​​ដោយៈ​សុផល​/​ភ្នំពេញ​:​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២​នេះ បានឱ្យដឹងថា នា​ថ្ងៃ​ចុង​សប្ដាហ៍​ថ្ងៃទី​១២-១៣​ខែមីនា​ឆ្នាំ​២០២២​នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​សរុប​មាន​ចំនួន ២៥៣,៨៧៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២៤២,១៨៨​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​១១,៦៨៨​នាក់​។​

(រូបថតឯកសារ)

​ប្រភព​ដដែល​បន្តថា គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្ត​ព្រះសីហនុ ៣៧,១១០​នាក់ ខេត្តពោធិ៍សាត់ ២៨,៧២៤​នាក់ រាជធានី​ភ្នំពេញ ២៨,៤១៩​នាក់ ខេត្តសៀមរាប ២៧,៥៤៣​នាក់ ខេត្តបាត់ដំបង ២៣,៩៩០​នាក់​
​ខេត្តកំពត ២៦,១៣៦​នាក់ ខេត្តកំពង់ស្ពឺ ១២,៥០៩​នាក់​និង ខេត្ត​កែប ១១,៤៤៣​នាក់​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា ចរន្ត​ភ្ញៀវទេសចរ​នា​ចុង​សប្តាហ៍​កន្លងមក បន្ត​មាន​សន្ទុះ​វិជ្ជមាន​គួរកត់សម្គាល់​។ ជាក់ស្តែង តួលេខ​ខាងលើ​បន្ត​កើនឡើង​ប្រមាណ​២៧.៣០​ភាគរយ ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​ដែលជា​អត្រាកំណើន មួយ​ខ្ពស់ និង​កើនឡើង​រហ័ស​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ចំនួន​ភ្ញៀវទេសចរ​ប្រមាណ​២៥​ម៉ឺន​នាក់​ក្នុង​សប្តាហ៍​នេះ​គឺ​ចាប់ផ្តើម​មាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ស្ថានភាព​ធម្មតា​មុនពេល​ការ​កម្រើក​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ​អូ​មី​ក្រុង​នា​ដើមខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ​។​

​បើតាម​លោក ថោង ខុន ចំនួន​និង​អត្រាកំណើន​ខាងលើ បាន​ស្តែង​ឲ្យ​ឃើញថា ការគ្រប់គ្រង​ជំងឺ​កូ​វីដ​កូ​វីដ​-១៩​បានល្អ ពិសេស​ការថយចុះ​នៃ​អត្រា​ឆ្លង​ប្រចាំថ្ងៃ បាន​បង្កើត​ទំនុកចិត្ត (Trust and Confidence)​និង​បាន​ជំរុញ​ឲ្យ​មាន​ចរន្ត​ភ្ញៀវ ដើរ​កម្សាន្ត ខណៈដែល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នាពេលខាងមុខ គឺជា​ឱកាស​ដើរ​កម្សាន្ត​ដ៏​ធំ​សម្រាប់​ភ្ញៀវទេសចរ និង​ចរន្ត​សេដ្ឋកិច្ច​សម្រាប់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​វិស័យ​ឯកជន​៕​សរន​