ដោយៈ​សុផល​/​ភ្នំពេញៈ​ វិទ្យាស្ថាន​តេ​ជោ​សែន​និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​១៤​ខែមីនា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ទ្រឹស្ដី Six Sigma ជូន​សិក្ខាកាម​ដែលជា​ថ្នាក់ដឹកនាំ​ក្រសួង ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​និង​បង្កើន​សមត្ថភាព​លើ​ការងារ ដឹកនាំ និង​គ្រប់គ្រង​អង្គភាព​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​សិក្ខាកាម​ចូលរួម​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ចាប់ពី​ប្រធាន​នាយកដ្ឋាន​រហូតដល់​ថ្នាក់​រដ្ឋលេខាធិការ​សរុប​ចំនួន​១៧០​រូប ក្នុងនោះ​រួមមាន​៖ រដ្ឋលេខាធិការ​ចំនួន​២៧​រូប អនុរដ្ឋលេខាធិការ​ចំនួន​២៦​រូប អគ្គនាយក ចំនួន​១០​រូប អគ្គនាយករង​ចំនួន ៣៩ រូប ប្រធាន​នាយកដ្ឋាន​ចំនួន ៤៣​រូប និង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ចំនួន​២៥​នាក់​។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀ​មាន​គោល បំណង​ពង្រឹង​ប្រសិទ្ធភាព​លើ​ការងារ​ដឹកនាំ​គ្រប់គ្រង​ស្ថាប័ន​/​អង្គភាព បង្កើន​សមត្ថភាព​លើ​ការងារ​ដឹកនាំ​និង​គ្រប់គ្រង​ស្ថាប័ន​បង្កើន​ប្រាក់ចំណូល​និង​ប្រាក់ចំណេញ​កាត់បន្ថយ​ពេលវេលា​និង​កាត់បន្ថយ​ការចំណាយ​និង​បង្កើន​ជំនាញ​ដោះស្រាយ​បញ្ហា​របស់​មន្ត្រី​នៅតាម​អង្គភាព​នីមួយៗ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​នាយក​វិទ្យាស្ថាន លោក ហឿន សំនៀង បាន​មានប្រសាសន៍ថា​លទ្ធផល​រំពឹងទុក​ក្រោយពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល នេះ​គឺ​៖ សិក្ខាកាម​នឹង​យល់ដឹង​ពី​របៀប​នៃ​ការបំពេញ​ការងារ​តាមរបៀប​ទស្សនវិជ្ជា​Six Sigma​មានការ​ផ្លាស់ប្តូរ​ផ្នត់គំនិត និង​ឥរិយាបទ​ក្នុងការ​បំពេញការងារ ឱ្យបាន​ល្អប្រសើរ​រកឃើញ​ឬ​សគល់​នៃ​បញ្ហា​ចំណុច​ខ្វះខាត​និង​នីតិវិធី​ការងារ ដែល​មិនសូវមាន គុណភាព​និង​ចំណាយ​ពេលវេលា និង​ធនធាន​ច្រើន​ដែល​មិនចាំបាច់ ហើយ​មិន​បំពេញចិត្ត​សេចក្តី ត្រូវការ​របស់​អតិថិជន​ដែល​មក​ទទួល​សេវា បង្កើត​នីតិវិធី​របៀបរបប​ការងារ និង​មានលទ្ធភាព​កែលម្អ ចំណុច​ខ្វះខាត អនុវត្ដ​ការងារ​ឱ្យ​កាន់តែ​ប្រសើរ និង​កាត់បន្ថយ​វដ្ត​នៃ​នីតិវិធី​ការងារ​ជាដើម​។​

​ថ្លែង​ក្នុង​កម្មវិធី​បើក​វគ្គ​បណ្តុះបណ្តាល​នាឱកាស​នោះ លោក​រដ្ឋលេខាធិការ រស់ វណ្ណា​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការ គាំទ្រ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​ថ្នាក់ដឹកនាំ ជាពិសេស​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំងអស់​នៅក្នុង​អង្គភាព​/​ស្ថាប័ន រាប់​ចាប់តាំងពី​មន្ត្រី​ថ្នាក់ក្រោម​បំផុត​រហូត​ទៅដល់​ថ្នាក់ដឹកនាំ​អង្គភាព​/ ស្ថាប័ន​នោះ ដើម្បី​អនុវត្ត​ទ្រឹស្តី​ទស្សនវិជ្ជា​Six Sigma​នេះ​បាន​ជោគជ័យ ក៏ដូចជា​ដើម្បី​បញ្ជ្រៀប​ទ្រឹស្តី​នេះ ឱ្យ​ក្លាយជា​វប្បធម៌​មួយ​របស់​អង្គភាព​/​ស្ថាប័ន​នោះ​។​

​ជាមួយគ្នា​នោះ​ផងដែរ​លោក​រដ្ឋលេខាធិកា​រ​បាន​សំណូមពរ​ឱ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ប្រកបដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់​ដើម្បី​ក្រេបជញ្ជក់​យកចំណេះ​ដឹង​និង​បទពិសោធន៍​ពី​កម្មវិធី​នេះ​យកទៅអនុវត្ត​នៅក្នុង​អង្គភាព​របស់ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​និង​បានបញ្ជាក់​បន្ថែមថា​ឯកឧត្តម​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​បទ​បង្ហាញ​ពន្យល់​ឱ្យបាន​ក្បោះក្បាយ​អំពី​ទ្រឹស្តី​សំខាន់ៗ​ជូន​ដល់​សិក្ខាកាម​ទាំងអស់ ដើម្បីឱ្យ វគ្គ​បណ្តុះបណ្តាល​នេះ​អាច​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក​។

​សូម​ជម្រាបជូន​ថា​៖ វគ្គ​បណ្ដុះបណ្ដាល​នេះ បែង​ចែកជា ៣ វគ្គ សម្រាប់​ក្រុម​គោលដៅ​ផ្សេងៗ​គ្នា​ក្នុងនោះ​៖ វគ្គ​ទី​១ រៀបចំ​សម្រាប់​ថ្នាក់ដឹកនាំ​ចាប់ពី​ប្រធាន​មន្ទីរ ប្រធាន​នាយកដ្ឋាន​ដល់​រដ្ឋលេខាធិការ វគ្គ​ទី​២ រៀបចំ សម្រាប់​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំង​២៥ រាជធានី​-​ខេត្ត និង​វគ្គ​ទី​៣​រៀបចំ​សម្រាប់ ថ្នាក់​អនុប្រធាននាយកដ្ឋាន​៕​សរន​-PC