ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ បុរសពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីម៉ូតូ បុកជាមួយម៉ូតូ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូ ម៉ែត្រលេខ ៣៧-៧៨ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង កាលពីវេលាម៉ោងជិត ៣ រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។
នគរបាលស្រុកសំរោងទង បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1G-1499 បើកបរដោយ ឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិក្រាំងពង្រ ឃុំវល្លិសរ ស្រុកសំរោងទង បើកបរពីទិសខាងកើត ទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកជាមួយម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1N-9627 ពេញទំហឹង បើកបរដោយ ឈ្មោះ យ៉ន សុខលីម ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ដែលកំពុងបើកបរឆ្លងផ្លូវ ពីទិសខាងជើង ទៅទិសខាងត្បូង បណ្តាលឲ្យស្លាប់ ទាំងពីរនាក់ នៅនឹងកន្លែងភ្លាមៗ។
ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញ បានវាស់វែង និងប្រគល់សពជន រងគ្រោះ ទាំងពីរឲ្យក្រុមគ្រួសារ រីឯវត្ថុងតាង ម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាល ឃុំត្រពាំងគង រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC