គ្រឿង ទៅឲ្យសាធារណរដ្ឋប្រជា មានិតឡាវ កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២២។
យោងតាមលិខិតលេខ ០៥៣ សអក.ប៉ស របស់ស្ថានអគ្គកុងស៊ុល នៃព្រះរាជា ណាចក្រកម្ពុជា ប្រចាំនៅទីក្រុងប៉ាកសេ ក្នុងការជួបពិភាក្សា លើបញ្ហាសំខាន់ៗ មួយចំនួន ដែលប្រឈម នៅតាមបន្ទាត់ព្រំដែន រវាងប្រទេសទាំង ២ នាពេល កន្លងមក។
ការជួបពិភាក្សា ថ្នាក់ដឹកនាំ របស់ភាគីទាំង២ បានកត់សម្គាល់ឃើញថា មាន ចំណុចមួយចំនួន ដែលភាគីខាងឡាវ បានស្នើឲ្យមានការចូលរួមសហការ រវាងមន្ទីរសាធារណការខេត្តទាំង២ និងសមត្ថកិច្ចប្រចាំច្រកព្រំដែន ក្នុងការជួស ជុលបង្គោលសុីម៉ង់ត៌ PN89 នៅបរិវេណ ច្រកព្រំដែន ត្រពាំងក្រៀល និង ណងណុកខៀន។
ពាក់ព័ន្ធការស្នើសុំពីភាគីឡាវ ខាងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានលើកឡើងថា កិច្ចការងារនេះ ថ្នាក់ខេត្ត មិនអាចមានសិទ្ធិសម្រេចទេ មានតែថ្នាក់ជាតិ ទើបអាចសម្រេចបាន។
ភាគីកម្ពុជា បញ្ជាក់ថា បង្គោលបេតុង PN89 នេះ គឺជាបង្គោលកំណត់ចិញ្ចើមផ្លូវ ពីដុងក្រឡ ទៅត្រពាំងក្រៀល ដែលភាគីទាំង២ បានសម្រេចបង្កើតគណៈ កម្មការបច្ចេកទេស អនុវត្តកិច្ចព្រមព្រៀង ចុះហត្ថលេខា រវាងក្រសួងសាធារណៈ និងដឹកជញ្ជូនកម្ពុជា និង ក្រសួងគមនាគមន៍ដឹកជញ្ជូន និងសំណង់របស់ឡាវ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០០៧ ក្នុងការសាងសង់ផ្លូវជាតិលេខ៧ របស់កម្ពុជា តភ្ជាប់ផ្លូវជាតិលេខ១៣ របស់ឡាវ ដោយបង្គោលបេតុងទាំងនេះ មិនមែនជា បង្គោលកំណត់ព្រំដែន រវាងប្រទេសទាំង២ឡើយ ។
កន្លងមកភាគីកម្ពុជា បានស្នើសុំដកបង្គោល កំណត់ចិញ្ចើមផ្លូវចេញវិញ ក្រោយ ពីសាងសង់ ផ្លូវជាតិរួច តែភាគីឡាវ មិនព្រមឲ្យដកទេ។ ដោយហេតុផលថា រង់ចាំបង្គោលព្រំដែន នៅចំណុច ដើមល្វា និងចំណុច០៣៣ រួចរាល់សិន។
ជំនួបរវាងភាគីទាំង ២ ក៏បានជម្រាបជូនពី ការអភិវឌ្ឍ ត្រួសត្រាយផ្លូវ តាមបណ្តោយព្រំដែន ណងណុកខៀន ដល់ច្រកដុងក្រឡ នៃស្រុកខូង ខេត្តចំប៉ាសាក់ ផងដែរ។
បន្ថែមពីនេះ ក៏មានការស្នើសុំឲ្យមានកិច្ចប្រជុំ ក្រុមការងារលេខាដ្ឋានខេត្ត ទាំង២ ដើម្បីពិភាក្សាឡើងវិញ អំពីអនុវត្តឯកសារ កំណត់ហេតុកិច្ចប្រជុំលើកទី១៣ សម្រាប់ត្រៀម កិច្ចប្រជុំថ្នាក់ដឹកនាំខេត្ត ទាំង២ ស្ដីពីកិច្ចសហប្រតិបត្តិការ លើកទី១៤ ដែលខេត្តស្ទឹងត្រែង នឹងធ្វើជាម្ចាស់ផ្ទះ៕/V-PC