ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ការរស់នៅដ៏ល្អ របស់មនុស្សជាតិ មិនអាស្រ័យលើ ការរស់នៅ លើអាគារខ្ពស់ៗ អាគារល្អៗ នោះទេ គឺការរស់នៅដែលមាន បរិយាកាសល្អ និងបរិស្ថានល្អ។
នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាល រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងអង្គសិក្ខាសាលា ស្តីពីការសិក្សា ការផ្លាស់ប្តូរ ឆ្ពោះទៅទីក្រុងអេកូឡូស៊ី ឆ្នាំ២០២២ នៃការអនុវត្តគម្រោងលំនៅដ្ឋាន ដែលមានចីរភាព សម្រាប់ ប្រជាពលរដ្ឋ បង្កើនគុណភាព ការរស់នៅ នៃប្រជាជនក្នុងទីក្រុង Build4People ក្រោមវត្តមានលោក នួន ផារ័ត្ន និង លោក Christian Berger ឯកអគ្គរដ្ឋទូត សហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។
លោក នួន ផារ័ត្ន បានមានប្រសាសន៍ថា ឆ្លងតាមសិក្ខាសាលា ពាក់ព័ន្ធនឹង ទីក្រុងស្អាត អភិបាលក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ធ្លាប់បានប្រសាសន៍ហើយថា ការរស់នៅដ៏ល្អរបស់ មនុស្សជាតិ មិនអាស្រ័យទៅលើការរស់នៅ ក្នុងអគារដ៏ល្អ អាគារដ៏ខ្ពស់នោះទេ។ ការរស់នៅដែលល្អ គឺជាការរស់នៅ ក្នុងបរិយាកាសដ៏ល្អ មានបរិស្ថានល្អ ។
លោកបានជំរុញឲ្យការសិក្សា ពីគម្រោងនេះ ឲ្យបានលឿន ដើម្បីឲ្យរដ្ឋបាល រាជធានីភ្នំពេញ ពិចារណា ក្នុងការអនុម័ត ក្នុងពេលឆាប់។ ក្នុងអង្គសិក្ខា សាលានេះដែរ ក៏មានការចូលរួម ពីម្ចាស់បុរីមួយចំនួនផងដែរ ដែលលោកជំរុញ ឲ្យម្ចាស់បុរីទាំងអស់ ស្វែងយល់ពីទិសដៅ អ្វីដែលរាជធានីភ្នំពេញ ចង់បាន សំខាន់ធ្វើយ៉ាងណា កុំឲ្យដើរឆ្ងាយពីប្លង់គោល របស់រដ្ឋបាល រាជធានីភ្នំពេញ។
លោក Christian Berger បានមានប្រសាសន៍ថាៈ ការអភិវឌ្ឍក្រុង ជារឿងសំខាន់ ដែលយើងត្រូវរួមគ្នា ដើម្បីធ្វើដូចជាទីក្រុងវៃឆ្លាតជាដើម ។ ការសិក្សាស្រាវ ជ្រាវនេះ គឺដើម្បីឱ្យ ភ្នំពេញ កាន់តែមានការអភិវឌ្ឍ។ គម្រោងនេះ មិនអាចទៅរួចនោះទេ បើមិនមានការគាំទ្រ ពីរដ្ឋបាលរាជធានីភ្នំពេញ។
គម្រោងនេះ មានគោលបំណងកសាង សម្រួលទំនាក់ទំនងថ្មីៗ ប្រកបដោយ អត្ថន័យ រវាងផ្នែកឥរិយាបថ និងបរិស្ថាន ព្រមទាំងទំនាក់ទំនង រវាងបច្ចេកវិទ្យា និងគោលនយោបាយ។ គោលបំណងនៃ គម្រោងនេះ គឺដើម្បីផ្លាស់ប្តូរបន្តិចម្តងៗ ពីវប្បធម៌ធ្វើផែនការ ដែលមានការចូលរួម តែពីអ្នកបច្ចេកទេស ពីលើមកក្រោម ទៅជាដំណើរការ និងវប្បធម៌ ពិគ្រោះយោបល់ ជាមួយនឹងប្រជាពលរដ្ឋ។ តាមរយៈការធ្វើបែបនេះ គេអាចកសាង នៅមូលដ្ឋាន សម្រាប់ការអភិវឌ្ឍទីក្រុង បែបចម្រុះ។ គោលបំណងជារួម គឺដើម្បីលើកកម្ពស់ ជីវិត នៅក្នុងទីក្រុង តាមរយៈការសាងសង់អាគារ ប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ ក៏មានការផ្តោត ការយកចិត្តទុកដាក់ លើការពង្រឹង ភាពធន់ទៅនឹងផលវិបាក បណ្តាលមកពីការប្រែប្រួល អាកាសធាតុផងដែរ។ ដូច្នេះ ការផ្ទេរជាបន្តបន្ទាប់ នូវចំណេះដឹងពីអ្នកជំនាញអន្តរជាតិ ក្នុងវិស័យវិទ្យាសាស្ត្រ នយោបាយ និងពលរដ្ឋ ក្នុងទីក្រុង និងវិស័យឯកជន ត្រូវបានចាត់ទុកថា មានសារសំខាន់ និងចាំបាច់ ដើម្បីឱ្យទីក្រុង មានការអភិវឌ្ឍ ដោយចីរភាព។ គម្រោង Build4People ផ្តោតលើការរិះរកដំណោះស្រាយ សម្រាប់ការអភិវឌ្ឍទីក្រុង ដែលមានលក្ខណៈបរិយាបន្ន និងយកចិត្តទុកដាក់ ចំពោះពលរដ្ឋ៕/V-PC