​ដោយ:សៀង កញ្ញា អ្នកស្ម័គ្រចិត្ត​កម្ពុជា​ខេត្តតាកែវ​/ភ្នំពេញៈនៅ​ថ្ងៃ​សុក្រ ៩​កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​ចំនួន​៥​នាក់ បាន​ចុះទៅ​សាលាឃុំ​លាយ​បូរ ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ដើម្បី​ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។ គោលបំណង​នៃ​ការចុះទៅ​ជួប​អាជ្ញាធរ​នេះ ដើម្បី​ជម្រាបជូន​នូវ​ព័ត៌មាន និង​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​សហការ​ក្នុងការ​ផ្សព្វផ្សាយ​គម្រោង​ស្តីអំពី «​ការលើកកម្ពស់​សិទ្ធិ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​»​។

ក្រុមការងារមជ្ឈមណ្ឌល​ឯកសារខេត្តតាកែវនិងអាជ្ញាធរឃុំលាយបូរ ថតរូបជុំគ្នា។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ ក៏បាន​ស្នើសុំ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​ប្រកាស​ស្វែងរក​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ជំនា​ន់ទី​៤​ចំនួន​២០​នាក់ ដើម្បី​ធ្វើ​ការចុះ​ជួប និង​ស្តាប់​សាច់រឿង​របស់​អ្នក​រស់រានមានជីវិត​កាល​ពី​របប​ខ្មែរក្រហម​ក្នុងភូមិ​ឃុំ​ដែល​អ្នកស្ម័គ្រចិត្ត​កំពុង​រស់នៅ និង​ធ្វើការ​ផ្តល់ព័ត៌មាន​ស្តីអំពី​ការ​ទៅពិនិត្យ​សុខភាព និង​ជូន​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ទៅពិនិត្យ​សុខភាព​។

​មូលហេតុ​ដែល​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ សម្រេចចិត្ត​ជ្រើស​យក​ឃុំ​លាយ​បូរ​ជាទី​កន្លែង​សម្រាប់​អ្នកស្ម័គ្រចិត្ត​ចុះទៅ​ធ្វើការ​គឺ​ដោយសារ​ឃុំ​នេះ​មាន​ទីតាំងនៅ​ជិត​ទី​រួម​ខេត្តតាកែវ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នករ​ស់​រាន​មានជីវិត​ពី​របប​ខ្មែរក្រហម ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​រក្សាសុខ​តាកែវ​។
​កម្មវិធី​នៃ​អង្គប្រជុំ មាន​ដូចខាងក្រោម​៖
-​នៅវេលា​ម៉ោង​៨ ដល់ ៨:៣០​នាទី​ព្រឹក មានការ​ជួបជុំ និង​ការស្វាគមន៍​ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​ពី​អាជ្ញាធរ​នៅក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។
-​នៅវេលា​ម៉ោង ៨:៣០ ដល់ ៩:១០​នាទី​ព្រឹក ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​បាន​ចែក​ឯកសារ​ទាក់ទង​នឹង​គម្រោង​ទៅដល់​អ្នក​ដែល​បាន​ចូលរួម​ប្រជុំ និង​ធ្វើ​បទ​បង្ហាញ​អំពី​គម្រោង «​ការលើកកម្ពស់​សិទ្ធិ និង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​»​។

អាជ្ញាធរឃុំលាយបូរទទួលប្រអប់អនុស្សាវរីយ៍ពីក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

​គម្រោង​សុខភាព​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​គឺ ទី​១) ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​របស់​អ្ន​រស់រានមាន ជីវិត​ពី​របប​ខ្មែរក្រហម ទៅតាម​គោលដៅ​ដែល​បានកំណត់ ទី​២) លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព​សាធារណៈ និង​ការទទួលបាន​សេវាកម្ម​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង ទី​៣) ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​សុខភាព​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ជាពិសេស​នៅតាម​សហគមន៍​ដាច់ស្រយាល​សម្រាប់​ផ្តល់​ជា​ព័ត៌មាន ក្នុងការ​រៀបចំ​ជំនួយ​អភិវឌ្ឍន៍​នាពេល​អនាគត​ដល់​ប្រជាជន​និង​សហគមន៍​ទាំងនេះ​។ តាមរយៈ​គោលបំណង​នៃ​គម្រោង​សុខភាព​ខាងលើ​នឹង​ផ្តល់ឱកាស​ដល់​អ្នក​រស់​រាន​មានជីវិត​ពីរ​បប​ខ្មែរក្រហម នៅក្នុង​ខេត្តតាកែវ និង​ខេត្ត​ផ្សេងទៀត​ទូទាំងប្រទេស​កម្ពុជា​បាន​ទៅពិនិត្យ​សុខភាព​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន ដែលជា​ដៃគូ​ចុះកិច្ចសន្យា​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។

-​នៅវេលា​ម៉ោង​៩:១០ ដល់ ៩:៤០​នាទី ក្រុមការងារ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ លើកឡើង​អំពី​ការជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ជំនា​ន់ទី​៤​នៅក្នុង​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។
-​នៅវេលា​ម៉ោង​៩:៤០ ដល់ ១០:០០​នាទី មជ្ឈមណ្ឌល​ឯកសារ​ខេត្តតាកែវ​បាន​ចែក​ប្រអប់​អនុសាវរីយ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ដែល​បាន​ចូលរួម​ប្រជុំ និង​បាន​ថតរូប​ជុំគ្នា​។

​ក្រោយពី​បញ្ចប់​ការប្រជុំ មេឃុំ ជំទប់​ទី​១ ជំទប់​ទី​២ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការ​រដ្ឋបាល​ឃុំ និង​មេភូមិ​ទាំង​២៥​រូប​ក្នុង​ឃុំ​លាយ​បូរ បាន​សម្តែង​ការពេញចិត្ត​គម្រោង​សុខភាព​សម្រាប់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ព្រោះ​បច្ចុប្បន្ន​នៅក្នុង​ឃុំ​លាយ​បូរ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ជាច្រើន​កំពុង​ប្រឈម​បញ្ហា​សុខភាព និង​គ្មាន​លទ្ធភាព​ទៅពិនិត្យ​សុខភាព​៕សរន

លោក លី កុកឆាយ នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ ធ្វើបទបង្ហាញទាក់ទងនឹងសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យទៅកាន់អាជ្ញាធរឃុំលាយបូរ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

ក្រុមការងារមជ្ឈមណ្ឌលឯកសារខេត្តតាកែវកំពុងបង្ហាញសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យទៅកាន់អាជ្ញាធរឃុំលាយបូរ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក លី កុកឆាយ នាយកមជ្ឈមណ្ឌលឯកសារខេត្តតាកែវ សម្ភាសន៍អាជ្ញាធរឃុំលាយបូរ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)