ដោយៈមុនីរ័ត្ន/ភ្នំពេញ:សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រចទទួលសមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដោយបានអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទក្នុងការគាំទ្រ :១. ជ្រើសតាំងបន្ថែមសមាជិកក្រុមប្រឹក្សាជាតិ។ ២. ធ្វើវិសោធនកម្មលក្ខន្តិក: គោលនយោបាយគណបក្ស និងទី៣. ជ្រើសតាំងសហជីវិន ព្រំ ស៊ូ ជាប្រធានកិត្តិយស ស្របតាមលក្ខខណ្ឌកំណត់ក្នុងលក្ខន្តិក:គណបក្សតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ទន្ទឹមនេះ គណបក្សខ្មែររួបរួមជាតិ ត្រូវបញ្ជូននូវជីវប្រវត្តិសង្ខេបរបស់សមាជិកក្រុមប្រឹក្សាជាតិថ្មីជូនក្រសួងមហាផ្ទៃជាកំណត់។ នេះបេីយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ហើយដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។
គួររម្លឹកថា គណបក្សខ្មែររួបរួមជាតិ បានធ្វើសមាជវិសាមញ្ញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។ ជាលទ្ធផល អង្គសមាជបោះឆ្នោតគាំទ្រ ជាឯកច្ឆន្ទ លើបញ្ជី ឈ្មោះ សមាជិក ក្រុមប្រឹក្សា ជាតិ អាណត្តិ ទី ២ សរុប ចំនួន ១២០៦ នាក់ ។ អនុម័ត ជាឯកច្ឆន្ទ ការ កែសម្រួល គោលនយោបាយ អាទិភាព គោលនយោបាយ មូលដ្ឋាន របស់ គណបក្ស ខ្មែរ រួបរួម ជាតិ និង វិសោធនកម្ម លក្ខន្តិកៈ ចំនួន ១១ ប្រការ ។ បោះឆ្នោត គាំទ្រ ជា ឯកច្ឆន្ទ ជ្រើសតាំង សហជីវិន ព្រំ ស៊ូ ជា ប្រធានកិត្តិយស ។
ដោយឡែកនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការនាយក អង្គសមាជបានសម្រេច បោះឆ្នោតជ្រើសតាំង ៖ ទី ១, ប្រធាន ក្រុមប្រឹក្សាវិន័យសហជីវិន អ៊ុំ សុមន្ថា ទី ២, អគ្គាធិការសហជីវិន ភិន ផុន ទី ៣, អគ្គហិរញ្ញឹកសហជីវិន នូ សុណ្ណារ៉ា ទី ៤, ស្នងការគណនី សហជីវិន អ៊ុន សុគន្ធ ទី ៥, អគ្គលេខាធិការរង សហជីវិន ទិប ទាវ ទី ៦, អគ្គលេខាធិការរង សហជីវិនី វ៉ាន់ ឆុំ ទី ៧, ប្រធានចលនាយុវជន សហជីវិន ធិ ងិ ទី ៨, ប្រធានចលនាស្ត្រី សហជីវិន ប៉ាន ពេជ្រ ចិន្តា និង ទី ៩, អ្នកនាំពាក្យសហជីវិន រុន មាត្រា ៕សរន