ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អ្នកបើករថយន្ត ទំនងជាស្រវឹង បើកល្បឿន លឿន បុកម៉ូតូមួយគ្រឿង បង្កឱ្យស្លាប់ពីរនាក់ នៅនឹងកន្លែង នៅវេលាម៉ោង ១និង៣០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ ទល់មុខនឹងក្រុមហុ៑នម៉ូតូហុងដា ក្នុងសង្កាត់បាលិលេយ្យ១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលចរាចណ៍ផ្លូវគោក នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានឲ្យដឹងថាៈ មុនកើតហេតុ នោះ មានរថយន្តបង្ក ស៊េរីទំនើប ម៉ាក Lexus Rx330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU1911 បានបើកពីទិសខាងកើត មកខាងលិច ក្នុងល្បឿនលឿន ។ ទំនងជាស្រវឹងខ្លាំង អ្នកបើករថយន្ត បានបើកក្នុងល្បឿន លឿន លុះមកដល់ចំណុចកើតហេតុនេះ ស្រាប់តែបើកទៅ បុកពីក្រោយ ម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿង បើកដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ បណ្តាលឲ្យស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗ រថយន្តក៏ជ្រុលទៅបុករថយន្ត ស៊េរីទំនើប មួយគ្រឿងទៀត ម៉ាកហ្វត (Ford) ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្ដាលឱ្យរងការ ខូចខាត ផ្នែកខាងក្រោយយ៉ាងដំណំ។
ក្នុងចំណោមជនរងគ្រោះ ពីរនាក់នោះ មានម្នាក់ ជាក្មួយប្រុសរបស់ លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន មេបញ្ជាការទិសទី១ យោធភូមិភាគទី៥ បន្ទាយមានជ័យ និងជាម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនណាគ្រី រៀនអ៊ីស្ទេត ប៉ោយប៉ែត ។
មន្ត្រីនគរបាលចរាចណ៍ បានប្រាប់ឲ្យដឹងបន្តទៀតថាៈ ក្រោយពីកើតហេតុហើយ រថយន្តបង្កត្រូវបានសមត្ថកិច្ច ជំនាញចរាចរណ៍ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានវាស់វែង រួចស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង។ រីឯសពជនរងគ្រោះ ទាំងពីរនាក់ ត្រូវសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីហើយ៕/V-PC